តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់ចុះ​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ដោយ​ប្រែប្រួល​ក្នុង​ចន្លោះ​តម្លៃ​ពី ៥៩,៦០ ទៅ ៦១ ដុល្លារ ​ក្នុង ១ បារ៉ែល ខណៈ​ពេល​ដែល​ប្រទេស​សេដ្ឋកិច្ច​សំខាន់​មួយ​ចំនួន​នៅ​អឺរ៉ុប​ត្រូវ​បាន​បន្ដ​បិទ​ប្រទេស​របស់​ខ្លួន ដើម្បី​គ្រប់គ្រង​ស្ថានភាព​នៃ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ ១៩ រលក​ទី៣ ហើយ​ការ​អនុវត្ដ​នេះ បាន​និង​កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​ពួក​គេ។

យោង​តាម​អត្ថបទ​ចេញ​ផ្សាយ​ដោយ OilPrice.com កាល​ពី​ថ្ងៃទី ២៣ ខែ​មីនា ការ​បិទ​ប្រទេស​នៅ​អឺរ៉ុប​បាន​ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រមូល​ផលិតផល និង​តម្រូវការ​ប្រេង សម្រាប់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។ ការ​កើន​ឡើង​នូវ​ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​លើ​ពិភព​លោក និង​ផល​ប៉ះពាល់​នៃ​រលក​ទី៣ នៅ​ក្នុង​តំបន់​អឺរ៉ុប​បាន​កាត់បន្ថយ​ឱកាស​នៃ​ការស្តារ​សេដ្ឋកិច្ច​ឱ្យបាន​ឆាប់​រហ័ស និង​មាន​ការ​ប្រើប្រាស់​ថាមពល​កម្រិត​ទាប​នៅ​ក្នុង​តំបន់។

ជាក់​ស្ដែង ប្រទេស​អាល្លឺម៉ង់ ​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​អឺរ៉ុប កំពុង​បន្ដ​បិទ​ប្រទេស​របស់​ខ្លួន​រហូត​ដល់​ថ្ងៃទី ១៨ ខែ​មេសា។ ដូច​គ្នា​ដែរ រដ្ឋាភិបាល​បារាំង​ក៏​បាន​ពង្រឹង​ការ​អនុវត្ត​វិធានការ​តឹងរ៉ឹង​ជាង​មុន ​ដើម្បី​ឱ្យ​ផលប៉ះពាល់​កើត​មាន​ទាប​បំផុត។ ប៉ុន្ដែ​វិធាន​ការបិទ​ប្រទេស​នេះ នឹង​ធ្វើឱ្យ​តម្រូវការ​ប្រេង​ធ្លាក់ចុះ​នៅ​អឺរ៉ុប និង​អាច​ជា​ក្តី​កង្វល់​ដល់​ទីផ្សារ​សម្រាប់​រយៈពេល​វែង។

នៅ​ថ្ងៃទី ១ ខែ​មេសា កិច្ច​ប្រជុំ OPEC-JMMC បាន​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ទីផ្សារ​ថាមពល ជាពិសេស​បរិមាណ​ប្រេង​ដែល​ពួក​គេ​​នឹង​ផលិត ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា ​អង្គការ OPEC នឹង​គ្រប់គ្រង​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ឱ្យ​បាន​ល្អ។ ប៉ុន្ដែ ការ​ប្ដេជ្ញា​នេះ​បាន​ត្រឹមតែ​ធ្វើ​ឱ្យ​ពាណិជ្ជករ​ប្រេង​ឈរ​នៅ​ម្ខាង​សិន និង​ឃ្លាំ​ចាំមើល​សញ្ញា​ដែល​អាច​ផ្តល់​ជា​តម្រុយ​ដល់​យុទ្ធសាស្ត្រ​របស់​អង្គការ OPEC នៅ​ពេល​ដែល​ក្រុម​នេះ​ព្យាយាម​រក្សា​ទីផ្សារ​ឱ្យ​មាន​តុល្យភាព និង​តម្លៃ​នៅ​កម្រិត​ល្អ​បំផុត។

សម្រាប់​ផ្នែក​បច្ចេកទេស​វិញ តម្លៃ​ប្រេង​បាន​ប្រែប្រួល​ក្នុង​ចន្លោះ ៥៧,៣០ ទៅ ៦២ ដុល្លារ ​ក្នុង ១ បារ៉ែល ក្នុង​ខែ​នេះ។ ជាមួយ​នឹង​តម្លៃ​ជា​មធ្យម​ប្រចាំថ្ងៃ​ប្រហែល ៣,២០ ដុល្លារ អ្នក​ជួញដូរ​គួរ​លក់​ប្រេង​នៅ​តម្លៃ ៦២ ដុល្លារ ដោយ​កំណត់​មុខងារ​យក​ប្រាក់​ចំណេញ​នៅ​តម្លៃ ៦០,៨០ ដុល្លារ និង​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ៦២,៨០ ដុល្លារ​ ក្នុង ១ បារ៉ែល៕