
ឡានកុងតឺន័រត្រៀមដាក់ទូកុងតឺន័រ នៅកំពង់ព្រះសីហនុ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) នឹងដាក់ដំណើរការផែពហុបំណងថ្មីមួយនៅថ្ងៃទី ២៥ ខែមិថុនាដែលអាចឲ្យកំពង់ផែនេះទទួលនាវាធំៗដែលផ្ទុកទំនិញធ្ងន់ៗ ហើយអាចកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។ នេះបើយោងតាមប្រធានក្រុមហ៊ុននេះកាលពីម្សិលមិញ។
លោក លូ គីមឈន់ ប្រធានអគ្គនាយកក្រុមហ៊ុន PAS បានថ្លែងថាការដាក់ឲ្យដំណើរការផែពហុបំណងនេះនឹងធ្វើឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ហើយនៅពេលដែលផែថ្មីនេះប្រតិបត្តិការនាវាដែលផ្ទុកទំនិញចំណុះ ៤០ ០០០ តោនទៅ ៥០ ០០០ តោនអាចនឹងចូលចតបាននៅផែពហុបំណងនេះបាន។ ចំនួននេះនឹងកើនឡើងជាង ២ ដងបើធៀបនឹងចំនួន ១៥០ ០០ តោន ដល់ ២០ ០០០ តោនរបស់សមត្ថភាពផែដែលមានស្រាប់។
លោកបានមានប្រសាសន៍ថា៖ «នៅពេលផែសមុទ្រនេះស្ថិតនៅទឹកជ្រៅនឹងអាចឲ្យនាវាធំៗចូលចតជាមួយនឹងទំនិញធ្ងន់ៗបានការចំណាយលើការដឹកជញ្ជូនតាមរយៈសមុទ្រនឹងកាន់តែទាប»។
យោងតាមលោក លូ គីមឈន់ ផែពហុបំណងនេះបានចាប់ផ្ដើមការសាងសង់កាលពីដើមឆ្នាំ ២០១៥ ដែលប្រើប្រាស់កម្ចីការប្រាក់ទាបពីទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន JICA។ ការចំណាយលើការសាងសង់ផែនេះមានជាង ៧០ លានដុល្លារបន្តិច។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CF-FA) បានថ្លែងកាលពីម្សិលមិញថា ផែថ្មីរបស់ក្រុមហ៊ុន PAS នេះនឹងរួមចំណែកដល់ការបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញទំនិញ ហើយនឹងសម្រួលការងាររបស់ប្រតិបត្តិករដឹកជញ្ជូនទំនិញ។
លោក ស៊ិន ចន្ធី បានថ្លែងថាបើគ្មានប្រតិបត្តិការផែពហុបំណងថ្មីនេះទេ ផែបច្ចុប្បន្នរបស់ក្រុមហ៊ុន PAS មិនអាចទទួលឲ្យនាវាធំៗចូលចតបានឡើយ ដែលជាលទ្ធផល វាធ្វើឲ្យថយចុះប្រតិបត្តិការនាំចេញ និងធ្វើឲ្យមានការកកស្ទះទំនិញនៅកំពង់ផែនេះ។
លោកមានប្រសាសន៍ថា៖ «នៅពេលផែថ្មីនេះបើកដំណើរការនាវាធំៗច្រើនជាងមុននឹងមានកាលវិភាគចរាចរណ៍កាន់តែច្រើនដែលនឹងកាត់បន្ថយការកកស្ទះទំនិញនៅកំពង់ផែ»។ លោកបានបន្តថា៖ «ទំនិញនឹងត្រូវចែកចាយបានទាន់ពេលវេលាក្នុងរយៈពេលកាន់តែខ្លីដែលនឹងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុននេះ»។
កាលពីចុងឆ្នាំ ២០១៧ ក្រុមហ៊ុន PAS បានបង្ហាញផែនការសាងសង់ផែកុងតឺន័រថ្មីមួយដែលជាផ្នែកមួយនៃគម្រោងពង្រីករបស់ខ្លួន បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការទទួលកម្ចីការប្រាក់ទាបប្រហែល ២០៩ លានដុល្លារ។ ការសាងសង់នេះនឹងចាប់ផ្ដើមនៅដើមឆ្នាំ ២០១៩ ដែលគ្រោងនឹងបញ្ចប់ត្រឹមចុងឆ្នាំ ២០២២។
ក្រុមហ៊ុន PAS បានក្លាយជាក្រុមហ៊ុនចុះបញ្ជីទី ៥ នៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីខែមិថុនា ឆ្នាំ ២០១៧ បន្ទាប់ពីប្រមូលប្រាក់ដោយជោគជ័យចំនួន ២៧ លានដុល្លារក្នុងដំណើរការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO)។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន PAS កាលពីម្សិលមិញត្រូវបានជួញដូរក្នុងតម្លៃ ៥ ០០០ រៀលក្នុងមួយហ៊ុនដែលមានទំហំជួញដូរចំនួន ១ ០០០ ភាគហ៊ុន និងតម្លៃជួញដូរ ១ ៣៥០ ដុល្លារ៕ LA