
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញផែនទីមេទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប ហ្វេសប៊ុក SPM
ភ្នំពេញៈ ផ្លូវក្រវាត់ក្រុងខ្សែទី ៣ ដែលមានប្រវែងជាង ៥០ គីឡូម៉ែត្រត្រូវបានបើកដំណើរការសាងសង់ជាផ្លូវការហើយកាលពីម្សិលមិញដោយគ្រោងនឹងចំណាយថវិកាសរុបជាង ២៧០ លានដុល្លារក្រោមការផ្តល់ហិរញ្ញប្បទានសម្បទានពីប្រទេសចិន និងប្រាក់បដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវក្រវាត់ក្រុងទី ៣ ដែលមានប្រវែង ៥២,៩៨៣ គីឡូម៉ែត្រនេះនឹងតភ្ជាប់ផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ១ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងខេត្តកណ្តាលដោយឆ្លងកាត់ភ្នំពេញ ១៥,៤២៤ គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តកណ្តាលប្រវែង ៣៧,៥៥៩ គីឡូម៉ែត្រ។
ចំណុចចាប់ផ្តើមរបស់ផ្លូវក្រវាត់ក្រុងនេះចេញពីគីឡូម៉ែត្រលេខ ១៤+១០៥ នៃផ្លូវជាតិលេខ ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រលេខ ២៤+៨៤0 នៃផ្លូវជាតិលេខ ១។
ផ្លូវក្រវាត់ក្រុងទី ៣ នេះគឺជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ងត៍សរសៃដែក និងបេតុងកៅស៊ូ (AC) មានទទឹងសរុប ២៧ ម៉ែត្រនៅ ក្នុងទីប្រជុំជន និង ២៥ ម៉ែត្រនៅក្រៅទីប្រជុំជន ដោយចែកជា ៤ គន្លង (២ ទៅ ២ មក) និងមានសួនច្បារពុះចែកទ្រូងផ្លូវទទឹង ៣,៥ ម៉ែត្រ រួមទាំងផ្លូវសម្រាប់ម៉ូតូ និងថ្មើរជើងនៅសងខាង។
គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២៧៣ លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ខណៈដែលរដ្ឋាភិបាលកម្ពុជាចូលរួមបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះពន្ធនិងសួយសារអាករ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ នេះកាលពីថ្ងៃម្សិលមិញថា ផ្លូវក្រវាត់ក្រុងនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងបង្កនូវភាពងាយស្រួលសម្រាប់ប្រជាជនបានយ៉ាងច្រើន ព្រោះបើនិយាយពីការតភ្ជាប់គឺមានវិសាលភាពធំណាស់ ដោយគ្របដណ្តប់គ្រប់ផ្លូវជាតិទាំងអស់ដែលចេញពីរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ថា៖ «ផ្លូវនេះនឹងជួយកាត់បន្ថយការកកស្ទះ និងបង្កើតភាពចំណេញសម្រាប់ប្រជាពលរដ្ឋរបស់យើង»។
លោកបានបន្តថា សន្តិភាព និងការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជនបានធ្វើឲ្យកម្ពុជាមានកំណើនយានយន្ត និងត្រូវការផ្លូវថ្នល់កាន់តែច្រើនជាលំដាប់។
ស្ពានអាកាសចំនួន ៤ នឹងត្រូវសាងសង់នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងខ្សែទី ៣ នេះដោយឆ្លងកាត់ផ្លូវជាតិលេខ ៤ លេខ ៣ លេខ ២ និងលេខ ២១ ដែលមានប្រវែងសរុប ១ គីឡូម៉ែត្រ។ ស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួន ២ ក៏និងត្រូវសាងសង់ផងដែរត្រង់ចំណុចកោះអន្លង់ចិនដែលមានប្រវែងសរុប ៩៩៦ ម៉ែត្រ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា កំណើនសេដ្ឋកិច្ច និងប្រជាជន បានធ្វើឲ្យការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញមានភាពមមាញឹក និងកកស្ទះយ៉ាងខ្លាំង ដែលតម្រូវឲ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត។ លោកបានបន្ថែមថា កំណាត់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ នេះក៏នឹងតភ្ជាប់ផងដែរទៅនឹងផ្លូវទំនប់កប់ស្រូវផ្លូវជាតិលេខ ៥ ផ្លូវឈ្នះឈ្នះ (ផ្លូវលីយ៉ុងផាត់) និងផ្លូវជាតិលេខ ៦។
លោកបានមានប្រសាសន៍ថា៖ «ផ្លូវនេះនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំនិងទំនើបមួយបម្រើឲ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ និងបំពេញឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗរបស់មហាអនុតំបន់មេគង្គ»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានសម្តែងក្តីរីករាយចំពោះការចាប់ផ្តើមសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ នេះ ដោយលោកលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជារឿងប្រសើរណាស់សម្រាប់វិស័យដឹកជញ្ជូន ព្រោះបច្ចុប្បន្នការដឹកជញ្ជូនទំនិញនៅកម្ពុជាកំពុងកើនឡើងយ៉ាងច្រើនជារៀងរាល់ថ្ងៃ។
លោកមានប្រសាសន៍ថា៖ «នៅពេលមានផ្លូវនេះ វានឹងធ្វើឲ្យការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល ពិសេសចំណេញពេលបានយ៉ាងច្រើន ដោយមិនចាំបាច់កកស្ទះចរាចរណ៍នៅកណ្តាលក្រុងទៀតទេ»។
លោកបានប្រាប់ទៀតថា តាមការសិក្សារបស់អង្គការ JICA នាពេលកន្លងមក បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញនៅក្នុងឆ្នាំ ២០២៣ នឹងកើនឡើងពី ២ ទៅ ៣ ដង បើធៀបនឹងបរិមាណក្នុងឆ្នាំ ២០១៨។
ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co., Ltd ដោយមានការត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Guangzhou Wanan Construction Supervision Co., Ltd និងចំណាយពេលសាងសង់ ៤២ ខែ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២១។
បច្ចុប្បន្នរាជធានី ភ្នំពេញមានផ្លូវខ្សែក្រវាត់ក្រុងចំនួន ៣ ខ្សែ ដែលខ្សែទី ១ ចាប់ផ្តើមចេញពីចំណុចគល់ស្ពានជ្រោយចង្វារឆ្ពោះទៅកាន់អង់តែនទួលគោក និងបន្តរហូតដល់គល់ស្ពានច្បារអំពៅ (ផ្លូវ ២៧១) ចំណែកផ្លូវក្រវាត់ក្រុងទី ២ គឺចេញពីផ្លូវទំនប់កប់ស្រូវ ឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ស្តុបផ្សារដីហុយ ឆ្ពោះទៅផ្លូវជាតិលេខ ២ (ត្រង់ព្រែកសំរោង ក្រុងតាខ្មៅ)៕ LA