ទីក្រុងឡាអេៈ រដ្ឋាភិបាល​ហូឡង់​កាលពី​ថ្ងៃ​សៅរ៍​បាន​ផ្អាក​ផែនការ​ជួយ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ដែល​ទទួលរង​សម្ពាធ​ដ៏ខ្លាំង KLM ជាមួយ​កញ្ចប់​សង្គ្រោះ​ច្រើន​ពាន់​លាន​អឺរ៉ូ បន្ទាប់ពី​សហជីព​បាន​បដិសេធ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​ជាប់​ទាក់ទិន​នឹង​ផែនការ​កាត់​ចំណាយ​រយៈពេល​ ៥ ​ឆ្នាំ​។

ការសម្រេច​នេះ​បាន​ធ្វើឱ្យ​អនាគត​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ហូឡង់​ដែល​ជា​ផ្នែក​នៃ​អាកាសចរណ៍​បារាំង (KLM) ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ដោយ KLM និយាយថា វា​នៅ​មិន​ឆ្ងាយ​ដោយ​គ្មាន​ការរួមបញ្ចូល​ថវិកា​សង្គ្រោះ​របស់​រដ្ឋាភិបាល​ដ៏ច្រើន​ដើម្បី​ជួយ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏មាន​វ័យ​ចំណាស់​បំផុត​របស់​ពិភពលោក​ដែល​ពេលនេះ​បាន​រង​ការវាយប្រហារ​ដ៏ធ្ងន់ធ្ងរ​បំផុត​ដោយ​ការរីករាលដាល​វីរុស​កូរ៉ូណា​។

លោក Wopke Hoekstra រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហូឡង់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​ក្រុមហ៊ុន KLM ថា​៖ «​ជំនួយ​រដ្ឋ​ដែល​បាន​គ្រោងទុក​មិន​សម្រេច​បាន​នោះទេ​។ វា​ជាការ​ខកចិត្ត ប៉ុន្តែ​នេះ​ជា​រឿង​កើតឡើង​ទៅហើយ​»​។

លោក​រដ្ឋមន្ត្រី​បាន​និយាយថា​៖ «​វា​ពិតជា​សំខាន់​ណាស់នា​ពេលដែល​អ្នក​រាល់គ្នា​មាន​ការទទួលខុសត្រូវ​របស់ខ្លួន និង ដឹងថា KLM ស្ថិតក្នុង​វិបត្តិ​ជាក់ស្តែង​»​។

ការសម្រេចចិត្ត​របស់​គណៈរដ្ឋមន្ត្រី​ហូឡង់​កើត​មានតែ​ ១ ​ថ្ងៃក្រោយ​ការជជែក​គ្នា​ជាមួយ​វត្ថុបំណង​ជាក់លាក់​រវាង KLM និង​សហភាព​ការងារ​របស់ខ្លួន​ដើម្បី​ព្យាយាម និង​សម្រេច​ឱ្យបាន​នូវ​កិច្ចព្រមព្រៀង​លើ​កញ្ចប់​សង្គ្រោះ ដែល​លោក Hoekstra និយាយ​ថា វា​គួរ​សម្រេច​បាន ប្រសិន​បើ​ក្រុមហ៊ុន​អាកាសចរណ៍​ប្រកាន់ខ្ជាប់ ចំពោះ​វិធានការ​កាត់បន្ថយ​ដ៏តឹងតែង​។

លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បានឱ្យ​ក្រុមហ៊ុន KLM និង​សហភាព​ការងារ​ដែល​ធ្វើជា​តំណាង​អាកាសយានិក ក្រុម​បុគ្គលិក​បម្រើ​ការងារ​តាម​យន្តហោះ​រហូត​ដល់​ម៉ោង​ ១២ ​យប់​ម៉ោង​សកល​ត្រឹម​យប់​ថ្ងៃ​សៅរ៍ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​បើកផ្លូវ​ទទួល​យក​ផ្នែក​ទី​ ២ ​នៃ​ការចាក់​បញ្ចូល​សាច់ប្រាក់​ ៣,៤ ​ពាន់​លាន​អឺរ៉ូ​។

