The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផលិតផល​សិប្បកម្ម​កម្ពុជា​កំពុង​មាន​សន្ទុះ​នៅ​ទីផ្សារ​កូរ៉េ

ផលិតផល​សិប្បកម្ម​កម្ពុជា​កំពុង​មាន​សន្ទុះ​នៅ​ទីផ្សារ​កូរ៉េ

ផលិតផល​សិប្បកម្ម​កម្ពុជា​កំពុង​មាន​សន្ទុះ​នៅ​ទីផ្សារ​កូរ៉េ

ភ្នំពេញៈ ផលិត​ផល​សិប្បកម្ម​វាយនភ័ណ្ឌ និង​គ្រឿង​លម្អ​ក្នុង​ផ្ទះ​របស់​កម្ពុជា​កំពុង​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ទីផ្សារ​ប្រទេស​កូរ៉េ​ប៉ុន្តែ​ផលិតករ​កម្ពុជា​នៅ​មិន​ទាន់​ចាប់​យក​អត្ថ​ប្រយោជន៍​ពី​ឱកាស​ពាណិជ្ជកម្ម​នេះ​ពេញ​លេញ​នៅ​ឡើយ​ទេ ដោយ​សារ​បញ្ហា​ផ្នែក​ផលិតកម្ម។

នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី «ការ​រចនា​ម៉ូដ​ផលិតផល​វាយនភ័ណ្ឌ​និង​ការ​តុប​តែង​លម្អ​គេហដ្ឋាន សម្រាប់​ការ​ឈាន​ចូល​ទីផ្សារ​កូរ៉េ» ដែល​ធ្វើ​ឡើង​នៅ​ភ្នំពេញ​កាល​ពី​ម្សិលមិញ អ្នក​ស្រី Kyoung Jung A អ្នក​ជំនាញ​រចនា​ម៉ូដ និង​ជា​អ្នក​គ្រប់​គ្រង​ហាង​លក់​ផលិតផល​តែង​លម្អ​ដែល​មាន​សាខា​ជា​ច្រើន​នៅ ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​នាំ​ចូល​ផលិតផល​វាយនភ័ណ្ឌ​ផលិត​នៅ​កម្ពុជា​អស់​រយៈ​ពេល​បី​ឆ្នាំ​មក អតិថិជន​ជា​ច្រើន​របស់​កម្ពុជា ហើយ​តម្រូវ​ការ​ក៏​មាន​ការ​កើន​ឡើង​ជា​លំដាប់។

ចាប់​ពី​ខែ​ឧសភា ឆ្នាំ​មុន រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​នេះ អ្នក​ស្រី​បាន​នាំ​ចូល​ផលិតផល​ពី​កម្ពុជា​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​១០ ម៉ឺន​ដុល្លារ ហើយ​បើ​មាន​ការ​ផ្គត់​ផ្គង់​ផលិតផល​ដែល​មាន​គុណភាព​គ្រប់​គ្រាន់​ចំនួន​នឹង​អាច​មាន​ច្រើន​ជាង​នេះ។ អ្នក​ស្រី​ថ្លែង​ថា​៖ «ផលិតផល​ពី​កម្ពុជា​ចាប់​ផ្តើម​មាន​ប្រជាប្រិយ​ជាង​មុន ព្រោះ​មាន​អតិថិជន​កាន់​ច្រើន​ទិញ និង​ស្គាល់​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ផលិតករ​គួរ​ពង្រឹង​ការ​រចនា និង​កែ​លម្អ​គុណភាព​លើ​ផលិតផល​សម្រេច​បន្ថែម​ទៀត​ព្រោះ​ថា វា​នៅ​តែ​ជា​ឧបសគ្គ​ច្រើន​នៅ​ឡើយ»។

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ពង្រឹង​ពាណិជ្ជកម្ម កូរ៉េ-អាស៊ាន ក្នុង​បំណង​ពង្រឹង​ផលិតភាព​សិប្បករ​កម្ពុជា​និង ការ​យល់​ដឹង​ពី​ការ​វិវត្ត​នៃ​ទីផ្សារ​របស់​កូរ៉េ ដើម្បី​អាច​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​ទំនិញ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ លោក ម៉ៅ ថូរ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​ថា ការ​បង្ហាញ​ពី​និន្នាការ​ទីផ្សារ និង ការ​វិវត្ត​ថ្មី​នៃ​ទីផ្សា​កូរ៉េ ជា​ជំហាន​ថ្មី​មួយ​ទៀត​ដើម្បី​បង្ហាញ​ពី​តម្រូវ​ការ​ជាក់​ស្តែង​នៃ​ផលិតផល​កម្ពុជា​នៅ​លើ​ទីផ្សារ​កូរ៉េ និង​ការ​ស្វែង​យល់​ពី​ភាព​ខ្វះ​ចន្លោះ​របស់​ផលិតករ​យើង។

លោក ម៉ែន ស៊ីនឿន នាយក​ប្រតិបត្តិ​សមាគម​សិប្បករ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា រហូត​មក​ទល់​ពេល​នេះ​ផលិតផល​ដែល​ធ្វើ​ដោយ​ដៃ​ត្រូវ​បាន​នាំ​ចេញ​តិច​តួច​ណាស់​ទៅ​ទីផ្សារ​កូរ៉េ​។ ដូច្នេះ​លោក​រំពឹង​ថា រាល់​ការ​ផ្តល់​ជំនួយ​បច្ចេកទេស ឬ​ការ​សិក្សា​នានា​ពី​និន្នាការ​ទីផ្សារ ពិត​ជា​កត្តា​រួម​ផ្សំ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ផលិត​ភាព​នាំ​ចេញ​នា​ពេល​ខាង​មុខ។ លោក​ថ្លែង​ថា​៖ «គេ​អាច​បង្ហាញ​យើង​ពី​និន្នាការ​ទីផ្សារ​ជាក់​ស្តែង និង​ឥរិយាបថ​អ្នក​ប្រើ​ប្រាស់។ ការ​ផ្ទេរ​បទ​ពិសោធ​ការ​ទទួល​ចំណេះ​ដឹង​ថ្មី​នឹង​ផ្តល់​ប្រយោជន៍ និង​ពង្រឹង​ផលិតភាព​របស់​យើង​នា​ពេល​ខាង​មុខ»។

អ្នក​ស្រី សេង តក្កនារី ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា បាន​ឲ្យ​ដឹង​ថា សមាជិក​ក្នុង​សមាគម​មិន​ទាន់​បាន​នាំ​ចេញ​ផលិតផល​ទៅ​កូរ៉េ​នោះ​ទេ តែ​បើ​តាម​បទ​ពិសោធ​ក្នុង​ការ​ចូល​រួម​ពិព័រណ៍​ពាណិជ្ជកម្ម​ជា​ច្រើន ដង​នៅ​កូរ៉េ តម្រូវ​ការ​ពិត​ជា​មាន​ខ្លាំង​នៅ​ទី​នោះ៕

អត្ថបទគួរចាប់អារម្មណ៍