
កម្មករកំពុងចាក់គ្រាប់ពោតចូលទៅក្នុងរថយន្តដឹកទំនិញ នៅខេត្តប៉ៃលិនកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ផលិតកម្មពោតនៅកម្ពុជាបានបង្ហាញពីការរីកចម្រើនតិចតួច ខណៈទិន្នផលនៅឆ្នាំ ២០១៨ បានកើនឡើងត្រឹមតែ ២ ភាគរយប៉ុណ្ណោះធៀបនឹងឆ្នាំ ២០១៧ បន្ទាប់ពីកំណើនខ្ពស់កាលឆ្នាំ ២០១២ ដែលផលិតកម្មដំណាំនេះបានកើនដល់ចំណុចខ្ពស់ជាងគេគឺជិត ១ លានតោន។
ទិន្នន័យពីក្រសួងកសិកម្មអាមេរិក (USDA) ជាមូលដ្ឋានដែលលោករដ្ឋមន្ដ្រីក្រសួងកសិកម្មកម្ពុជាបានបញ្ជាក់ថាអាចប្រើប្រាស់បាន បានបង្ហាញថាទិន្នផលពោតនៅកម្ពុជាមានចំនួន ៧១៥ ០០០តោននៅឆ្នាំ ២០១៨ កើនឡើងពី ៧០ ម៉ឺន តោនកាលពីឆ្នាំ ២០១៧។
ប៉ុន្តែ ទិន្នន័យរបស់អាមេរិក បានបង្ហាញថា វាជាគម្លាតដ៏ធំមួយ បើធៀបនឹងការកើនឡើងខ្ពស់បំផុតកាលពីឆ្នាំ ២០១២ នៅពេលទិន្នផលដំណាំពោតមានប្រហែល ៩៥១ ០០០ តោន។ USDA កត់ត្រាលើការផលិតពោតរបស់កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ២០១៨ និងក្នុងអំឡុងពេលនេះ ឆ្នាំ ២០១២ គឺជាទិន្នផលខ្ពស់បំផុតនៃប្រវត្តិនៃការកត់ត្រាផលិតកម្មពោតនៅកម្ពុជា។
លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការផលិតពោតរបស់កម្ពុជា ត្រូវបានមើលឃើញការអភិវឌ្ឍយឺត ដោយសារតែដំណាំកសិកម្មមួយនេះនៅតែមានលក្ខណៈជាគ្រួសារ និងតម្លៃទីផ្សារត្រូវបានប្រែប្រួលប្រចាំឆ្នាំ ដោយសារតែកង្វះការធ្វើទំនើបកម្មសម្រាប់ការដាំដុះ និងរបៀបសម្ងួត។
ខណៈពោតត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ការផលិតកែច្នៃចំណីសត្វ លោក សាខុន បានឲ្យដឹងថា របៀបចាស់នៃការសម្ងួតពោតរបស់កសិករ មិនអាចឆ្លើយតបបាននឹងតម្រូវការទីផ្សារនោះទេ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា នៅពេលអនាគត រដ្ឋាភិបាលរបស់យើង នឹងអាចធ្វើការឧបត្ថម្ភធន ដើម្បីជួយកសិករ ឬសហគមន៍កសិកម្ម ក្នុងការដោះស្រាយបញ្ហាឃ្លាំងស្ដុក និងឡសម្ងួត ដូច្នេះវាអាចធ្វើឲ្យមានស្ថិរភាពតម្រូវការ និងតម្លៃកើនឡើង»។
លោក សាខុន ឲ្យដឹងថា តម្លៃពោតកាលពីឆ្នាំមុន បានលក់ក្នុងតម្លៃចាប់ពី ៩០០ រៀល ទៅ ១ ១០០ រៀល ក្នុងមួយគីឡូក្រាមសម្រាប់ពោតសម្ងួត។
