ភ្នំពេញៈ Cambodia Airports ដែលជាក្រុមហ៊ុនសម្បទានយូរអង្វែងនៃបណ្តាញអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាបានប្រគល់ផែនការមេរយៈពេលវែងចុងក្រោយកាលពីថ្ងៃអង្គារសម្រាប់ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA)។
ផែនការមេពង្រីកហេដ្ឋារចនាសម្ព័ន្ធនេះ គឺដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ។
លោក Alain Brun អគ្គនាយកក្រុមហ៊ុន Cambodia Airports បានចុះហត្ថលេខាប្រគល់នូវផែនការអភិវឌ្ឍន៍ និងវិនិយោគរយៈពេល ២០ ឆ្នាំជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុក SSCA នៅការិយាល័យរបស់លោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងសំខាន់មួយក្នុងចំណោមគម្រោងទាំងនេះដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗ គឺការពង្រីក និងជួសជុលផ្លូវរត់ ដើម្បីទទួលយន្តហោះធំ និងយន្តហោះហោះរយៈពេលវែង។
លោក Brun ថ្លែងថា៖ «ផែនការមេសម្រាប់អាកាសយានអន្តរជាតិក្នុងក្រុងព្រះសីហនុគឺជាសក្ខីភាពរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។ ក្រុមហ៊ុន Vinci Airports ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការតភ្ជាប់វិស័យអាកាសចរណ៍ ដូច្នេះវាជាការចូលរួមចំណែកក្នុងការដោះសោឱកាសធុរកិច្ច និងទេសចរណ៍សម្រាប់ផលប្រយោជន៍ដល់ប្រជាជនខ្មែរទាំងអស់»។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ SSCA បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ផែនការនេះគឺជាការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតចំពោះផែនការវិនិយោគរយៈពេលវែង ដោយក្រុមហ៊ុន Cambodia Airports សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ ដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរ និងការដឹកទំនិញនៅក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ។
លោកបន្តថា ដំណាក់កាលទី ១ នៃផែនការនេះនឹងធ្វើឡើងចន្លោះពេលនេះដល់ឆ្នាំ ២០៣០ ហើយក្រុមហ៊ុន Cambodia Airports កំពុងរៀបចំផែនការផ្លាស់ប្តូរទ្រង់ទ្រាយធំ ដែលរួមមានការពង្រីកផ្លូវរត់ដល់ ៣ ៣០០ ម៉ែត្រពីបច្ចុប្បន្នមានប្រវែង ២ ៥០០ ម៉ែត្រ ផ្លូវនាំចូលចំណតថ្មី ចំណតយន្តហោះ និងស្ថាបនាចំណតអ្នកដំណើរថ្មីដែលអាចទទួលអ្នកដំណើរបាន ៣ លាននាក់។
លោកបន្តថា សម្រាប់ដំណាក់កាលទី ២ រហូតដល់ឆ្នាំ ២០៤០ គឺការពង្រីកស្ថានីយអ្នកដំណើរលើទីតាំងថ្មី ផ្លូវរត់ និងទីវាលចត ការបន្ថែមសេវាកម្ម និងកន្លែងលក់ទំនិញដើម្បីបំពេញតម្រូវការអ្នកដំណើរ ៦ លាននាក់។
កាលពីឆ្នាំ ២០១៩ ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិរបស់កម្ពុជាមានចំនួនសរុប ១១,៦ លាននាក់ក្នុងនោះព្រលានយន្តហោះអន្តរជាតិភ្នំពេញ ៦ លាននាក់ និងព្រលានយន្តហោះអន្តរជាតិសៀមរាប ៣,៩ លាននាក់។ ការចាប់ផ្ដើមពីមូលដ្ឋានទាប ប៉ុន្តែទទួលបានកំណើន ៣ ខ្ទង់ ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុទទួលអ្នកដំណើរបានជាង ១,៦ លាននាក់។ ព្រលានយន្តហោះទាំង ៣ នេះមានទិសដៅជាង ៥៥ និងទទួលជើងហោះហើរប្រមាណ ៧០០ ក្នុង ១ សប្ដាហ៍៕LA