ភ្នំពេញៈ វិស័យ​ស្បែកជើង​របស់​ប្រទេស​​ កម្ពុជា​ នឹង​មើលឃើញ​ឱកាស​ថ្មី​សម្រាប់​ការវិនិយោគ និង​ការផលិត​ច្រើន​ជាង​វិស័យ​កាត់ដេរ ដោយសារ​តែ​កំណើន​ដ៏សំខាន់​របស់​វិស័យ​នេះ​អំឡុងពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​ជាប់​គ្នា​។ នេះ​បើតាម​ព្រឹតិ្តបត្រ​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​លើ​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ស្បែកជើង (GTF) របស់​ប្រទេស ​កម្ពុជា​។

របាយការណ៍​បង្ហាញថា វិស័យនេះ​បាន​កើនឡើង​រហ័ស​ជាង​វិស័យ​កាត់ដេរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដែល​បាន​ជាប់​ក្នុង​បញ្ជី​នៃ​បណ្ដា​ប្រទេស​ផលិត​ស្បែកជើង​ឈានមុខ​គេ​ចំនួន​ ១០ កាលពី​ឆ្នាំ​ ២០១៦ ជា​លើក​ដំបូង​។

នៅ​ចន្លោះ​ឆ្នាំ​ ២០១៣ និង​ឆ្នាំ​ ២០១៨ ចំណែក​ទីផ្សារ​​របស់​ឧស្សាហកម្ម​ស្បែកជើង​របស់​ប្រទេស​កម្ពុជា​បាន​មាន​ការកើនឡើង​ ៤,៤ ភាគរយ​ នៃ​តម្លៃ​នាំចេញ ខណៈ​ចំណែក​ទីផ្សារ​របស់​វិស័យ​កាត់ដេរ​បាន​ធ្លាក់ចុះ​ជិត​ ១០ ​ភាគរយ​។

របាយការណ៍​នេះ​ឲ្យ​ដឹងថា​៖ «​ការអភិវឌ្ឍ​នេះ​ត្រូវ​បាន​ចោទ​ជា​សំណួរ​ថា តើ​ឧស្សាហកម្ម​ស្បែកជើង​នឹង​ផ្ដល់​ឱកាស​ថ្មីៗ​សម្រាប់​ការវិនិយោគ និង​ការផលិត​នៅក្នុង​ប្រទេស​ កម្ពុជា ​ដែល​នឹង​ធ្វើឲ្យ​មាន​ការសិក្សា​បន្ថែម​ឬ​យ៉ាងណា​?»​។

របាយការណ៍​បង្ហាញថា ខណៈ​ការធ្លាក់ចុះ​តម្លៃ​នាំចេញ​ស្បែកជើង​ពិភពលោក​នៅ​ចន្លោះ​ឆ្នាំ​ ២០១៥ និង​ឆ្នាំ​ ២០១៧ ប្រទេស​ កម្ពុជា​ បាន​បង្កើន​ការផលិត​របស់​ខ្លួន​ជា​ប្រចាំ​ជាមួយ​នឹង​កំណើន​ជា​មធ្យម ២៧ ​ភាគរយ​ ក្នុង​មួយ​ឆ្នាំ​នៅក្នុង​អំឡុងពេល​ដូចគ្នានេះ​។

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ឈាន​មុខ​គេ​ទាំង​ ១០ ដែល​នាំចេញ​ក្នុងតម្លៃ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ ១៩ ​ភាគរយ​។

ទីផ្សារ​នាំចេញ​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា​សម្រាប់​ស្បែកជើង​គឺ​អឺរ៉ុប (៤៦ ​ភាគ​-​រយ​) អាមេរិក (១៧ ​ភាគរយ​) និង​ជប៉ុន (១២ ​ភាគរយ​)​។

នៅ​អឺរ៉ុប គឺ​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង ​ដែល​នាំចូល​ស្បែកជើង​ភាគច្រើន​ពី​ប្រទេស ​កម្ពុជា​។ នេះ​បើ​យោង​តាម​របាយការណ៍​។

អង្គការ ILO បាន​ឲ្យ​ដឹងថា អឺរ៉ុប និង​អាមេរិក​ នឹង​នៅតែ​ជា​ទីផ្សារ​ទិសដៅ​នាំចេញ​សំខាន់បំផុត​សម្រាប់​កម្ពុជា ដោយសារ​តែ​ការលើកលែង​ពន្ធ​នាំចូល​។

របាយការណ៍​បង្ហាញថា ផ្អែកលើ​ការសម្ភាស កម្មករ និង​អ្នកគ្រប់គ្រង​នៅក្នុង​ប្រទេស​កម្ពុជា ពួកគេ​ហាក់​ដូចជា​ជឿជាក់​លើ​ប្រាក់ចំណេញ​នៅពេល​អនាគត និង​ការបញ្ជា​ទិញ​របស់​ឧស្សាហកម្ម​ផលិត​ស្បែកជើង​។

