ភ្នំពេញៈ ផលនេសាទ​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២០ នេះ​ត្រូវ​រំពឹងថា នឹង​មាន​ចំនួន​ជាង ៩៣ ​ម៉ឺន​តោន កើន​ប្រមាណ ៣ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ក្នុងនោះ​ផល​ពី​វារីវប្បកម្ម​មាន​កំណើន​ជាង ៣០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២០ នេះ​ការប្រមូលផល​នេសាទ​សរុប​នឹង​បាន​ចំនួន ៩៣៦ ៣០០ ​តោន កើនឡើង ៣,០៦ ​ភាគរយ ពី​ចំនួន ៩០៨ ៥០៨ ​តោន​ក្នុង​ឆ្នាំ​ ២០១៩​។ សម្រាប់​ឆ្នាំនេះ​ផល​វារីវប្បកម្ម​មាន​ចំនួន ៤០០ ៤០០ ​តោន កើន ៣០,២៥ ​ភាគរយ ពី​ចំនួន ៣០៧ ៤០៨ ​តោន កាលពី​ឆ្នាំ​ ២០១៩ ចំណែក​ផលនេសាទ​សមុទ្រ​មាន​ចំនួន ១២២ ៧០០ ​តោន កើនឡើង ០,៣៧ ​ភាគរយ​ពី​ចំនួន ១២២ ២៥០ ​តោន និង​ផលនេសាទ​ទឹកសាប​ (​ផលនេសាទ​ដាយត្រី ផលនេសាទ​ក្នុង​ដែន​នេសាទ និង​ផលនេសាទ​តាម​វាលស្រែ​) មាន​ចំនួន​សរុប ៤១៣២០០ ​តោន ធ្លាក់ចុះ ១៣,៧១ ​ភាគរយ​ពី​ចំនួន ៤៧៨ ៨៥០ ​តោន​។

ក្នុងពេល​ចុះទៅពិនិត្យ​សកម្មភាព​នៃ​ការទិញ​ត្រី​ធ្វើ​ផ្អក ប្រហុក ត្រីងៀត និង​ត្រីឆ្អើរ​នៅក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល​កាលពី​ថ្ងៃ​អង្គារ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​និយាយថា ផលនេសាទ​សរុប​ក្នុង​ឆ្នាំ​ ២០២០ នេះ​នឹងមាន​កំណើន​តិចតួច​ធៀប​នឹង​ឆ្នាំមុន ដោយ​ក្នុងនោះ​ផល​ពី​ការចិញ្ចឹម​លក្ខណៈ​វារីវប្បកម្ម កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក ដោយ​មាន​កំណើន​រហូត​ដល់​ជាង ៣០ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​តួលេខ​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា អនុវិស័យ​វារីវប្បកម្ម​បាននិង​កំពុង​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ជំនួស​ឱ្យ​ផលនេសាទ​ដាយ​ត្រី និង​ផលនេសាទ​ក្នុង​ដែន​នេសាទ ស្រប​តាម​បំណងប្រាថ្នា​របស់​សម្តេចតេជោ គឺ​ត្រូវ​ជំរុញ​ផលិតកម្ម​ស្បៀង​តាមរយ:​ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​»​។

លោក​លើកឡើង​ទៀតថា សម្រាប់​ផលនេសាទ​ទឹកសាប​ឆ្នាំនេះ គឺ​អាច​មាន​កម្រិត​ទាប​ជាង​ឆ្នាំមុន​ប្រមាណ ១៣ ​ភាគរយ​ដែល​ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ស្ថិត​ក្នុង​កម្រិត​ទាប ហើយ​តាម​លក្ខណៈ​បច្ចេកទេស រួមទាំង​វិសាលភាព​នៃ​ទឹកជំនន់​ក្នុង​បឹង​ទន្លេសាប ការប្រែប្រួល​អាកាសធាតុ រដ្ឋបាល​ជលផល​ព្យាករ​ថា ផលនេសាទ​ទឹកសាប​ឆ្នាំនេះ​អាច​ទាប​ជាង​ឆ្នាំ​ ២០១៩​។

លោក ផន រ៉ានី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី ស៊ី អេ អិន ដែលមាន​ផ្ទៃដី​ប្រហែល ២ ​ហិកតា​ ក្នុង​ស្រុក​មេសាង ខេត្តព្រៃវែង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៣ ខែធ្នូ ថា ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា​បាន​ស្ទុះ​ឡើង​យ៉ាងគំហុក​ក្នុង​ឆ្នាំ​ ២០២០ នេះ​។ ជាក់ស្តែង​កសិដ្ឋាន​របស់លោក​បានទទួល​ការបញ្ជាទិញ​កូន​ត្រី​ជា​បន្តបន្ទាប់ ដែល​ជំរុញ​ឱ្យ​លោក​គ្រោង​ពង្រីក​ផ្ទៃដី​ចិញ្ចឹម​កូនត្រី​បន្ថែមទៀត​នៅ​ឆ្នាំក្រោយ​។

