ភ្នំពេញៈ​ ​ការ​ទាញ​យក​ភោគផល​​ពី​​ធនធាន​រ៉ែ​ទាំង​​លើ​គោក​​ និង​​បាត​សមុទ្រ​ ដែល​សាធារណជន​បាន​រង់ចាំ​​ជា​​យូរមក​ហើយ​នឹង​​ត្រូវ​​​​ចេញ​ជា​ផ្លែផ្កា​​​ពិត​ប្រាកដ​ចាប់​ពី​ពេល​នេះ​ ដោយសារ​ថា ​​ផលិតកម្ម​​ធនធាន​​​​រ៉ែ​នៅ​កម្ពុជា​ឈាន​ដល់​ដំណាក់​កាល​ប្រមូល​ផល​ហើយ​ចាប់​ពី​ចុង​ឆ្នាំ ២០១៩ នេះ​​ទៅ​។ នេះ​ បើ​យោង​តាម​​​មន្រ្តី​ជំនាញ​ពី​ ក្រសួង​រ៉ែ និង​ថាមពល​។

ថ្លែង​ប្រាប់ អ្នក​សារ​ព័ត៌មាន​ក្នុង​វេទិកា​អភិបាលកិច្ច​វិស័យ​ឧស្សាហកម្ម​ និស្សារណកម្ម​ (EIGF) នៅ​កម្ពុជា​ លើក​ទី​៧​ ក្រោម​ប្រធាន​បទ​ «​ទស្សន​វិស័យ​រ៉ែ​ប្រេង​ និង​ឧស្ម័ន​ឆ្នាំ ២០១៩ និង​​នាពេល​អនាគត» ​កាល​ពី​ម្សិលមិញ​ លោក ​ម៉េង ​សក្ដធារ៉ា​ រដ្ឋលេខាធិការ​ក្រសួងរ៉ែ​ និង​ថាមពល (MME)​ បាន​​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ចំណាយ​​ពេល​រុករក​អស់​ជា​ច្រើន​ឆ្នាំ ក្រុមហ៊ុន​រ៉ែ​មាស ​២ គឺ​​ក្រុមហ៊ុន Mesco Gold (Cambodia) របស់​ប្រទេស​ ​ឥណ្ឌា​ និង​ក្រុមហ៊ុន​រ៉ែ ​Renaissance Minerals (Cambodia)Limited មាន​​មូលដ្ឋាន​នៅ​ប្រទេស ​អូស្ដ្រាលី ​បាន​ឈាន​​កាន់​តែ​ជិត​ដល់​ដំណាក់​កាល​ចម្រាញ់​មាស​នៅ​​ប្រទេស ​កម្ពុជា។​ ក្រុមហ៊ុន​កំពុង​​​ដំឡើង​រោងចក្រ​កែច្នៃ​រ៉ែ​មាស​ ដែល​អាច​ឈាន​ដល់​​ការ​ចម្រាញ់​​រ៉ែ​មាស​នៅ​ចុង​ឆ្នាំ ២០១៩​ និង​ឆ្នាំ​ ២០២០ ជា​បន្ត​​បន្ទាប់​។​

សម្រាប់​ការ​រុករក​រ៉ែ​នៅ​​ក្នុង​សមុទ្រ​វិញ​ លោក​ សក្ដធារ៉ា ​បាន​បញ្ជាក់​​ថា​ក្រុមហ៊ុន​ KrisEnergy Ltd ​​​មាន​​មូលដ្ឋាន​នៅ​ប្រទេស ​សិង្ហបុរី​ ដែល​​ប្រតិបត្តិការ​ប្លុក ​A ​នៅ​ក្នុង​សមុទ្រ​របស់​កម្ពុជា ​ត្រូវ​​បាន​រំពឹង​ថា នឹង​អាច​សម្រេច​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​ក្នុង​ការ​ទាញ​យក​​ដំណក់​ប្រេង​លើក​ដំបូង​នៅ​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ​ដែរ​​។​

