ក្រុងប៉េកាំងៈ សកម្មភាព​រោងចក្រ​ប្រចាំខែ​វិច្ឆិកា​ក្នុង​ប្រទេស ​ចិន​ បាន​ស្ទុះ​ងើបឡើង​វិញ​ជា​លើកដំបូង​ក្នុង​រយៈពេល ៧ ​ខែ បើទោះ​ជា​មាន​ការ​កើនឡើង​ការគំរាមកំហែង​ដកហូត​ពន្ធគយ​ថ្មី​របស់​អាមេរិក​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ប្រសិន​បើ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​បរាជ័យ​ក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​ផ្នែក​មួយ​ក្តី​។

ទិន្នន័យ​ផ្លូវការ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) របស់​ប្រទេស​ចិន​បាន​បង្ហាញថា សន្ទស្សន៍​អ្នក​បញ្ជាក់​ទិញ PMI ដែល​ត្រូវបាន​គេ​ឃ្លាំមើល​យ៉ាង​ដិតដល់ និង​ជា​សូចនាករ​សំខាន់​មួយ​ដើម្បី​តាមដាន​សកម្មភាព​ផលិតកម្ម​របស់​រោងចក្រ​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ដល់ ៥០,២ នៅ​ខែវិច្ឆិកា​កើនឡើង​ពី ៤៩,៣ កាលពី​ខែ​មុន​។

តួលេខ​នេះ​កើន​ខ្ពស់​ជាង​តួលេខ ៥០ ដែលជា​កម្រិត​សម្រាប់​បែង​ចែង​រវាង​ការកើនឡើង និង​ការធ្លាក់ចុះ​។

សន្ទស្សន៍​រង​មួយ​នៃ​ការបញ្ជាទិញ​នាំចេញ​ថ្មី​បាន​កើនឡើង​ដល់ ៤៨,៨ ដែលជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៧ ខែ ប៉ុន្តែ​នៅ​តែ​ស្ថិតក្នុង​តួលេខ​ធ្លាក់ចុះ ដោយសារ​តម្រូវការ​ថយចុះ​សម្រាប់​ការនាំ​ចេញ​ទៅ​ប្រទេស​។

លោក Ting Lu ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ធនាគារ​វិនិយោគ Nomura បាន​ថ្លែងថា ការកើនឡើង​សន្ទស្សន៍​ផលិតកម្ម​ផ្លូវការ PMI មិនមែន​តំណាង​ឲ្យ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នោះទេ​។

លោក Lu បាន​ប្រសាសន៍​ថា​៖ «​ការកើនឡើង​សន្ទស្សន៍​ផលិតកម្ម PMI ពី ៤៩,២ នៅ​ខែ​កុម្ភៈ​ដល់ ៥០,៥ នៅ​ខែ​មីនា​ឆ្នាំ​នេះ​បាន​ធ្វើឲ្យ​ទីផ្សារ​ទាំងមូល​មាន​ការរីករាយ​យ៉ាងខ្លាំង​អំពី​ការស្ទុះ​ងើប​ឡើង​វិញ​ខ្លាំង​មួយ ប៉ុន្តែ​វា​បានប្រែក្លាយ​ទៅ​ជា​ភាពស្រពេចស្រពិល​ទៅវិញ​»​។

លោក​បន្តថា​៖ «​ពេលនេះ​មិន​មាន​អ្វី​ខុសគ្នា​ឡើយ​»​។

តួលេខ​សន្ទស្សន៍​នេះ​កើតមានឡើង ខណៈ​ទីផ្សារ​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ងាក​ទៅ​រក​កិច្ចព្រមព្រៀង​ដោយ​ផ្នែក​មួយ​ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​អូសបន្លាយ​ពេល​ជិត ២០ ​ខែ​មកហើយ​។

អ្នកចរចា​កំពូល​របស់​ចិន និង​អាមេរិក​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន និង​បាន​ព្រមព្រៀង​រក្សា​ការទាក់ទង​គ្នា​ជុំវិញ «​បញ្ហា​ដែល​នៅសល់​» សម្រាប់​កិច្ចព្រមព្រៀង «​ដំណាក់កាល​ទី ​១» រវាង​ប្រទេស​ទាំងនេះ​៕ KC