លោក​បន្តថា កំណើន​ការចិញ្ចឹម​នៅពេលនេះ គឺ​កើតឡើង​ចំពេល​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ខណៈ​រដ្ឋាភិបាល​ក៏​កំពុង​លើក​ទឹកចិត្ត​ឱ្យមាន​ការចិញ្ចឹម​ត្រី​ក្នុងស្រុក​ដើម្បី​ធានា​បាន​សុវត្ថិភាព​ស្បៀងអាហារ​ផងដែរ​។

លោក​បន្ថែមថា​៖ «​ឆ្នាំនេះ​ការចិញ្ចឹម​ត្រី​កើន​ច្រើន ប៉ុន្តែ​សម្រាប់​តម្លៃ​កូនត្រី​ពូជ​វិញ​មិនបាន​កើនឡើង​ទេ​។ ជាមួយ​ស្ថានភាព​ដូចនេះ ខ្ញុំ​គិតថា ការចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ​នឹង​កើន​កាន់តែ​ច្រើន​នៅ​ឆ្នាំក្រោយ ដែល​វា​នឹង​ចូលរួម​ចំណែក​លើកកម្ពស់​ជីវភាព​ប្រជាជន និង​កាត់បន្ថយ​ការនាំចូល​ផងដែរ​» ។

លោក​ប្រាប់ថា កំណើន​ការចិញ្ចឹម​ត្រី​ពេលនេះ​ក៏​ដោយសារ​ការចិញ្ចឹម​ត្រី​នាពេល​បច្ចុប្បន្ន​គឺ​គេ​មិនចាំបាច់​ត្រូវ​ជីក​ស្រះ​ដូច​មុន​ទៀត​ទេ ដោយ​គេ​អាច​ចិញ្ចឹម​វា​ក្នុង​តង់ (Biofloc) ​បាន​។

យោងតាម​លោក រ៉ានី បើទោះបី​ជា​បច្ចុប្បន្ន​មាន​កសិដ្ឋាន​ចិញ្ចឹម​ត្រី និង​កន្លែង​លក់​កូន​ត្រី​ច្រើន​កន្លែង​ក៏ដោយ ក៏​សកម្មភាព​នាំចូល​កូន​ត្រី​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា គឺ​នៅតែ​មាន​ចំនួន​ច្រើន​តោន​ផងដែរ​ជា​រៀងរាល់ថ្ងៃ​។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​មួយកន្លែង​ស្ថិត​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ លោក សុង សីហា បាន​និយាយ​ថា និន្នាការ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​កំពុង​កើនឡើង ហេតុដូច្នេះ​ទើប​លោក​គ្រោង​ពង្រីក​កន្លែង​ចិញ្ចឹម​ឱ្យ​ធំ​ទៀត​នៅ​រដូវវស្សា​ឆ្នាំក្រោយ​។

លោក​បន្តថា មុន​ឆ្នាំ​ ២០២០ ក្នុង​ ១ ​ឆ្នាំ​ លោក​អាច​លក់​កូន​ត្រី​បាន​ជា​មធ្យម ៥ ​តោន ខណៈ​ក្នុង​ឆ្នាំ​ ២០២០ នេះ​ជា​មធ្យម​កន្លែង​លោក​លក់បាន​ចន្លោះ​ពី ១៥ ​ទៅ​ ២០ ​តោន​។ លោក​បន្តថា​៖ «​ផលត្រី​ចិញ្ចឹម​នឹង​កើន​ខ្ពស់​ចាប់ពី​ពេល​នេះ​តទៅ ព្រោះ​បច្ចេកទេស​ចិញ្ចឹម​ត្រី វា​មិនមាន​ភាពស្មុគស្មាញ​ទេ​»​។

លោក​ប្រាប់ទៀត​ថា បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក​មាន​ផ្ទៃដី​ប្រមាណ ១ ​ហិកតា ហើយ ២-៣ ​ខែ​ទៀត​លោក​នឹង​ពង្រីក​ផ្ទៃដី​ចិញ្ចឹម​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​»​។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ជា​អ្នក​នាំចូល​កូន​ត្រី​ពី​ប្រទេស​វៀតណាម​មក​ចែកចាយ​លើ​ទីផ្សារ​កម្ពុជា លោក វ៉ាន់ ឆេង បាន​និយាយ​ថា កំណើន​តម្រូវ​ការកូន​ត្រី​បាន​កើនឡើង​យ៉ាងខ្ពស់​នៅក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​កាលពី​ឆ្នាំមុន​កន្លែង​លោក​លក់​កូន​ត្រី​ប្រមាណ​ជាង​ ១០ ​តោន ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​ឆ្នាំនេះ​បាន​រហូតដល់​ជិត ១០០ ​តោន​។

ទោះយ៉ាងណា​លោក​ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ផងដែរ ខណៈ​បច្ចុប្បន្ន​មាន​អ្នក​ចិញ្ចឹម​ជាច្រើន​រអ៊ូ​ថា​៖ «​រដ្ឋ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការចិញ្ចឹម​ត្រី ប៉ុន្តែ​នៅពេល​ប្រមូលផល​តែងតែ​ពិបាក​រក​ទីផ្សារ​»៕