ភ្នំពេញៈ ផ្លូវ​ល្បឿន​លឿន​ដំបូង​នៅ​កម្ពុជា​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ដែល​ចំណាយ​ទុនវិនិយោគ​ជាង​ ២ ​ពាន់​លាន​ដុល្លារ​អាច​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ​ ២០១៨ ​នេះ ខណៈ​ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​កំពុង​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក នូវ វឌ្ឍនៈ អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ផ្លូវ​ល្បឿន​លឿន​នេះ​អាច​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ពេល​ណា​មួយ​នៅ​ចុង​ឆ្នាំ​ ២០១៨ ។

លោក​បាន​បន្ត​ថា​មក​ដល់​ពេល​នេះ​ការចរចា​ជា​គោលការណ៍​រវាង​អាជ្ញាធរ និង​ក្រុមហ៊ុន​វិនិយោគ​ចិន​ស្ទើរ​តែ​បញ្ចប់​ទាំង​ស្រុង ហើយ​ខណៈ​នៅ​សល់​តែ​ផែនការ​លម្អិត​តូចៗ​តែ​ប៉ុណ្ណោះ​។

លោក​បាន​លើក​ឡើង​ថា៖ «​បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​ធ្វើការ​រួម​គ្នា​ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាជន​ដោយ​ក្រុមហ៊ុន​វិនិយោគ​មាន​ទុនបម្រុង​ប្រមាណ​ ១៥០​ ​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​សំណង​»​។

យោង​តាម​លោក នូវ វឌ្ឍនៈ ការងារ​ដែល​កំពុង​ធ្វើ​នាពេល​នេះ​គឺ​ផ្តល់​សំណង​ដល់​ប្រជាជន​ដែល​ផ្លូវ​ល្បឿន​លឿន​ត្រូវ​ឆ្លងកាត់​លើ​ដី ឬ​លំនៅឋាន​របស់​ពួកគេ​។

លោក នូវ វឌ្ឍនៈ បាន​បញ្ជាក់​ថា​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​​ត្រូវ​សាងសង់​ចេញពី​រាជធានី​ភ្នំពេញ​ខាង​ស្តាំ​ដៃ​ស្រប​តាម​ផ្លូវជាតិ​លេខ​ ៤​។

ផ្លូវជាតិ​លេខ​ ៤ គឺជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​កម្ពុជា​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​។

ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មាន​ប្រវែង ១៩០,៦៣ ​គីឡូម៉ែត្រ​ដោយ​មាន​ទទឹង​ទំហំ​ ២៤ ​ម៉ែត្រ (៤​ គន្លង​ទៅ​មក​) ​ដោយ​វិនិយោគ​ស្ថិត​ក្រោម​ដំណើរការ សាងសង់ ប្រតិបត្តិករ និង​ផ្ទេរ (BOT) ដែល​នឹង​ត្រូវ​ចំណាយពេល​សាងសង់​ចំនួន​ ៤៨ ​ខែ​។

ផ្លូវជាតិ​លេខ​ ៤ ដែល​កំពុង​ប្រើប្រាស់​រាល់​ថ្ងៃ​មាន​ប្រវែង​ ២៣០ ​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​។

កាលពី​ពេល​កន្លង​មក​អង្គការ JICA របស់​ជប៉ុន​ក៏​បាន​សិក្សា​បញ្ចប់​ពី​ផែនការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចេញ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ក្រុង​បាវិត​ព្រំដែន​កម្ពុជា-វៀតណាម​ផង​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​រកបាន​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​គម្រោង​នេះ​នៅ​ឡើយ​ទេ​៕ BP