ភ្នំពេញៈ ផលិតកម្ម​ស្វាយចន្ទី​​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ជាង​ ៥០ ​ភាគរយ ក្នុង​រយៈពេល​ ៣ ​​ឆ្នាំ​ចុង​ក្រោយ​នេះ​គិត​ត្រឹម​ឆ្នាំ ២០១៧ ​ដោយសារ​តែ​កសិករ​ទូ​ទៅ​ផ្លាស់ប្តូរ​ទៅ​ដាំដំណាំ​កសិកម្ម​​ផ្សេង​ទៀត​ក្នុង​ការ​រត់​ទៅ​​តាម​​ទីផ្សារ​។ នេះ​បើ​​តាម​តួលេខ​បាន​ពី​ក្រសួង​កសិកម្ម​។

ឧស្សាហកម្ម​ស្វាយចន្ទី​របស់​កម្ពុជា​បាន​នឹង​កំពុង​តែ​ជម្នះ​រួច​ហើយ​ក្នុង​ការរក​ទីផ្សារ​មួយ​ប្រកប​ដោយ​ស្ថិរភាព ខណៈ​តំណាង​សហគមន៍​ឲ្យ​ដឹង​ថា​ការពឹង​លើ​ឈ្មួញ​ក្នុង​ស្រុក​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កសិករ​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​បង្ហាញ​ថា​កម្ពុជា​ផលិត​គ្រាប់​ស្វាយចន្ទី​បាន ២៩៥ ៧៩១ តោន​កាលពី​ឆ្នាំ​ ២០១៤ ជាមួយ​នឹង​ការនាំ​ចេញ​កើនឡើង​ដល់ ២៧០ ៦៩៦ តោន​។

ទោះបី​យ៉ាង​នេះ​ក្តី​ទាំង​បរិមាណ​ផល និង​ការនាំ​ចេញ​បាន​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​ ២០១៧ ។

កាលពី​ឆ្នាំ​ ២០១៧ ការផលិត​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១៤២ ៧៧៣​តោន ធ្លាក់ចុះ​ ៥១,៧៣ ​ភាគរយ​ជាមួយ​នឹង​ការនាំ​ចេញ ៧៣ ១៧៩ តោន​ប៉ុណ្ណោះ​ដែល​ធ្លាក់​ចុះ​ ៧២,៩៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ​កាលពី​ឆ្នាំ​ ២០១៤​។ នេះ​បើ​យោង​តាម​របាយការណ៍​។

របាយការណ៍​បន្ត​ថា​ទីផ្សារ​ជា​ទិសដៅ​សំខាន់​របស់​គ្រាប់​ស្វាយចន្ទី​កម្ពុជា​គឺ​វៀតណាម ចិន និង​ប្រទេស​ឥណ្ឌា​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៅ​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការធ្លាក់​ចុះ​នេះ​បាន​បង្ហាញ​អំពី​អស្ថិរភាព​នៅក្នុង​វិស័យ​នេះ ខណៈ​កសិករ​តែងតែ​ផ្លាស់ប្តូរ​ទៅ​ដាំដំណាំ​កសិកម្ម​ផ្សេង​ទៀត​ដើម្បី​រត់​ទៅ​តាម​តម្រូវការ​ទីផ្សារ​។

លោក​ថ្លែង​ថា​៖ «​យោង​តាម​ទិន្នន័យ យើង​មើល​ឃើញ​ថា​កសិករ​មិន​មាន​ទំនុកចិត្ត​លើ​ការដាំដុះ​របស់​ពួកគេ​នោះ​ទេ ពួកគេ​ចង់​ផ្លាស់ប្តូរ​ទៅ​ដាំដុះ​ដំណាំ​កសិកម្ម​ផ្សេង​ពេល​ពួកគេ​មើល​ឃើញ​ផលចំណេញ​កាន់តែ​ច្រើន ឬ​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​នេះ ពួកគេ​បាន​រត់​តាម​ទីផ្សារ​»​។

