ភ្នំពេញៈ ទោះបីជាកម្ពុជាត្រូវបានផ្ដល់កូតាការនាំចេញថ្នាំជក់ដោយរួចពន្ធទៅប្រទេស វៀតណាម ក៏ដោយ ក៏ផលិតកម្មថ្នាំជក់របស់ប្រទេស កម្ពុជា បានមើលឃើញការបន្តធ្លាក់ចុះ។ នេះបើតាមទិន្នន័យបានមកពីក្រសួងកសិកម្ម។
កម្ពុជាបានផលិតថ្នាំជក់ ៧ ៤៥៤ តោនកាលពីដូវមុន (ឆ្នាំ ២០១៨-២០១៩) ធ្លាក់ចុះ ១៨ ភាគរយពី ៩ ០៨៩ តោនធៀបនឹងរដូវកាលមុន (ឆ្នាំ២០១៧-២០១៨) ខណៈការដាំដុះ បានធ្លាក់ចុះ ១៦ ភាគរយពី ៦ ៨៥៩ ហិកតាមកនៅត្រឹម ៥ ៧៤៣ ហិកតាប៉ុណ្ណោះនៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍។
ខេត្តត្បូងឃ្មុំ គឺជាកន្លែងមានការដាំដុះថ្នាំជក់ឈានមុខគេរបស់ប្រទេស កម្ពុជា។
លោក ស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្មនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ការដាំដុះថ្នាំជក់ត្រូវបានមើលឃើញធ្លាក់ចុះដោយសារការប្រែប្រួលទីផ្សារនេះ។
លោកថ្លែងថា៖ «ការដាំដុះថ្នាំជក់ មិនមានបញ្ហាប្រឈមច្រើននោះទេ វាងាយស្រួលក្នុងការដាំដុះនៅតាមដងទន្លេ»។ លោកបន្តថា៖ «ការដាំដុះថ្នាំជក់កើនឡើង ឬធ្លាក់ចុះគឺពឹងផ្អែកលើការប្រែប្រួលរបស់ទីផ្សារ កសិករនឹងជំនួសដោយការដាំពោត ប្រសិនបើទីផ្សារថ្នាំជក់មិនល្អ»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់កាលពីម្សិលមិញថា ប្រទេស កម្ពុជា នៅតែទទួលបានការអនុគ្រោះពន្ធសម្រាប់ផលិតផលថ្នាំជក់ពីប្រទេស វៀតណាម ក្នុងចំណោមផលិតផលកសិកម្មផ្សេងទៀត។
កាលពីឆ្នាំ ២០១៦ កម្ពុជា និងវៀតណាម បានយល់ព្រមលើការអនុគ្រោះពន្ធសម្រាប់ផលិតផលកសិកម្ម ឆ្លងកាត់ព្រំដែនទាំង ២។ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជាត្រូវបានអនុញ្ញាតឲ្យនាំចេញថ្នាំជក់ស្ងួត ៣ ០០០ តោន ទៅវៀតណាម ដោយរួចពន្ធរយៈពេល ១ ឆ្នាំ ដែលចាប់ពីឆ្នាំ ២០១៦។
ទិន្នន័យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជាបាននាំចេញថ្នាំជក់ ១ ២០០ តោនទៅប្រទេស វៀតណាម មានតម្លៃ ២,៣៧ លានដុល្លារ កាលពីឆ្នាំ ២០១៧ កើនឡើង ២៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៦។
កាលពីឆ្នាំ ២០១៦ ថ្នាំជក់ ៩៨៩,៧៥ តោនត្រូវបាននាំចេញ មានតម្លៃ ១,៩១ លានដុល្លារ។
លោកថ្លែងថា៖ «MOU ជាមួយវៀតណាម គឺជាទីផ្សារដ៏មានសក្ដានុពល សម្រាប់ក្រុមហ៊ុននាំចេញ និងសម្រាប់កសិករដែលពួកគេសន្សំការចំណាយលើពន្ធនាំចូល និងបង្កើនតម្លៃលើផលិតផលរបស់ពួកគេផងដែរ»។
លោកបន្តថា៖ «ទោះបីកសិករខ្លួនឯងមិនអាចនាំចេញទៅវៀតណាមដោយផ្ទាល់ក៏ដោយ ប៉ុន្តែពួកគេនឹងរកប្រាក់បានពីទីផ្សារប្រកបដោយស្ថិរភាពនៅក្នុងការធានាតម្លៃសម្រាប់ពួកគេ»។
ក្រៅពីការនាំចេញ ថ្នាំជក់ត្រូវបានផ្គត់ផ្គង់ដល់ក្រុមហ៊ុនថ្នាំជក់ចក្រភពអង់គ្លេស អាមេរិក (BAT) នៅកម្ពុជា ស្ថិតក្រោមប្រព័ន្ធ «ការធ្វើកសិកម្មតាមកិច្ចសន្យា»។ ដែលកសិករភាគច្រើនជឿជាក់ក្នុងការលក់ឲ្យក្រុមហ៊ុនជាជាងទៅប្រទេស វៀតណាម។
លោក ឃុន បូឈាង កសិករថ្នាំជក់មានផ្ទៃដី ១៩ ហិកតា នៅស្រុកក្រូចឆ្មារ បានឲ្យដឹងថា ពេលនេះដល់ពេលប្រមូលផលសន្លឹកថ្នាំជក់ហើយ ប៉ុន្តែគេនៅមិនទាន់ដឹងពីតម្លៃនៅឡើយទេ។
ប៉ុន្តែកាលពីរដូវមុនលោកអាចលក់សន្លឹកថ្នាំជក់ស្ងួតក្នុងតម្លៃ ២ ដុល្លារក្នុង ១ គីឡូក្រាម។
លោកថ្លែងថា៖ «យើងមិនទាន់បានឮទីផ្សារថ្មីណាមួយពីប្រទេស វៀតណាម នោះទេ យើងលក់ឲ្យរោងចក្រថ្នាំជក់តែ ១ ប៉ុណ្ណោះ ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេពីតម្លៃនៅពេលនេះដែលត្រូវរង់ចាំរហូតដល់ចុងខែ ឬដើមខែមេសា»៕LA