
រូបតំណាងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលគ្រោងបើកការដ្ឋាននៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ បន្ទាប់ពីត្រូវបានពន្យារពេលជាច្រើនដង គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនរបស់ចិន Cambodian PPSHV Expressway Co., Ltd ក្នុងតម្លៃប្រមាណ ១,៩ ពាន់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃម្សិលមិញ។
ផ្លូវដែលមានចម្ងាយសរុប ១៩០,៣ គីឡូម៉ែត្រ និងទទឹងផ្លូវ ២៤,៥ ម៉ែត្រ (២ គន្លងទៅ ២ គន្លងមក) នេះនឹងមានសួនច្បារនៅកណ្ដាលទ្រូងផ្លូវ ព្រមទាំងមានរបាំងអមសងខាងផ្លូវដើម្បីការពារសត្វ ឬមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាក និងមិនបង្កឲ្យមានការកកស្ទះចរាចរណ៍ឡើយ។ តាមផែនការផ្លូវដែលស្ថិតនៅក្នុងគម្រោងសាងសង់អាជីវកម្មផ្ទេរ (BOT) នេះនឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០២៣។
គំនូរព្រាងដែលផ្សព្វផ្សាយនាពេលកន្លងមក បង្ហាញថា ផ្លូវនេះនឹងចេញពីរាជធានីភ្នំពេញនៅត្រង់ចំណុចក្បែរទំនប់កប់ស្រូវ (ខាងស្តាំផ្លូវជាតិលេខ ៤) ទៅដល់ជិតក្រុងច្បារមន ផ្លូវនេះឆ្លងកាត់ផ្លូវជាតិលេខ ៤ ងាកទៅខាងឆ្វេងដៃរហូតដល់ស្រុកព្រៃនប់ ទើបងាកមកស្តាំដៃ និងបន្តរហូតដល់ក្រុងព្រះសីហនុ។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃម្សិលមិញ បាននិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះនៅថ្ងៃទី ២២ ខែមីនា។ លោកបន្តថា៖ «តាមគម្រោងផ្លូវនេះនឹងត្រូវសាងសង់រយៈពេល ៤៨ ខែដោយក្រុមហ៊ុនមកពីប្រទេស ចិន»។
ទាក់ទងនឹងការដោះស្រាយផលប៉ះពាល់ជាមួយនឹងដីឯកជន លោកសុរិយា បានប្រាប់ថា តាមព័ត៌មានពីគណៈកម្មការរៀបចំដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ គឺការដោះស្រាយនៅមិនទាន់បានបញ្ចប់ទាំងស្រុងទេ។ លោកបញ្ជាក់ថា៖ «យើងនឹងដោះស្រាយសំណងជាមួយប្រជាជនជាជំហានៗ»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាខេត្តដែលផ្លូវល្បឿនលឿននេះត្រូវឆ្លងកាត់វែងជាងគេ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាជននៅក្នុងខេត្តកំពង់ស្ពឺពីគម្រោងសាងសង់ផ្លូវនេះកំពុងដំណើរការទៅមុខជាប្រចាំ។
លោកថ្លែងថា៖ «នៅថ្ងៃស្អែក (ថ្ងៃនេះ) ក្រុមការងារដោះស្រាយផលប៉ះពាល់ពីគម្រោងនេះនឹងមកជួប [គ្នា] ដើម្បីរាយការណ៍»។ លោកបន្តទៀតថា៖ «តាមការរាយការណ៍ក្រៅផ្លូវការ ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនជិតបានបញ្ចប់ហើយ»។
លោកលើកឡើងថា ផ្លូវល្បឿនលឿនមិនត្រឹមតែជួយធ្វើឲ្យការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងឆាប់រហ័សប៉ុណ្ណោះទេ តែវាថែមទាំងជួយឲ្យប្រែមុខមាត់ខេត្តកំពង់ស្ពឺកាន់តែមានភាពទាក់ទាញសម្រាប់ការចូលមកបណ្តាក់ទុនផងដែរ។
លោកបញ្ជាក់ថា៖ «ក្នុងនាមអាជ្ញាធរខ្ញុំពិតជារីករាយណាស់ដែលមានផ្លូវថ្មីនេះ ព្រោះវានឹងជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរគ្រប់ប្រភេទ»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានសាទរចំពោះព័ត៌មាននេះដោយលោកនិយាយថា នៅពេលផ្លូវល្បឿនលឿនបើកដំណើរការ វានឹងចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យដឹកជញ្ជូនហើយនឹងមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។
លោកថ្លែងថា៖ «ទោះជាការបើកបរតាមផ្លូវល្បឿនលឿនត្រូវបង់ប្រាក់ក៏ដោយ តែបើយើងធៀបជាមួយការប្រើប្រាស់ផ្លូវបច្ចុប្បន្នដែលមានភាពតូចចង្អៀត និងចម្ងាយឆ្ងាយជាងប្រហែល ៤០ គីឡូម៉ែត្រនោះឃើញថា ការចំណាយលើប្រេងឥន្ធនៈ គឺអស់តិចជាង និងប្រើពេលខ្លីទៀតផង»។ លោកបន្តថា ផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញពីភ្នំពេញ ទៅកំពង់ផែទឹកជ្រៅរបស់កម្ពុជា។
បើតាមលោក ចន្ធី បច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមរថយន្តកុងតