
លោក ហេង សេងលី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ផាកកាហ្វេ ក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន ផាក កាហ្វេ ដែលជាម៉ាកយីហោអាហារដ្ឋានក្នុងស្រុកមួយ នាពេលថ្មីៗនេះបានបង្ហាញយុទ្ធសាស្រ្តអាជីវកម្មប្រកបដោយមហិច្ឆតា តាមរយៈការពង្រីកចំនួនសាខារបស់ខ្លួនឲ្យដល់ ១០០ ហាងនៅឆ្នាំ ២០២៥ ខាងមុខ។
កាលពីសប្តាហ៍មុន ផាក កាហ្វេ បានសម្រេចកិច្ចព្រមព្រៀងតែងតាំងក្រុមហ៊ុនមួយដើម្បីផ្តល់ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុដើម្បីត្រៀមខ្លួនក្នុងការកៀរគរដើមទុនតាមរយៈការចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា ឬពីក្រុមហ៊ុនវិនិយោគនានា។
អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានជួបសម្ភាសលោក ហេង សេងលី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ផាកកាហ្វេ ដើម្បីពិភាក្សាពីផែនការ និងយុទ្ធសាស្រ្តអាជីវកម្មរបស់ផាកកាហ្វេ។
កាលពីសប្ដាហ៍មុន Park Café បានតែងតាំងក្រុមហ៊ុន APM (Cambodia) Securities ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ តើក្រុមហ៊ុន APM ជួយក្រុមហ៊ុនរបស់លោកដូចម្ដេចដែរ?
APM (Cambodia) Securities គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុមួយ ដែលមានក្រុមហ៊ុនមេនៅប្រទេស ថៃ និងបានជួយក្រុមហ៊ុនជាច្រើន លើរបាយការណ៍ហិរញ្ញវត្ថុ មុនពេលចុះបញ្ជីប្រកបដោយជោគជ័យលើផ្សារហ៊ុនថៃ។
តាមរយៈការតែងតាំងក្រុមហ៊ុននេះជាក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុ ក្រុមហ៊ុន APM នឹងជួយធ្វើសវនកម្ម របាយការណ៍ហិរញ្ញវត្ថុរបស់ Park Café ដើម្បីធ្វើឲ្យវាមានតម្លាភាព និងស្ដង់ដារស្របតាមស្ដង់ដាររបស់ក្រុមហ៊ុនចុះបញ្ជីលើផ្សារហ៊ុន។
តើអ្វីជាគោលបំណងចម្បង របស់លោកក្នុងការធ្វើដូច្នេះ?
ក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុ ជួយពួកយើងសម្រាប់តម្លាភាពហិរញ្ញវត្ថុ។ តាមរយៈតម្លាភាពក្នុងរបាយការណ៍ហិរញ្ញវត្ថុ យើងអាចរកមូលនិធិក្នុងស្រុក និងអន្តរជាតិ។ គោលបំណងរបស់យើងនឹងពង្រីកពាណិជ្ជកម្មរបស់យើង។
យើង គ្រោងនឹងពង្រីកហាងលក់របស់យើងដល់ ១០០ ហាងត្រឹមឆ្នាំ ២០២៥។ ដើម្បីទៅដល់ទីនោះ យើងត្រូវការការគាំទ្រផ្នែកមូលនិធិ។ ដើម្បីទទួលមូលនិធិប្រកបដោយជោគជ័យ យើងចាំបាច់ត្រូវមានរបាយការណ៍ហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ។ ដូច្នេះ ការមានក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ ដែលមានជំនាញ និងឯកទេសមានសារៈសំខាន់បំផុត។
នៅពេលយើងធ្វើឲ្យមានលក្ខណៈស្ដង់ដារ និងគុណភាពគ្រប់គ្រាន់យើងមានជម្រើសក្នុងការរកមូលនិធិតាមរយៈបណ្ដាញជាច្រើន។ យើងអាចទៅផ្សារមូលបត្រកម្ពុជា (CSX) ថាតើត្រូវចុះបញ្ជី ឬបោះផ្សាយលក់ភាគហ៊ុន ឬបោះផ្សាយលក់មូលបត្របំណុល។ យើងអាចរកមូលនិធិតាមរយៈក្រុមហ៊ុនមូលធន ឬក្រុមវិនិយោគិនលក្ខណៈបុគ្គល។
តើនរណាខ្លះជាក្រុមវិនិយោគិនបច្ចុប្បន្នរបស់ Park Café?