លោក ហ៊ាន វណ្ណហន ហាក់​បាន​បន្ទោស​ដល់​កសិករ​ទាក់ទង​នឹង​ការដាំដុះ​។

លោក​ថ្លែង​ថា​៖ «​កសិករ​មិន​បាន​ដឹង​របៀប​ដាំដុះ​ផ្អែក​លើ​បច្ចេកទេស និង​ផែនការ​ត្រឹមត្រូវ ដើម្បី​ទៅ​ដល់​ទីផ្សារ​ខ្លួន​របស់​ពួកគេ​ទេ​»​។ លោក​បញ្ជាក់​ថា​៖ «​នេះ​ជា​បញ្ហា ហើយ​កសិករ​ភាគច្រើន​នៅ​តែ​បរាជ័យ​ក្នុង​ការទទួល​បាន​លើ​ការដាំដុះ​របស់​ពួកគេ​»​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​បញ្ជាក់​ថា ក្រសួងកសិកម្ម​កំពុង​ព្យាយាម​លើក​កម្ពស់​ឧស្សាហកម្ម​ស្វាយចន្ទី ដោយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រួម​គ្នា​ជា​សហករណ៍​នៅក្នុង​គោលនយោបាយ​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ទាក់ទាញ​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដល់​ឧស្សាហកម្ម​នេះ​។

លោក​បន្ត​ថា​ក្រសួង​ក៏​បាន​បញ្ជូន​មន្ដ្រី​បច្ចេកទេស​កសិកម្ម​ទៅធ្វើ​ការងារ​ជាមួយ​កសិករ ដើម្បី​ទទួល​បាន​ការផលិត​កាន់តែ​ខ្ពស់ និង​ការចំណាយ​តិច​ផង​ដែរ​។

លោក​ថ្លែង​​ថា​៖ «​វា​មាន​សារៈសំខាន់ ប្រសិន​បើ​កសិករ​អាច​បង្កើត​សហករណ៍​ពួកគេ​នឹង​ទទួល​បាន​ប្រយោជន៍ និង​ប្រាក់​ចំណេញ​ច្រើន​បើ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ត្រូវ​ធ្វើ​ឡើង​»​។

លោក​បន្ត​ថា​៖ «​យើង​មិន​អាច​ធានា​តម្លៃ​បាន​ទេ ដោយសារ​វា​ជា​ទីផ្សារ​សេរី ប៉ុន្តែ​យើង​អាច​ធានា​ថា ការផលិត​នឹង​ទៅ​ដល់​អ្នក​ទិញ​តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​»​។

លោក ឈីវ ងី នាយក​សមាគម​ស្វាយចន្ទី​នៅ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹងថា ស្ថាប័ន​នេះ​នៅ​តែ​កំពុង​ស្វែងរក​អ្នកទិញ​ដែល​ទុកចិត្ត​បាន​ដើម្បី​ធានា​តម្លៃ​ប្រកប​ដោយ​ស្ថិរភាព​ដល់​កសិករ​។

លោក ឈីវ ងី បាន​ឯកភាព​ថា​កសិករ​ភាគច្រើន​ពិត​ជា​មិន​បាន​យល់​ពី​បច្ចេកទេស និង​គុណភាព ដូច្នេះ​វា​ពិបាក​ក្នុង​ការបន្ថែម​តម្លៃ​ដល់​ផលិតផល​របស់​ពួកគេ​។

លោក​ថ្លែង​ថា​៖ «​កសិករ​មួយ​ចំនួន​ប្រញាប់​ប្រមូលផល ទោះបី​ជា​ផ្លែស្វាយ​ចន្ទី​មិន​ទាន់​រួច​ហើយ​ក៏ដោយ​ព្រម​ទាំង​មិន​ដឹង​ពី​បច្ចេកទេស និង​ការថែរក្សា​នោះ​ទេ ដូច្នេះ​វា​ពិបាក​ក្នុង​ការ​ទទួល​បាន​តម្លៃ​ខ្ពស់​»​។

លោក​បន្ត​ថា​៖ «​យើង​ចង់​បាន​កសិកម្ម​តាម​កិច្ចសន្យា​ជាង ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​មាន​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ធ្វើ​ឡើង​តាមរយៈ​សមាគម​នេះ​ទេ​»៕LA