អំឡុងពេល​នៃ​ការជជែក​គ្នា​ដែល​នៅ​បន្ត​ជាមួយ​សហភាព​ការងារ​ជាច្រើន សហភាព​ការងារ​តំណាង​អាកាសយានិក VNV បាន​បដិសេធ​ចុះហត្ថលេខា​លើ​អ្វី​ដែល​ពួកគេ​យល់ថា បាន​ផ្លាស់ប្តូរ​លក្ខខណ្ឌ​នៅ​នាទី​ចុងក្រោយ​សម្រាប់​កិច្ចព្រមព្រៀង​នោះ​។

ជម្លោះ​ដ៏ជូរចត់​ប្រមូលផ្តុំ លើ​ប្រការ​ ១ ​ក្នុង​កិច្ចព្រមព្រៀង​ដែល​ស្នើឱ្យ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​បញ្ហា​ត្រូវ​កាត់បន្ថយ​ប្រាក់ខែ​សម្រាប់​រយៈពេល ៥ ​ឆ្នាំ​ខាងមុខ​។

KLM នៅក្នុង​សប្តាហ៍​នេះ​បានបង្ហាញ​នូវ​ផែនការ​រឹតត្បិត​ដល់​ក្រសួង​ហិរញ្ញវត្ថុ​ដែល​ទាមទារ​ឱ្យ​កាត់​ការចំណាយ​ ១៥ ​ភាគរយ ហើយ​និង​មើលឃើញ​ការងារ​ ៥០០០ ​កន្លែង​ត្រូវបាន​បញ្ឈប់​ដោយសារ​ផលប៉ះពាល់​ជា​សកល​នៃ​ការរីករាលដាល​វីរុស​កូរ៉ូណា​លើ​ការធ្វើ​ដំណើរ​តាមផ្លូវ​អាកាស​។

ក្រុមហ៊ុន​នេះ​ក៏បាន​រួមបញ្ចូល​នូវ​កិច្ចព្រមព្រៀង​ពី​សហភាព​ការងារ​ដើម្បី​កាត់​ប្រាក់ខែ​អាកាសយានិក​រហូត​ដល់​ខែមីនា ឆ្នាំ​ ២០២២ និង ប្រាក់ខែ​បុគ្គលិក​ផ្នែក​សេវាកម្ម​លើ​យន្តហោះ​រហូត​ដល់​ដើមឆ្នាំ​ ២០២៣​។

ប៉ុន្តែ​លោក​រដ្ឋមន្ត្រី Hoekstra កាលពី​ថ្ងៃ​សុក្រ​បាន​ទម្លាក់ចោល​ផែនការ​នោះ ដោយ​ទទូច​ឱ្យ​មាន​ការកាត់បន្ថយ​ប្រាក់ខែ​ឱ្យ​ស្របពេល​ជាមួយ​នឹង​កញ្ចប់​ថវិកា​សង្គ្រោះ​រយៈពេល​ ៥ ​ឆ្នាំ​របស់​រដ្ឋាភិបាល​។

តំណាង​សហភាព​ការងារ VNV បន្ទាប់ពី​ពេលវេលា​កំណត់​បាន​កន្លង​ផុត​ទៅ​ភ្លាមៗ​បាន​ឱ្យ​ដឹងថា​៖ «​យើង​មិនបាន​ចុះ​ហត្ថុលេខា​ទេ​»​។

តំណាង​សហភាព​ការងារ​នោះ​ដែល​បដិសេធ​មិនបាន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​និយាយថា​៖ «​យើង​បាន​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ KLM រួចហើយ​កាលពី​ថ្ងៃ​ទី​ ១ ខែតុលា ហើយ​ពេលនេះ​ពួកគេ​ (​រដ្ឋាភិបាល​) ​បាន​ទៅ​សើរើ​កិច្ចព្រមព្រៀង​ឡើងវិញ​»៕ RR