ក្រុងប៊ែរឡាំងៈ ទិន្នន័យ​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញថា ផលិតកម្ម​ឧស្សាហកម្ម​នៅ​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​អឺរ៉ុប បាន​ងើប​ឡើងវិញ​បន្តិច​កាលពី​ខែសីហា​ដែល​ផ្ដល់នូវ​ចំណុច​ល្អ​មួយ​ចំពេល​កំពុង​មាន​ការគំរាមកំហែង​ពី​ខាងក្រៅ​។

អាជ្ញាធរ​ផ្នែក​ស្ថិតិ Destatis បាន​ឲ្យ​ដឹងថា ទិន្នផល​ឧស្សាហកម្ម​អាល្លឺម៉ង់​បាន​កើនឡើង​ ០,៣ ​ភាគរយ បើ​ធៀប​ទៅ​នឹង​ខែ​កក្កដា​។

ប៉ុន្តែ​ការធ្វើ​ពាណិជ្ជកម្ម​របស់​អាល្លឺម៉ង់​បាន​រង​ផលប៉ះពាល់​ដោយសារ​តែ​ភាពមិន​ច្បាស់លាស់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ដឹកនាំ​ដោយ​អាមេរិក និង​ការចង់​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។ ការធ្វើ​ពាណិជ្ជកម្ម​កាលពី​ខែ​សីហា​មាន​កម្រិត ៤ ​ភាគរយ​ទាប​ជាង​ខែ​សីហា ឆ្នាំ​ ២០១៨​។

ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​ថា​៖ «​ឧស្សាហកម្ម​នៅតែ​ស្ថិត​ក្នុង​ការធ្លាក់ចុះ​» ដោយសារ «​ការចុះ​ខ្សោយ​តម្រូវការ​នៅតែ​បន្ត​កើតមាន​»​។

តួលេខ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​បង្ហាញថា ការបញ្ជាទិញ​ឧស្សាហកម្ម​ក៏​បាន​ធ្លាក់ចុះ​កាលពី​ខែ​សីហា​ផង​ដែរ​។

លោក Carsten Brzeski សេដ្ឋវិទូ​នៅ​ធនាគារ ING បាន​ឲ្យ​ដឹងថា​ ការ​ស្ទុះ​ងើប​ឡើងវិញ​ពិតប្រាកដ​មួយ​ហាក់ដូច​មាន​រយៈពេល​វែងឆ្ងាយ​ទៀត ខណៈពេល​ដែល​ឧស្សាហកម្ម​នៅតែ​ងាយ​មាន​បញ្ហា ចំពោះ​ការអភិវឌ្ឍ​បន្ថែម​ទៀត​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​តែ​បន្ត​មាន​។

ការសម្លឹងមើល​វិស័យ​ផ្សេងៗ​នៃ​ឧស្សាហកម្ម​ទាំង​ក្រុមហ៊ុន​ផលិត​ទំនិញ និង​ក្រុមហ៊ុន​មូលធន​បាន​រាយការណ៍​ទិន្នផល​កើនឡើង ខណៈ​ការផលិត​របស់​ក្រុមហ៊ុន​ទំនិញ​ប្រើប្រាស់​បាន​ធ្លាក់ចុះ​។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ត្រូវ​បាន​រំពឹងថា នឹង​សម្រេចចិត្ត​នៅ​ខែ​ក្រោយ​ថា តើ​ត្រូវ​ហូតពន្ធ​នាំចូល​លើ​រថយន្ត​នាំចូល​ពី​អឺរ៉ុប​ទៅ​កាន់​អាមេរិក​ដែរ​ឬ​ទេ​?LA