លោក​ថ្លែង​ថា​៖ «​ចាប់​ពី​ឆ្នាំ ​២០១៩ ​ដល់​​ឆ្នាំ ២​០២៣​ វា​ជា​ពេល​នៃ​ការ​ប្រមូល​​ផល [ពី​វិស័យ​រ៉ែ]។​ ការ​ប្រមូល​ប្រាក់​​ចំណូល​ជាតិ​ [ពី​វិស័យ​រ៉ែ] ​នឹង​មាន​កំណើន​ខ្លាំង​ ដែល​នឹង​រួម​ចំណែក​ដល់​ការ​បង្កើន​ថវិកា​ជាតិ​ដើម្បី​ឲ្យ​ [រដ្ឋាភិបាល] ​មាន​លទ្ធភាព​​​ប្រើប្រាស់​​​ថវិកា​ជាតិ​​​​លើ​ការ​ចំណាយ​សេវា​សាធារណៈ​លើ​វិស័យ​ចាំបាច់​»។ ​

លោក​​បាន​បន្ត​ថា​៖ «​ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ ​២០២៣ អ្វី​ដែល​យើង​នឹង​មើល​ឃើញ​គឺ​​ការ​បង្កើន​​ចំណូល​ជាតិ​ពី​​ឧស្សាហកម្ម​រ៉ែ ​ដែល​បង្កើន​ផលិតផល​ក្នុង​ស្រុក (GDP) និង​ការ​បង្កើន​លំហូរ​ចូល​ទុន​វិនិយោគ​ទៅ​ក្នុង​វិស័យ​នេះ​»។​

ខណៈ​ការ​ប្រមូល​ប្រាក់​ចំណូល​មក​ពី​វិស័យ​រ៉ែ​រួម​ចំណែក​ប្រហែល​ ២,៥ ​ភាគរយ​ដល់​ប្រាក់​ចំណូល​ជាតិ​សរុប​នៅ​​​​​ពេល​បច្ចុប្បន្ន ​លោក​ សក្ដធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ ចំណូល​ជាតិ​ប្រមូល​បាន​ពី​វិស័យ​នេះ​នឹង​កើន​ដល់​យ៉ាង​ហោច​ណាស់​ ៥ ​ភាគរយ​នៃ​ប្រាក់​ចំណូល​ជាតិ​ក្នុង​ឆ្នាំ ​២០២០​ ហើយ​​នឹង​ឈាន​ដល់​​​ជាង​ ១០ ភាគរយ ​១ ឆ្នាំ​បន្ទាប់​ពី​ឆ្នាំ ​២០២៣ ​ត​ទៅ​​។

លោក​ថ្លែង​ថា​៖​ «​បន្ទាប់​ពី​ឆ្នាំ ​២០២៣ យើង​​​នឹង​អាច​មើល​ឃើញ​កាន់​តែ​ច្បាស់ ​ពី​ការ​រួម​ចំណែក​ពី​​ឧស្សាហកម្ម​​ធនធាន​​រ៉ែ​ដល់​សេដ្ឋកិច្ច​ជាតិ ព្រោះ​វា​នឹង​ជួយ​ពង្រីក​​មូលដ្ឋាន​សេដ្ឋកិច្ច​កាន់​តែ​ធំ​ បង្កើត​ឱកាស​ការងារ​កាន់​តែ​ច្រើន ​បង្កើត​អាជីវកម្ម​កាន់​តែ​ច្រើន ជា​ពិសេស​​ឧស្សាហកម្ម​​គាំទ្រ​​​»។​

យោង​​តាម​លោក ​សក្ដធារ៉ា ការ​ឈាន​ដល់​ដំណាក់​កាល​ផលិតកម្ម​​រ៉ែ ទាំង​រ៉ែ​លើ​ដី និង​បាត​សមុទ្រ ត្រូវ​ឆ្លងកាត់​​​ដំណាក់​កាល​ និង​​ឧបសគ្គ​ជា​ច្រើន​។​ សូម្បី​តែ​ដំណើរ​ការ​រុករក​ធម្មតា ​គឺ​ការ​ប្រើប្រាស់​ពេល​វេលា​យ៉ាង​​យូរ​ ហើយ​​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម (ESIA)​ ក៏​ត្រូវ​​​ឆ្លងកាត់​ដំណើរការ​ និង​ពេល​វេលា​ច្រើន​ដែរ​​។​

លោក​បន្ត​ថា កន្លង​មក​ក្រសួង​បាន​ចំណាយ​​ពេលវេលា​យូរ​ក្នុង​ការ​រៀបចំ​បទ​ប្បញ្ញត្តិ ​ហើយ​នៅ​ពេល​នេះ​ដល់​ពេល​ដែល​ក្រសួង​ត្រូវ​រៀបចំ​ធនធាន​​មនុស្ស​ត្រឹមត្រូវ ​និង​រៀបចំ​ការ​គាំទ្រ​ដ៏​ល្អ​ដល់​ឧស្សាហកម្ម​នេះ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពេញលេញ​ពី​ឧស្សាហកម្ម​រ៉ែ។

