The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផលិតផល ២២ មុខ​នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​ផលិតផល GI

ផលិតផល ២២ មុខ​នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​ផលិតផល GI

ផលិតផល ២២ មុខ​នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​ផលិតផល GI

20140227_12
ក្រូចថ្លុងជាផលិតផលមួយក្នុងចំណោម២២ដែលត្រូវបញ្ចូលជាGI ម៉ៃ វីរៈ

ភ្នំពេញៈ ក្រសួង ពាណិជ្ជកម្ម មាន​ផែនការ​បញ្ជូល​ផលិតផល​សក្តានុពល ២២ ប្រភេទ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (G.I)។ នេះ​បើ​តាម​បញ្ជី​ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង ពាណិជ្ជកម្ម។

ម្រេច គិរីវង់ កាហ្វេ រតនគិរី សាច់ក្រក សៀមរាប ប្រហុក ត្រី​កំភ្លាញ សៀមរាប ផាមួង កោះដាច់ សូត្រ ភ្នំ​ស្រុក ក្រូចថ្លុង ស្ទឹងត្រែង ម្នាស់ ទឹក​ឃ្មុំ ស្ទឹងត្រែង ទុរេន កំពត ទឹក​ត្រី កំពត ក្រូច ពោធិ៍សាត់ បាត់ដំបង អង្ករ បាត់ដំបង ណែម បាត់ដំបង អង្ករ​នាង​អំ ក្រូច​ថ្លុង កោះ​ទ្រង់ ក្រឡាន ក្រចេះ ហូល ព្រែក​ចង្ក្រាន បង្កង តាកែវ ពងទា/ពងទា​កូន ស្រែ​ននោង អង្ករ ស្វាយ​ក្រហម ស្វាយរៀង ក្រវាញ ពោធិ៍សាត់ អំបិល/អំបិល​ក្រួស កំពត សុទ្ធ​សឹង​តែ​ជា​ផលិតផល​សក្តានុពល​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​សម្រាប់​ដាក់​ចូល​ជា G.I

លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​ក្រសួង ពាណិជ្ជកម្ម ប្រាប់​មក ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា គោល​បំណង​នៃ​ការ​បញ្ជូល​ផលិតផល​ខាង​លើ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ គឺ​ដើម្បី​ការពារ​ម៉ាក​ផលិតផល​តាម​ភូមិសាស្ត្រ​ប្រភព​ដើម​និង​គុណភាព​ផលិតផល​ខ្មែរ​ក៏​ដូច​ជា​លើក​កម្ពស់​ការ​ផលិត​ក្នុង​ចំណោម​កសិករ​និង​អ្នក​ផលិត​ផង​ដែរ។

លោក​ថ្លែង​ថា៖ «គោល​បំណង​ទី​មួយ​គឺ​ជំរុញ​ផលិតផល​ខ្មែរ លើក​ទឹក​ចិត្ត​កសិករ និង​អ្នក​ផលិត​ឲ្យ​គាត់​ផលិត​ឲ្យ​បាន​កាន់​តែ​ច្រើន​ទី​ពីរ​ការ​បញ្ជូល​នោះ​គឺ​មាន​ន័យ​ថា យើង​ការពារ​ផលិតផល​របស់​យើង ម៉ាក​របស់​យើង គុណភាព​របស់​យើង មិន​ឲ្យ​មាន​ការ​ក្លែង​បន្លំ​ក្នុង​ទីផ្សារ»។

លោក កែន រដ្ឋា បាន​ឲ្យ​ដឹង​ថា ច្បាប់ G.I គឺជា​ច្បាប់​ដែល​ការពារ​ម៉ាក​សញ្ញា ទំនិញ​សម្គាល់​ភូមិសាស្ត្រ និង​មាន​ប្រភព​ដើម​ច្បាស់​លាស់​បង្ការ​មិន​ឲ្យ​មាន​ការ​ចម្លង​និង​ការ​ប្រើ​ប្រាស់​ឈ្មោះ​ផលិតផល​នោះ​ត្រូវ​បាន​គេ​ចម្លង​យក​ប្រើ​ប្រាស់​ផ្សេងៗ​ក្នុង​លក្ខណៈ​មិន​ស្មោះ​ត្រង់។

លោក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល សរសេរ​លើ​ទំព័រ ហ្វេសប៊ុក ជា​ផ្លូវ​ការ​របស់​ក្រសួង ពាណិជ្ជកម្ម ថា ម៉ាក​សម្គាល់​ភូមិសាស្ត្រ​សំដៅ​ដល់​ឈ្មោះ ឬ​សញ្ញា​សម្គាល់​ផ្សេងៗ​ដែល​ប្រើ​ប្រាស់​លើ​ផលិតផល​ដើម្បី​កំណត់​អត្ត​សញ្ញាណ​ទំនិញ​ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ភូមិសាស្ត្រ​ជាក់​លាក់​ណា​មួយ។

លោក​បាន​បន្ថែម​ថា វិញ្ញាបនបត្រ​បញ្ជាក់​ម៉ាក G.I នេះ​នឹង​ជួយ​ឲ្យ​ប្រជា​កសិករ និង​អ្នក​ផលិត​មាន​ជីវភាព​ប្រសើរ​ឡើង​តាម​រយៈ​ការ​បង្កើន​ផលិតកម្ម និង​តម្លៃ​នៃ​មុខ​ទំនិញ។

ម្រេច កំពត និង​ស្ករ​ត្នោត កំពង់ស្ពឺ គឺជា​ផលិតផល​កម្ពុជា​ដំបូង​គេ​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ទំនិញ​សម្គាល់​ភូមិសាស្រ្ត​កាល​ពី​ឆ្នាំ ២០១០ ដែល​បាន​ធ្វើ​ឲ្យ​មុខ​ទំនិញ​ទាំង​ពីរ​នេះ ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ទីផ្សារ​អន្តរជាតិ​ពី​គុណភាព និង​ប្រភព​ដើម​របស់​ផលិតផល។

ម្រេច កំពត និង​ស្ករ​ត្នោត កំពង់ស្ពឺ កំពុង​តែ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នៃ​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក កូរ៉េ ចិន ជប៉ុន បារាំង និង អង់គ្លេស ជាដើម ក្នុង​តម្លៃ​ខ្ពស់។

លោក ស្រី ចន្ធី អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​រំពឹង​ថា​ផែនការ​ដែល​ដាក់​ចេញ​ដោយ​ក្រសួង ពាណិជ្ជកម្ម នេះ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន។

លោក​បន្ត​ថា កម្ពុជា មាន​បទ​ពិសោធ​គ្រប់​គ្រាន់​ក្នុង​ការងារ​ផលិតផល G.I នេះ។ លោក​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា យើង​អាច​ធ្វើ​បាន​ហើយ។ ផលិតផល G.I នឹង​ជួយ​មិន​ឲ្យ​មាន​ការ​ក្លែង​បន្លំ ព្រោះ​ទំនិញ​គាត់​នឹង​ត្រូវ​បាន​ការពារ​ដូចជា​ការ​រក្សា​សិទ្ធិ​ដូច្នេះ​ដែរ។ ក្នុង​ករណី​ប្រទេស​ផ្សេង​ក្លែង​បន្លំ​ផលិតផល​របស់​យើង​នោះ​យើង​អាច​ប្តឹង​បាន»៕

អត្ថបទគួរចាប់អារម្មណ៍