លោកបន្ថែមថា ពោតត្រូវបានដាំដុះនៅតាមបណ្ដាខេត្តតាមបណ្ដោយដងទន្លេ ដូចជាកំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន បាត់ដំបង និងបណ្ដាខេត្តជាច្រើនទៀត។ ទិន្នផលត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ការនាំចេញ និងជាមួយផ្នែកតូចប៉ុណ្ណោះត្រូវបានប្រើប្រាស់ក្នុងស្រុកជាពិសេសនៅក្នុងការផលិតចំណីសត្វ។
ពេលសួរមូលហេតុអ្វីបានជាក្រសួងមិនមានរបាយការណ៍ផ្ទាល់របស់ខ្លួនអំពីការផលិតពោតរបស់កម្ពុជានោះ លោករដ្ឋមន្ដ្រីរូបនោះបានឲ្យដឹងថា ក្រសួងមានរបាយការណ៍ និងការផលិតក្រៅផ្លូវការ ហើយក្រសួងមិនមានធនធានគ្រប់គ្រាន់ក្នុងការធ្វើកំណត់ត្រានោះទេ។ លោកឲ្យដឹងថា ទិន្នន័យរបស់ USDA មិនអាចឆ្លុះបញ្ចាំង ១០០ ភាគរយពីការផលិតពិតនោះទេ ប៉ុន្តែបានឲ្យដឹងថា វាអាចជាតម្លៃគោលក្នុងការវាស់វែងការផលិត។
លោក ទីម ឡាង ជាកសិករដាំដុះពោតមួយរូបនៅភូមិតាស្ដា ស្រុកសំពៅឡូន ខេត្តបាត់ដំបង ដែលបានដាំដុះពោតលើផ្ទៃដី ១០ ហិកតា និងផលិតពោតប្រហែល ៦០ តោនកាលពីឆ្នាំមុន បានឲ្យដឹងកាលពីម្សិលមិញថា តម្រូវការទីផ្សារដែលមិនទៀងទាត់ គឺជាបញ្ហាដ៏សំខាន់មួយសម្រាប់រូបលោក ក្នុងការពង្រីកតំបន់ដាំដុះ។
លោក ឡាង បានឲ្យដឹងថា ប្រាក់ចំណេញបានពីការផលិតពោត គឺល្អ នៅក្នុងរដូវកាលប្រមូលផលកាលពីឆ្នាំ ២០១៨ ដោយសារតែលោកអាចលក់ពោតបានក្នុងតម្លៃ ៦៥០ រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែលោកថ្លែងថា តម្លៃពោតទាបកាលពីឆ្នាំ ២០១៧ ប្រហែល ៤០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយកសិករភាគច្រើនត្អូញត្អែរ ដោយសារតែពួកគេខាតបង់។
លោក ឡាង បញ្ជាក់ថា ប្រសិនបើតម្លៃពោតអាចស្ថិតនៅជាង ៦០០ រៀលក្នុងមួយគីឡូក្រាម កសិករនឹងរកប្រាក់ចំណេញបាន ហើយវានឹងជំរុញឲ្យរូបលោក និងអ្នកផ្សេងទៀត បង្កើនការផលិតពីមួយឆ្នាំទៅមួយឆ្នាំ។ លោកថ្លែងថា៖ «មានតម្រូវការពោតច្រើន នៅក្នុងរដូវកាលប្រមូលផលកាលពីឆ្នាំ ២០១៨ ហើយយើងមិនអាចមានទិន្នផលគ្រប់គ្រាន់ តាមតម្រូវការដ៏ច្រើននោះទេ»។
លោកបន្តថា៖ «យើងនៅតែមិនទាន់ដឹងនៅឡើយនោះទេថា តើយើងនឹងពង្រីកការផលិតពោតរបស់យើងនៅឆ្នាំនេះឬយ៉ាងណានោះទេ ទោះបីជាតម្លៃកាន់តែប្រសើរក៏ដោយ។ ខ្ញុំនឹងរង់ចាំមើលបន្តិចទៀត ឬរង់ចាំមើលថា តើនឹងមានភ្លៀងធ្លាក់ច្រើនដែរឬទេ»៕LA