ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ផ្លូវ​ល្បឿន​លឿន​ (Expressway) ភ្នំពេញ-ព្រះសីហនុ​ដែល​ជា​តំបន់​សក្តានុពល​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​នឹង​អាច​បញ្ចប់​ការសាងសង់​មុន​កាលកំណត់ ហើយ​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​ ២០២២ ខាងមុខ​។

លោក វ៉ាស៊ឹម សូរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា គិត​ត្រឹម​ដំណាច់​ខែ​មេសា​កន្លង​ទៅ​នេះ ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​សម្រេច​បាន​ ២០,៦៥ ភាគរយ​ហើយ​ការដោះស្រាយ​ផលប៉ះពាល់​សម្រេច​បាន​ ៨៨,៨៤ ភាគរយ ហើយ​ក្រសួង​នឹង​ខិតខំ​ធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​ដែល​នៅ​សេសសល់​ឲ្យ​ចប់​សព្វគ្រប់​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក​បន្តថា ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា​នេះ​ត្រូវ​បាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣ ប៉ុន្តែ​តាម​ល្បឿន​នៃ​ការស្ថាបនា គម្រោង​នេះ​អាច​បញ្ចប់​ការសាងសង់​មុនពេល​វេលា​កំណត់​។

លោក​ថ្លែងថា​៖ «​សព្វថ្ងៃ​កម្មករ​របស់​ចិន​កំពុង​ធ្វើការ​យ៉ាងសកម្ម​លើ​ការសាងសង់​ផ្លូវ​នេះ ពួកគាត់​ទាំងអស់​មិនបាន​ទៅ​ស្រុក​គាត់​ទេ ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​វីរុស​កូរ៉ូណា​។ ពួកគាត់​មាន​វិធានការ​របស់គាត់ ការពាក់​ម៉ាស់ ការរក្សា​អនាម័យ និង​គម្លាត​សង្គម​ត្រឹមត្រូវ​នាពេលនេះ​»​។

លោក​បន្តថា​៖ «​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ដើម្បី​ជួយ​ជំរុញ​ល្បឿន​វិស័យ​ដឹកជញ្ជូន និង​ពាណិជ្ជកម្ម​របស់​កម្ពុជា ព្រោះ​ផ្លូវ​នេះ​ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ក្រុងព្រះសីហនុ​»​។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុងព្រះសីហនុ វិនិយោគ​ដោយ​ក្រុមហ៊ុន​របស់​ចិន Cambodia PPSHV Expressway Co.,Ltd ក្នុងតម្លៃ​ប្រមាណ​ ១,៩ ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ខែ​មីនា ឆ្នាំ​ ២០១៩ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ផ្លូវ​ដែលមាន​ចម្ងាយ​សរុប ១៩០,៣ គីឡូម៉ែត្រ និង​ទទឹងផ្លូវ ២៤,៥ ម៉ែត្រ (២ គន្លង​ទៅ និង​ ២ គន្លង​មក​) នេះ​នឹង​មាន​សួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ ព្រមទាំង​មាន​របាំង​អម​សង​ខាង​ផ្លូវ​ដើម្បី​ការពារ​សត្វពាហនៈ ឬ​មនុស្ស​ឆ្លងកាត់​ព្រម​ទាំង​មាន​កន្លែង​ឈប់សម្រាក និង​​មិន​បង្ក​ការកកស្ទះ​ចរាចរណ៍​ឡើយ​។ ការស្ថាបនា​ផ្លូវ​នេះ​នឹងត្រូវ​អនុវត្តតាម​គម្រោង​សាងសង់​អាជីវកម្ម​ផ្ទេរ (BOT)​។

គំនូរព្រាង​ដែល​ផ្សព្វផ្សាយ​នាពេល​កន្លង​មក​បង្ហាញ​ថា ផ្លូវ​នេះ​នឹង​ចេញ​ពី​រាជធានី​ភ្នំពេញ​នៅត្រង់​ចំណុច​ក្បែរ​ទំនប់​កប់ស្រូវ (​ខាងស្តាំ​ផ្លូវជាតិ​លេខ​ ៤) ទៅ​ដល់​ជិត​ក្រុង​ច្បារមន​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ៤ ងាក​ទៅខាង​ឆ្វេង​ដៃ​រហូតដល់​ស្រុក​ព្រៃនប់ ទើប​ងាក​មក​ស្តាំ​ដៃ​រហូតដល់​ព្រះសីហនុ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) ​បាន​អះអាងថា ផ្លូវ​នេះ​នឹង​ជួយ​ជំរុញ​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា​កាន់តែ​មាន​ភាពប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​កម្ពុជា​។ ផ្លូវ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ និង​សន្សំ​ការចំណាយ​។

លោក​ថ្លែងថា​៖ «​យើង​ទន្ទឹងរង់ចាំ​ផ្លូវ​នេះ​យូរហើយ ដើម្បី​ប្រើប្រាស់​វា ព្រោះ​សព្វថ្ងៃ​ការដឹកជញ្ជូន​មាន​ការកកស្ទះ​ខ្លាំង​មែនទែន​។ ខ្ញុំ​ជឿថា ការដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​នេះ​នឹង​លឿន​ជាង​មុន​»៕