ក្រុងសេអ៊ូលៈ ការផលិតអាហារក្នុងប្រទេស កូរ៉េខាងជើង ដែលបំពាក់អាវុធនុយក្លេអ៊ែរ និងជាប្រទេសឯកោមួយនេះបានធ្លាក់ចុះនៅឆ្នាំនេះ។ នេះបើយោងតាមអង្គការស្បៀងអាហារនិងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ (UN)។
អង្គការ FAO បានឲ្យដឹងក្នុងរបាយការណ៍ចក្ខុវិស័យដំណាំកសិកម្ម និងស្ថានភាពស្បៀងអាហារប្រចាំត្រីមាសរបស់ខ្លួនថា ស្រូវ និងពោត គឺជាអាហារមូលដ្ឋានដ៏សំខាន់របស់កូរ៉េខាងជើង ប៉ុន្តែទិន្នផលស្រូវត្រូវបានរំពឹងថា នឹងស្ថិតក្រោមកម្រិតមធ្យម ដោយសារតែទឹកភ្លៀងមិនទៀងទាត់ និងការផ្គត់ផ្គង់ប្រព័ន្ធធារាសាស្រ្ដនៅមានកម្រិតទាប។
អង្គការនេះបន្ថែមថាលក្ខខណ្ឌអាកាសធាតុមិនអនុគ្រោះ ក៏បានកាត់បន្ថយបរិមាណផលពោតផងដែរ។
ជាលទ្ធផល ប្រទេសមួយនេះនឹងចាំបាច់ត្រូវនាំចូលស្បៀងអាហារ ៦៤១ ០០០ តោននៅឆ្នាំ ២០១៩ កើនឡើងពី ៤៥៦ ០០០ តោននៅឆ្នាំនេះ ជាពេលដែលប្រទេសនេះបានទិញចំនួន ៣៩០ ០០០ តោន និងទទួលបានស្បៀងអាហារជំនួយចំនួន ៦៦ ០០០ តោន។
FAO បានឲ្យដឹងក្នុងឯកសារនេះថា មានការរីករាលដាលកង្វះលទ្ធភាពទទួលបានស្បៀងអាហារនៅកូរ៉េខាងជើង។
អង្គការនេះបន្តថា៖ «អសន្ដិសុខស្បៀងអាហារ នៅតែជាការបារម្ភដ៏សំខាន់មួយ ដោយមានស្ថានការណ៍ដែលបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយទិន្នផលរដូវប្រមូលផលធំឆ្នាំ ២០១៨ ស្ថិតក្រោមចំនួនមធ្យម។
ផលិតកម្មកសិកម្ម ស្ថិតក្នុងស្ថានភាពដ៏រ៉ាំរ៉ៃនៅក្នុងប្រទេស កូរ៉េខាងជើង ដែលការផ្គត់ផ្គង់ដីដែលអាចបង្កបង្កើនផលបាននៅមានកម្រិត។
ប្រទេសនេះ ត្រូវបានរងផលប៉ះពាល់ជាទៀងទាត់ ដោយគ្រោះទុរ្ភិក្ស ហើយប្រជាជនរាប់សែននាក់ត្រូវស្លាប់។
កូរ៉េខាងជើង ជាប្រទេសស្ថិតក្នុងចំណោមប្រទេសចំនួន ៤០ ដែលក្នុងនោះប្រទេស ៣១ នៅអា្រហ្វិក បានចុះបញ្ជីជាប្រទេសត្រូវការជំនួយស្បៀងអាហារពីខាងក្រៅក្នុងរបាយការណ៍នេះ។
ទីភ្នាក់ងារ UN នានាបានប៉ាន់ប្រមាណថា ប្រជាជន ១០,៣ លាននាក់នៅកូរ៉េខាងជើង ត្រូវការជំនួយមនុស្សធម៌។ តែការផ្ដល់ហិរញ្ញប្បទានរបស់ម្ចាស់ជំនួយ លែងមានតទៅទៀតក្នុងគ្រាដែលមានភាពតានតឹងផ្នែកនយោបាយជុំវិញកម្មវិធីអាវុធរបស់ប្រទេសនេះ៕ AFP/LA