អង្គការ ILO បាន​សម្ភាស​ស្ដីពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្បែកជើង និង​កម្មករ​រួម​ជាមួយ​នឹង​អ្នកគ្រប់គ្រង និង​កម្មករ​មកពី​រោងចក្រ​ស្បែកជើង​ចំនួន​ ៤ កាលពី​ខែ​មេសា​ឆ្នាំ​ ២០១៩​។

របាយការណ៍​នេះ​ឲ្យ​ដឹងថា ទោះបី​ជា​ការធ្វើ​សម្ភាស​នេះ​មិនចាំបាច់​តំណាង​ឲ្យ​វិស័យ​ស្បែកជើង​ទាំងមូល​ក៏ដោយ ក៏​ពួកគេ​ផ្ដល់​ការយល់​ឃើញ​ស៊ីជម្រៅ​លើកដំបូង​នៅក្នុង​វិស័យ​ដែល​ស្ថិតក្រោម​ការស្រាវជ្រាវ​ផងដែរ​។

ប្រទេស​ប្រកួតប្រជែង​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា​ខាង​ការផលិត​ស្បែកជើង​នៅ​អាស៊ីអាគ្នេយ៍ គឺ​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី​។ ប្រទេស​ទាំង​ ៣ ​នេះ​ក៏មាន​ប្រាក់​ឈ្នួល​ប្រចាំខែ​អប្បបរមា​ស្រដៀង​គ្នា​នៅក្នុង​វិស័យនេះ​ផងដែរ​។

ខណៈ​ប្រាក់​ឈ្នួល​ប្រចាំខែ​អប្បបរមា​កម្ពុជា​មាន​ចំនួន ១៨២ ​ដុល្លារ​អាមេរិក​ ​នៅ​វៀតណាម​មាន​ចំនួន​ពី​ ១៨០ ​និង ​១៧១ ​ដុល្លារ​ នៅតាម​តំបន់ និង​ឥណ្ឌូនេស៊ី​មាន​ចំនួន​ពី​ ១៩៣ ​ដុល្លារ និង ២៧១ ​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​។

ទិន្នន័យ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា កម្មករ​ប្រហែល​ ១៤,៥ ​ភាគរយ​ នៅ​​ក្នុង​វិស័យ GTF ធ្វើ​ការងារ​នៅក្នុង​វិស័យ​ស្បែកជើង​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ដល់ ១១២ ៥៨៩ ​នាក់​ក្នុង​នោះ​ ៨៧ ​ភាគរយ ​ជា​ស្ដ្រី ដែល​មាន​ចំណែក​ ២ ​ភាគរយ​ ខ្ពស់ជាង​ធៀប​នឹង​វិស័យ​កាត់ដេរ​។

របាយការណ៍​ឆ្នាំ​ ២០១៨ របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹងថា ការនាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​មាន​តម្លៃ​ ១០ ​ពាន់​លាន​ដុល្លារ ​កើនឡើង​ ២៤ ​ភាគរយ​ ធៀប​នឹង​ ៨ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៧​។

បញ្ហា EBA ក៏ត្រូវ​បាន​លើកឡើង​នៅក្នុង​របាយការណ៍​នេះ​ជា​ការបារម្ភ​សម្រាប់​ឧស្សាហកម្ម GTF របស់​ប្រទេស កម្ពុជា​ ផងដែរ​។ EU នឹង​បង្ហាញ​របាយការណ៍​មួយ​ដល់​កម្ពុជា​ពី​ការសន្និដ្ឋាន​របស់ខ្លួន បន្ទាប់ពី​អំឡុងពេល​ ៣ ​ខែ​ទៀត​ដែល​​ការសម្រេចចិត្ត​ចុងក្រោយ​ស្ដីពី​ឋានៈ EBA របស់​ប្រទេស​ កម្ពុជា​ នឹងត្រូវ​ធ្វើឡើង​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ទទួល​ស្គាល់​ថា វិស័យ​រោងចក្រ​ស្បែកជើង​នៅ​កម្ពុជា​ពិតជា​មាន​ឱកាស​វិនិយោគ​ច្រើនជាង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ព្រោះ​ផលិតផល​ស្បែកជើង​មាន​តម្រូវការ​ទីផ្សារ​ធំ​ទូលាយ​។

លោក​បាន​បន្ថែម​ទៀត​ថា​ការរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA) នឹង​កាន់តែ​ជួយ​ជំរុញ​វិស័យនេះ​ថែមទៀត​។ លោក​បាន​ថ្លែងថា​៖ «​ជា​ការពិត​ផលិតផល​ស្បែកជើង​មាន​ទីផ្សារ​នាំ​ចេញទៅ​អឺរ៉ុប អាមេរិក និង​ជប៉ុន បើ​ទោះ​ជា​រោងចក្រ​ស្បែក​ជើង​មាន​ចំនួន​តិច​ក៏ដោយ​នៅ​ប្រទេស​កម្ពុជា​»​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​បន្ត​​ថា ភាព​មិនច្បាស់លាស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹង​ធ្វើឲ្យ​អ្នកវិនិយោគ​លើ​វិស័យ​ស្បែកជើង​មាន​ការរារែក​មិន​មក​បោះទុន​នៅ​កម្ពុជា​៕LA