លោក​ស្រី​ លឹម​ សូលីន​ នាយិកា ​អង្គការ​អុកស្វាម​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​នៅ​ពេល​​ប្រទេស ​កម្ពុជា ​ជិត​ឈាន​ដល់​ការ​ទាញ​យក​ភោគផល​ពី​ធនធាន​​រ៉ែ​បាន មាន​ការ​យល់​ច្រឡំ​ច្រើន​​​ពី​​ប្រជាជន​កម្ពុជា​ថា ការ​ប្រើប្រាស់​ប្រេងសាំង​នឹង​​មិន​គិត​ប្រាក់ ​នៅ​ពេល​អនាគត​ ឬ​មួយ​ចំនួន​បាន​រំពឹង​ថា តម្លៃ​នឹង​ត្រូវ​កាត់​បន្ថយ​យ៉ាង​ហោចណាស់​ដល់ ​៥០ ​ភាគរយ​។​

លោក​ស្រី​បាន​​ថ្លែង​ថា​៖ «​ការ​ប្រមូល​​​ប្រាក់​ចំណូល​ពី​វិស័យ​ប្រេង ​ឧស្ម័ន ​និង​រ៉ែ គួរ​ត្រូវ​​ដាក់​បញ្ចូល​ទៅ​ក្នុង​​ប្រាក់​ចំណូល​​ជាតិ​ ដែល​នឹង​ធ្វើ​​ឲ្យ​​រដ្ឋ​មាន​​ចំណូល​​កាន់​តែ​ធំ​ ហើយ​​​ចំណាយ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​​ដូច​ជា ​ការ​​អប់រំ ​សុខភាព​សាធារណៈ​ ​និង​ការ​គាំពារ​សង្គម»។​ ​

លោក​ស្រី​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​ប្រាក់​ចំណូល​រ៉ែ​អាច​ជួយ​ប្រជាជន ​ទទួល​បាន​សេវា​សាធារណៈ​ទាំង​​នេះ​ដោយ​មិន​គិត​ប្រាក់​ ឬ​​ក្នុង​តម្លៃ​​​ទាប​នេះ​ ពិត​ជា​នឹង​​​ផ្ដល់​អត្ថប្រយោជន៍​ដែល​​ប្រជាជន​​ទទួល​​បាន​ពី​ឧស្សាហកម្ម​​និស្សារណកម្ម​ [ផលិតកម្ម​ធនធាន​​រ៉ែ]»។​

ស្រប​ពេល​ការ​ទាញ​យក​ភោគផល​ពី​ធនធាន​រ៉ែ​នឹង​ឈាន​មក​ដល់ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ ​(CPS) បាន​លើក​ឡើង​ថា​ ការ​​បង្កើត​​​យន្តការ​ដែល​ថ្មី​ និង​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​មួយ​ សម្រាប់​​គ្រប់​ភាគី​ពាក់ព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ គឺ​ជា​ការ​ចាំបាច់​​ដើម្បី​​កសាង​ទំនុក​ចិត្ត​រវាង​គ្នា​ និង​គ្នា។​

លោក​​បាន​បន្ត​ថា​៖​ ​«​ខ្ញុំ​ជឿជាក់​ថា​ប្រសិន​បើ​យើង​គ្រប់គ្រង​ធនធាន​រ៉ែ​ប្រេង​ និង​ឧស្ម័ន​បាន​ល្អ​​ នោះ​វិស័យ​នេះ​នឹង​ចូលរួម​កសាង​សេដ្ឋកិច្ច​កម្ពុជា​បាន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​។ ក៏​ប៉ុន្ដែ​ប្រសិន​បើ​គ្រប់គ្រង​មិន​បាន​ល្អ​ទេ​នោះ​វា​នឹង​ក្លាយ​​ជា​បញ្ហា​​មួយ​ដែល​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ ដល់​សុខភាព​សាធារណៈ​ និង​ការ​មិន​ពេញ​ចិត្ត​របស់​ប្រជាជន​ជា​រួម​»៕LA