ក្រុងប៉ារីសៈ អង្គការ​ស្រា​ពិភពលោក​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ការផលិត​ស្រា​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នឹង​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ឆ្នាំ​​ ២០១៨ ដោយសារ​ប្រទេស​នេះ​ជួប​វិបត្តិ​ទឹក ដែល​បំផ្លាញ​ទីក្រុង Cape Town និង​តំបន់​ជុំវិញ​។

អង្គការ​ស្រា​ទំពាំងបាយជូរ និង​ស្រា​អន្តរជាតិ (OIV) បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ក្រុមហ៊ុន​ផលិត​ស្រា​ឈាន​មុខ​គេ​របស់​អាហ្វ្រិក​ផលិត​ស្រា​នៅ​ឆ្នាំ​នេះ​បាន​ចំនួន​ ៨,៦ ​លាន​ហិកតូលីត្រ (១ ​ហិកតូលីត្រ ស្មើ​នឹង​ ១០០ ​លីត្រ​) ធ្លាក់​ចុះ ២០,៤ ភាគរយ​ដែល​ធ្លាក់​ចុះ​ចាប់ពី​ឆ្នាំ​ ២០១៧​។

តំបន់ Western Cape មិន​មាន​ភ្លៀង​ធ្លាក់​ជាង​ ៣ ​ឆ្នាំ​ហើយ​ដែល​បង្ខំ​ឲ្យ​ទីក្រុង​ទី​ ២ របស់​អាហ្វ្រិក​ខាង​ត្បូង​មួយ​នេះ​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​នៅ​តាម​លំនៅឋាន​។

ខណៈ​ការទទួល​យក​ដោយ​ប្រុងប្រយ័ត្ន​នូវ​ផលប៉ះពាល់​លើ​ការបង្កើន​រសជាតិ​ទំពាំងបាយជូរ ដោយសារ​កង្វះ​ទឹក ក្រុមហ៊ុន​ផលិត​ស្រា​អាហ្វ្រិក​កំពុង​ជម្នះ​ជាមួយ​នឹង​ភាព​រាំងស្ងួត​ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការ​បារម្ភ​នៅក្នុង​តំបន់ Cape Town ។

លើស​ពី​នេះ​ទៅ​ទៀត ការផលិត​ជារួម​នៅ​អឌ្ឍគោល​ខាង​ត្បូង​នឹង​រក្សា​ស្ថិរភាព​ក្នុង​ចំនួន​ប្រហែល ៥២ ​លាន​ហិកតូលីត្រ​ដែល​បាន​ផ្លាស់ប្តូរ​បន្តិចបន្តួច​ប៉ុណ្ណោះ​ធៀប​នឹង​ឆ្នាំ​មុន​។

ប្រទេស​អាហ្សង់ទីន​ដែល​ជា​ប្រទេស​ផលិត​ឈាន​មុខ​គេ​ទី​ ៦ ​របស់​ពិភពលោក​នឹង​មើល​ឃើញ​ការផលិត​របស់​ខ្លួន​កើនឡើង ១៤,២ ភាគរយ​ដល់​ ១៣,៥ ​លាន​ហិកតូលីត្រ​។

នៅក្នុង​ប្រទេស​ស៊ីលី​ដែល​ជា​ប្រទេស​បង្កើន​ភាព​ឈាន​មុខ​គេ​នៃ​ការផលិត​ស្រា​នៅ​លើ​ពិភពលោក​ផង​ដែរ​នឹង​មើល​ឃើញ​កំណើន​ ១៩ ​ភាគរយ​ដល់ ១១,៣ លាន​ហិកតូលីត្រ​។

អូស្ដ្រាលី​ជា​ប្រទេស​ផលិត​ស្រា​ទី ៥ ​របស់​ពិភពលោក​នឹង​មើល​ឃើញ​ការផលិត​ស្រា​របស់​ខ្លួន​ធ្លាក់ចុះ ៨,៧ ​ភាគរយ​មក​នៅត្រឹម ១២,៥ ​លាន​ហិកតូលីត្រ​។

ទន្ទឹម​នឹង​នេះ​ដែរ OIV បាន​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​ជា​ប្រវត្ដិសាស្ដ្រ​ក្នុង​ការ​ផលិត​ដែល​បាន​ជំរុញ​ដោយ​រដូវរងា​រយៈពេល​វែង​មិន​ធម្មតា​នៅក្នុង​ក្រុមហ៊ុន​ផលិត​ស្រា​ឈាន​មុខ​គេ​ទាំង ៣ របស់​ពិភពលោក​គឺ​ប្រទេស​អ៊ីតាលី បារាំង និង​អេស្ប៉ាញ​។

ការប្រើប្រាស់​លើ​ពិភពលោក​កាលពី​ឆ្នាំ​ ២០១៧ មាន​ចំនួន ២៤៣ លាន​ហិកតូលីត្រ​។

អង្គការ OIV បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ការធ្លាក់​ចុះ​ក្នុង​ការប្រើប្រាស់​របស់​បណ្ដា​ប្រទេស​ប្រើប្រាស់​ជា​ប្រវត្ដិសាស្ដ្រ ដូចជា បារាំង អ៊ីតាលី និង​អេស្ប៉ាញ ហាក់​ដូចជា​មាន​ស្ថិរភាព ខណៈ​ដែល​ការប្រើប្រាស់​របស់​អាមេរិក ចិន និង​អូស្ដ្រាលី​បាន​បន្ត​កើនឡើង​»៕ LA