Park Café ត្រូវបានបង្កើតឡើងដោយក្រុមពាណិជ្ជករក្នុងស្រុកមួយក្រុម ហើយពេលនេះមានការវិនិយោគមកពីក្រុមហ៊ុនបរទេស។
Emerging Markets Investments Pte Ltd (EMI) ជាក្រុមហ៊ុនវិនិយោគ ដែលគ្រប់គ្រងក្រុមហ៊ុនមូលនិធិ Cambodia-Laos Development Fund (CLDF) ចុះបញ្ជីនៅប្រទេស លុចសំបួ ដែលបានទិញភាគហ៊ុនមួយចំនួនពីក្រុមហ៊ុនរបស់យើង ហើយនៅពេលនេះក្រុមហ៊ុន CLDF គ្រប់គ្រងភាគហ៊ុន ៣៧,៥ ភាគរយនៅក្នុង Park Café។ ភាគហ៊ុននៅសល់ ត្រូវបានគ្រប់គ្រងដោយក្រុមវិនិយោគិនក្នុងស្រុក។
តើ Park Café រីកច្រើនដូចម្ដេច ចាប់តាំងពីប្រតិបត្តិការជាលើកដំបូងរហូតមកដល់ពេលនេះ? ហើយមានហាងប៉ុន្មានហើយមកដល់ពេលនេះ?
កាលពីឆ្នាំ ២០០៤ នៅពេល Park Café ត្រូវបានបង្កើតឡើង យើងមានសាខាតែមួយប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃ យើងមាន ១៥ សាខា ដែលក្នុងនោះ ៤ សាខាគឺជាហាងទទួលបានសិទ្ធិធ្វើអាជីវកម្ម។ បច្ចុប្បន្នយើងផ្ដល់ការងារដល់ប្រជាជនកម្ពុជាប្រហែល ៥០០នាក់។
យើងនឹងពង្រីកហាងរបស់យើងបន្ថែមទៀតនៅឆ្នាំក្រោយ។ ចំនួនអតិថិជនរបស់យើង បានកើនឡើងប្រចាំឆ្នាំផងដែរ។ កាលពីឆ្នាំមុន យើងទទួលបានអតិថិជនប្រហែល ១,៥ លាននាក់។ ឆ្នាំនេះ យើងរំពឹងថាអតិថិជនរបស់យើងនឹងកើនឡើងដល់ជិត ២ លាននាក់។
ហេតុអ្វីបានជាលោកគិតថា ក្រុមវិនិយោគិនគួរតែវិនិយោគក្នុងក្រុមហ៊ុនលោកនៅពេលលោករកមូលនិធិ?
Park Café គឺជាយីហោចាស់ទុំមួយនៅក្នុងឧស្សាហកម្មអាហារ និងភេសជ្ជៈកម្ពុជា។ យើងគឺជាយីហោក្នុងស្រុក ដែលបម្រើអាហារក្នុងស្រុក។ មនុស្សជាច្រើនអាចមើលរំលងសក្ដានុពលអាជីវកម្មរបស់យើង ប៉ុន្តែធៀបនឹងចង្វាក់ភោជនីយដ្ឋានផ្សេងទៀត យើងមានសមត្ថភាពប្រកួតប្រជែងខ្លាំង។ តើញឹកញាប់ប៉ុនណាដែលអតិថិជនញ៉ាំបាយ ឬមី?តើអតិថិជនញ៉ាំភីហ្សាប៉ុន្មានដង?
ការបម្រើអាហារក្នុងស្រុកគឺជាភាពផ្ដាច់មុខរបស់យើង។ យើងបម្រើអាហារដែលអតិថិជនអាចញ៉ាំបានរាល់ថ្ងៃ។
ក្រៅពីនេះ យើងបានបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍធនធានមនុស្សរបស់យើង ឲ្យមានអាជីពពិតប្រាកដ។
តើលោករំពឹងទុកយ៉ាងណាលើអនាគតនៃទីផ្សារអាហារ និងភេសជ្ជៈកម្ពុជា?
វានឹងបន្តកើនឡើង ស្របនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ GDP កម្ពុជាក្នុងមនុស្សម្នាក់ៗ បានកើនឡើងប្រចាំឆ្នាំ ដោយចំនួនអ្នកមានប្រាក់ចំណូលកណ្ដាល បានកើនឡើងផងដែរ។ ផ្សារទំនើបជាច្រើននឹងបើកដំណើរការ និងការវិនិយោគលើផ្សារទំនើបនឹងទាក់ទាញក្រុមវិនិយោគិន F&B ឲ្យចូលមកទីផ្សារនេះ ទាំងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
ខណៈទីផ្សារនេះនឹងកើនឡើង ប្រតិបត្តិករកាន់តែច្រើន នឹងចូលមកទីផ្សារនេះ។ វាបណ្ដាលឲ្យមានការប្រកួតប្រជែង និងហានិភ័យកាន់តែខ្លាំងឡើង សម្រាប់ក្រុមវិនិយោគិនថ្មីៗ នៅពេលពួកគេចង់ចូលទីផ្សារនេះ។
ពេលនេះប្រតិបត្តិករ នឹងត្រូវការយល់ដឹងទីផ្សារនេះឲ្យកាន់តែច្បាស់ និងមានជំនាញកាន់តែខ្លាំង។ បញ្ហាប្រឈមផ្សេងទៀតគឺថា ពេលឧស្សាហកម្មនេះរីកច្រើនយ៉ាងរហ័ស វាប្រឈមនឹងកង្វះធនធានមនុស្ស។ តម្លៃជួលហាងកំពុងកើនឡើងផងដែរ ដែលជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់ពួកយើង៕LA