ភ្នំពេញៈ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ថ្មី​មួយ​ទៀត​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ខេត្ត​កំពត​នៅ​ខែក្រោយ ដែល​នឹង​ធ្វើឲ្យ​ការផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក​កើន​ដល់​ជាង ៨ ​លាន​តោន​ក្នុង​មួយឆ្នាំ​។

រោងចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ថៃប៊ុនរ៉ុង (Thai Boon Roong Cement Co., Ltd) ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែក្រោយ​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​បើតាម​លោក ជាវ តាយ អភិបាល​ខេត្តកំពត​។

បច្ចុប្បន្ន​នៅ​ខេត្តកំពត​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៣ កំពុងបើក​ដំណើរការ​ជា​ផ្លូវការ ហើយ​ការដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ថ្មី​មួយទៀត​នេះ​នឹងធ្វើ​ឲ្យ​សមត្ថភាព​ផលិត​តែ​នៅក្នុង​ខេត្តកំពត​មួយ​មាន​រហូត​ដល់ ១៧ ០០០ ​តោន​ក្នុង​មួយថ្ងៃ​។

លោក ជាវ តាយ អភិបាល​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា រោងចក្រ​ថ្មី​នេះ​អាច​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ជា​មធ្យម​ប្រមាណ​ ៣ ៥០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​។ លោក​បន្តថា បច្ចុប្បន្ន​រោងចក្រ​នេះ​កំពុងបើក​ដំណើរការ​សាកល្បង​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​បរិមាណ​នេះ​នឹង​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការនាំ​ចូល និង​បង្កើត​ការងារ​ថ្មីៗ​សម្រាប់​ប្រជាជន​»​។

រោងចក្រ​នេះ​ស្ថិត​ក្នុង​ទីតាំង​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែល​មាន​ផ្ទៃដី​សរុប​ជាង ១០០ ​ហិកតា ដោយ​មួយ​ផ្នែក​ប្រើប្រាស់​ជា​រោងចក្រ និង​ឃ្លាំង​ស្តុក​ស៊ីម៉ងត៍ និង​ផ្នែក​នៅ​សល់​ជា​ទីតាំង​សម្រាប់​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ពី​ទុនវិនិយោគ​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នេះ​ទេ​។ លោក ជាវ តាយ បាន​ថ្លែងថា​៖ «​រហូត​មក​ដល់​ពេលនេះ​ក្រុមហ៊ុន​មិន​ទាន់​រាយការណ៍​ជាក់លាក់​ពី​តម្លៃ​វិនិយោគ​មក​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ​»​។

នៅពេល​រោងចក្រ​របស់​ក្រុមហ៊ុន ថៃប៊ុនរ៉ុង បើក​ដំណើរការ​នឹង​ធ្វើឲ្យ​ចំនួន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​កើន​ដល់​ ៥ ក្នុង​នោះ ៤ នៅ​ខេត្ត​កំពត និង​ ១ នៅ​ខេត្ត​បាត់ដំបង​។

លោក ទៀង សុភវិជ្ជា ប្រធាន​កិច្ចការ​សាធារណៈ និង​រដ្ឋបាល​នៃ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ Chip Mong Insee កាលពី​ម្សិលមិញ​បាន​និយាយថា ភាពល្អប្រសើរ​នៃ​វិស័យ​សំណង់​បាន​ធ្វើឲ្យ​តម្រូវការ​ប្រើប្រាស់​ស៊ីម៉ងត៍​នៅ​កម្ពុជា​កើនឡើង​ជា​បន្តបន្ទាប់​។ លោក​បាន​បន្តថា​ក្នុង​ឆ្នាំ​ ២០១៩ នេះ​តម្រូវការ​ស៊ីម៉ងត៍​សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា​អាច​មាន​បរិមាណ​ពី ៨ ទៅ​ ៩ លាន​តោន​ក្នុង​ ១ ​ឆ្នាំ​កើនឡើង​ពី​ប្រមាណ​ ៦ ទៅ​ ៧ លាន​តោន​ពី​ឆ្នាំ​ ២០១៨​។

លោក​ថ្លែងថា​៖ «​នៅពេល​រោងចក្រ​របស់​ក្រុមហ៊ុន ថៃប៊ុនរ៉ុង បើក​ដំណើរការ​ជា​ផ្លូវការ​វា​នឹង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​បាន​ច្រើន​មាន​ន័យថា​យើង​អាច​មាន​ភាពម្ចាស់ការ​លើ​ការផលិត និង​ការផ្គត់ផ្គង់​ស៊ីម៉ងត៍​សម្រាប់​តម្រូវការ​ក្នុង​ស្រុក​បាន​ស្ទើរ​ ១០០ ​ភាគរយ​»​។

ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ប្រមាណ ៦,៤៩ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៤,៧៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែល​មាន​តម្លៃ​ប្រមាណ ៤,៨២ ​ពាន់​លាន​ដុល្លារ​។

ទោះបី​យ៉ាងនេះ​ក្តី​ក្រៅតែ​ពី​ផលិតផល​ស៊ីម៉ងត៍​កម្ពុជា​នៅ​ពឹងផ្អែក​ច្រើន​លើ​ការនាំចូល​សម្ភារ​សំណង់​ផ្សេងទៀត ដូចជា​ដែក ខណៈ​គ្រឿង​សិង្ហារឹម​នាំចូល​ស្ទើរ​ទាំងស្រុង​។ ទិន្នន័យ​ពី​គយ​វៀតណាម​បាន​បង្ហាញថា កម្ពុជា​បាន​នាំចូល​ដែក​ពី​វៀតណាម​ជិត ៤០ ​ភាគរយ​ ក្នុង​រយៈពេល​ ៧ ខែ ឆ្នាំ​ ២០១៩​។ ទិន្នន័យ​បង្ហាញ​ថា ការនាំ​ចូល​ដែក​ពី​វៀតណាម​មាន ៧១៧ ៥៧២ តោន ​ដែល​មាន​តម្លៃ​ ៤៦២,៧៣ ​លាន​ដុល្លារ​។

លោក ជីវ ស៊ីវផេង អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​និយាយ​ថា ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​មាន​សម្ទុះ​កើនឡើង​ខ្លាំង​នោះ ការបើក​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក​នេះ​នឹង​ក្លាយ​ជា​ចំណែក​ដ៏សំខាន់​ក្នុង​ការកាត់បន្ថយ​ការនាំចូល​ពី​បរទេស​។

លោក ស៊ីវផេង បាន​ថ្លែងថា​៖ «​នៅពេល​ដែលមាន​រោងចក្រ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​បែប​នេះ​នឹង​ធ្វើឲ្យ​តម្លៃ​សាងសង់​ត្រូវបាន​កាត់បន្ថយ​ខ្លះ ជាពិសេស​វា​នឹង​បង្កើត​នូវ​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ផ្តល់​នូវ​លំនៅឋាន​សម្រាប់​ប្រជាជន​ផងដែរ​»៕ LA