ភ្នំពេញៈ កំណាត់​ផ្លូវ​រថភ្លើង​ដែល​មាន​ចម្ងាយ​ ១០៧ ​គីឡូម៉ែត្រ​ភ្ជាប់ពី​ស្ថានីយ​ក្រុង​បាត់ដំបង​ទៅ​ស្ថានីយ​ក្រុង​ពោធិ៍សាត់​នឹង​បើក​ដំណើរការ​សាកល្បង​ហើយ​នា​ថ្ងៃ​នេះ ខណៈ​ការភ្ជាប់​ដំណាក់កាល​ចុងក្រោយ​មក​កាន់​រាជធានី​ភ្នំពេញ​អាច​ប្រព្រឹត្ត​ទៅក្នុង​ខែ​កក្កដា​ខាង​មុខ​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក លី បូរិន អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​គឺជា​ការតភ្ជាប់​ឡើង​វិញ​នៃ​កំណាត់​ផ្លូវ​រថភ្លើង​ដំណាក់កាល​ទី​ ៣ ដែល​ចេញ​ពី​ស្ថានីយ​ក្រុង​បាត់ដំបង​ភ្ជាប់​ទៅ​កាន់​ស្ថានីយ​ក្រុង​ពោធិ៍សាត់​។

ផ្លូវដែក​នេះ​មាន​ចម្ងាយ​ ១០៧ ​គីឡូម៉ែត្រ​ក្នុង​ខេត្ត​បាត់ដំបង​មាន​ចម្ងាយ​​ ៧៥ ​គីឡូម៉ែត្រ និង​ខេត្តពោធិ៍សាត់​មាន​ចម្ងាយ​ ៣២ ​គីឡូម៉ែត្រ​។

លោក​បាន​ថ្លែង​ថា៖ «​ការធ្វើ​ដំណើរ​តាម​រថភ្លើង​ចេញ​ពី​ស្ថានីយ​ខេត្ត​បាត់ដំបង​ទៅ​ពោធិ៍សាត់​នឹង​ត្រូវ​ចំណាយពេល​ប្រហែល​ ៣ ​ម៉ោង​។ រថភ្លើង​នឹង​បើកបរ​ក្នុង​ល្បឿន​ចន្លោះ​ពី ៣០-៤០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​»​។

កំណាត់​ផ្លូវ​រថភ្លើង​ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្ត​ពោធិ៍សាត់​នេះ​គឺជា​ដំណាក់កាល​ទី​ ៣ ​ដែល​ត្រូវ​បាន​បើក​ឲ្យ​ប្រើប្រាស់​សាកល្បង បន្ទាប់ពី​ផ្លូវ​រថភ្លើង​ចេញ​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ក្រុង​ប៉ោយប៉ែត​ដែល​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី​ ៤ ខែ​មេសា និង​ពី​ក្រុង​បាត់ដំបង​ទៅ​ក្រុង​សិរីសោភ័ណ បើក​សាកល្បង​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​មេសា​កន្លង​មក​។

លោក លី បូរិន បាន​លើក​ឡើង​ថា​នៅពេល​ដែល​ខ្សែ​រថភ្លើង​ដំណើរការ​ពេញលេញ​វា​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​ការធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទំនិញ​តាម​រថភ្លើង​គឺ​មាន​សុវត្ថិភាព និង​ចំណាយ​តិច​។

បើ​តាម​លោក បូរិន បច្ចុប្បន្ន​ក្រុម​ការងារ​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្ថាបនា​កំណាត់​ផ្លូវ​រថភ្លើង​ចេញ​ពី​ស្ថានីយ​ក្រុង​ពោធិ៍សាត់ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​ដោយ​មាន​កន្លែង​ខ្លះ​ត្រូវ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​អាច​សម្រេច​បាន​តាម​ផែនការ​ដែល​គ្រោង​ទុក​ត្រឹម​ថ្ងៃទី​ ៤ ខែ​កក្កដា ឆ្នាំ​ ២០១៨​។ ផ្លូវ​ភ្ជាប់ពី​ស្ថានីយ​ភ្នំពេញ​ទៅ​ស្ថានីយ​ក្រុង​ពោធិ៍សាត់​មាន​ចម្ងាយ​ ១៦៦ ​គីឡូម៉ែត្រ​។

លោក បូរិន ប្រាប់​ទៀត​ថា​ការតភ្ជាប់​ខ្សែ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាងកក​ប្រទេស​ថៃ​អាច​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ​តែ​ម្តង​។

អគ្គនាយក​ក្រុមហ៊ុន​ផ្លូវដែក Royal Railway លោក John Guiry ដែល​ទទួល​បាន​សម្បទាន​ប្រតិបត្តិការ​ផ្លូវដែក​កម្ពុជា​បាន​ប្រាប់​ថា​សកម្មភាព​នៃ​ការដឹក​អ្នកដំណើរ​តាម​ខ្សែ​រថភ្លើង​ពី​ក្រុង​បាត់ដំបង​ទៅ​ក្រុង​ប៉ោយប៉ែត​កំពុងដំណើរការ​ទៅ​មុខ​យ៉ាង​ល្អ​ដោយ​ចំនួន​អ្នក​ប្រើប្រាស់​សេវា​នេះ​មាន​ចំនួន​ច្រើន​នាក់​ក្នុង​ ១ ​ថ្ងៃ​។ លោក​បាន​បន្ត​ថា​ក្នុង​ដំណាក់កាល​សាកល្បង​ដែល​មាន​រហូត​ដល់​ថ្ងៃទី​ ១ ខែ​សីហា ខាង​មុខ​អ្នក​ធ្វើ​ដំណើរ​តាម​រថភ្លើង​មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះ​ទេ​។ លោក​អះអាង​ថា​៖ «​ការ​ធ្វើ​ដំណើរ និង​ដឹកទំនិញ​តាម​រថភ្លើង​នៅ​កម្ពុជា​នឹង​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​នាពេល​ខាង​មុខ​»​។

កញ្ញា ចរិយា​ដែល​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ដែល​ធ្លាប់​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ក្រុង​ប៉ោយប៉ែត​បាន​និយាយ​ថា​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​មាន​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព ប៉ុន្តែ​វា​ត្រូវ​ចំណាយពេល​យូរ​។

នាពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ផ្លូវដែក​ចំនួន​ ២ ​ខ្សែ​គឺ​ខ្សែ​ទី​ ១ ចេញ​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​មាន​ចម្ងាយ​ ៣៨៦ ​គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​ពី​ឆ្នាំ​ ១៩២៩ ដល់​ឆ្នាំ​ ១៩៤២ និង​ខ្សែ​ទី​ ២ ចេញ​ពី​ភ្នំពេញ​ទៅ​កំពង់ផែ​សមុទ្រ​ក្រុង​ព្រះសីហនុ​មាន​ចម្ងាយ​ ២៦៦ ​គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​ពី​ឆ្នាំ​ ១៩៦០ ដល់​ឆ្នាំ​ ១៩៦៩៕LA