The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផែនការ​សង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ក្រុង​ព្រះសីហនុ ត្រូវ​លើក​ទៅ​ដើមឆ្នាំ ២០២២




ផែនការ​សង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ក្រុង​ព្រះសីហនុ ត្រូវ​លើក​ទៅ​ដើមឆ្នាំ ២០២២

Content image - Phnom Penh Post
កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។រូបថត នាយកដ្ឋានទីផ្សារ កំពង់ផែស្វយ័តក្រុងព្រះសីហនុ-កសស

ផែនការ​សង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ក្រុង​ព្រះសីហនុ ត្រូវ​លើក​ទៅ​ដើមឆ្នាំ ២០២២

ភ្នំពេញៈ គម្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដែល​ទទួល​បាន​កម្ចី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន (JICA) នឹង​ត្រូវ​ពន្យារពេល​ទៅ​ដើមឆ្នាំ ២០២២ វិញ ខណៈ​ការរចនា​ប្លង់​មាន​ភាពយឺតយ៉ាវ​ជាង​ការគ្រោងទុក។ នេះ​បើ​យោងតាម​ការប្រាប់​ឱ្យដឹងពី​ថ្នាក់ដឹកនាំ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។

JICA កន្លងមក​បានសម្រេច​ផ្តល់​កម្ចី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវការ (ODA) សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ក្រុងព្រះសីហនុ ដំណាក់កាល​ទី ១ ជាមួយនឹង​ទំហំ​ទឹកប្រាក់​សរុប ២៣ ៥០២ ០០០ ០០០ យ៉េន (ប្រមាណ ២១៨ លាន​ដុល្លារ)។

ផែ​កុងតឺន័រ​ថ្មី​ដែល​មាន​ប្រវែង ៣៥០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៤,៥ ម៉ែត្រ​នេះ នៅពេល​ដំបូង​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២១ ដោយ​នឹង​អាច​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៤។ ចំណត​ថ្មី​នេះ​នឹង​អាចឱ្យ​នាវា​ដែលមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​ចំនួន ៦០០០០ DWT (៥០០០ TEUs) ចូល​ចត និង​អាច​អនុញ្ញាត​ឱ្យ​នាវា​កុងតឺន័រ​ឆ្លងកាត់​តំបន់​អាស៊ី​ប្រមាណ ៩៣ ភាគរយ ចូលមក​កាន់​កំពង់ផែ​ក្រុងព្រះសីហនុ។

លោក លូ គឹមឈន់ ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ២៦ ខែមេសា​ថា បញ្ហា​រយៈពេល​សិក្សា​គូរ​ប្លង់​ និង​ការកែសម្រួល​ច្រើនដង​បាន​ធ្វើឱ្យ​ផែនការ​សាងសង់​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ត្រូវ​លើក​ពេល​ទៅ​ដើមឆ្នាំ ២០២២ ខាងមុខ។ លោក​បន្តថា នៅពេល​បើក​ដំណើរការ ផែ​កុងតឺន័រ​ថ្មី​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការពង្រឹង​វិស័យ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​ទៅក្នុង​តំបន់ និង​ពិភពលោក។

លោក​អះអាងថា៖ «ផែនការ​សាងសង់​ផែ​កុងតឺន័រ​ថ្មី​នឹង​ត្រូវ​ពន្យារពេល​ទៅ​ដើមឆ្នាំ ២០២២ ដោយសារ​ការសិក្សា​គូរប្លង់​មាន​ការយឺតយ៉ាវ​ និង​ការកែសម្រួល​ច្រើនដង»។ លោក​បន្ថែមថា៖ «ខ្ញុំ​យល់ថា នៅពេល​កម្ពុជា​មាន​ផែ​ទឹក​ជ្រៅ​នឹងមាន​នាវា​ធំៗ​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​កាន់តែ​ច្រើន ដែល​វា​នឹង​ជួយ​ធ្វើឱ្យ​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​តាម​សមុទ្រ​ចុះថ្លៃ​ និង​ចំណាយពេល​តិច​ព្រមទាំង​ចូលរួម​បង្កើន​ភាពប្រកួតប្រជែង​សម្រាប់​កម្ពុជា​ផងដែរ»។

ទាក់ទង​នឹង​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន លោក គឹមឈន់ បាន​ប្រាប់ថា ការផ្ទុះ​ជំងឺ​កូវីដ១៩ បាន​បង្កឱ្យមាន​ផលប៉ះពាល់​មួយចំនួន​ដល់​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​និយាយថា ផែ​កុងតឺន័រ​ថ្មី​ដែល​មាន​ជម្រៅ​ទឹក ១៤,៥ ម៉ែត្រ​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​បច្ចុប្បន្ន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​មិនទាន់​អាច​ទទួលបាន​ការចូល​ចត​របស់​នាវា​ធំៗ​លំដាប់​ពិភពលោក​នៅឡើយ​ទេ។ លោក​បន្តថា សព្វថ្ងៃ​នៅពេល​ត្រូវការ​ដឹកទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក កម្ពុជា​ត្រូវ​ដឹកជញ្ជូន​ទំនិញ​តាម​នាវា​ខ្នាតតូច និង​កណ្តាល​ទៅ​ផ្ទេរ​ទំនិញ​នៅតាម​កំពង់ផែ​ធំៗ​នៅ​ប្រទេស​មួយចំនួន​ដូចជា សិង្ហបុរី ហុងកុង ថៃ និង​វៀតណាម ជាដើម។

លោក​អះអាង​ថា៖ «នៅពេល​កម្ពុជា​មាន​ចំណត​ផែ​ទឹក​ជ្រៅ វា​នឹង​ធ្វើឱ្យ​កប៉ាល់​ធំៗ​ចូល​មក​ចត និង​ដឹកទំនិញ​ដោយផ្ទាល់​ទៅគ្រប់​គោលដៅ​លើ​ពិភពលោក។ ការធ្វើ​បែបនេះ​នឹង​ជួយ​ឱ្យ​ការចំណាយ​ថវិកា​អស់​តិច និង​ចំណេញ​ពេលវេលា​ជាង​មុន ដែល​នឹង​ធ្វើឱ្យ​សមត្ថភាព​នៃ​ការប្រកួតប្រជែង​ទំនិញ​លើ​ទីផ្សារ​អន្តរជាតិ​មាន​កាន់តែ​ប្រសើរ»។

បច្ចុប្បន្ន​ទំនិញ​កម្ពុជា​ដែល​ត្រូវ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​មាន​ប្រមាណ​ជិត ៨០ ភាគរយ​ត្រូវ​ឆ្លងកាត់​តាម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។ នេះ​បើតាម លោក ស៊ិន ចន្ធី។

យោងតាម​លោក គឹមឈន់ នា​រយៈពេល ៥ ឆ្នាំ​មុនពេល​មាន​វិបត្តិ​កូវីដ១៩ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​កំណើន​ជា​មធ្យម ១៤ ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២០ ធៀប​នឹង​ឆ្នាំ ២០១៩ មាន​កំណើន​ត្រឹម ៤ ភាគរយ​ប៉ុណ្ណោះ។ ដោយឡែក​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២១ គឺមាន​កំណើន​ប្រមាណ ៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០៕

អត្ថបទគួរចាប់អារម្មណ៍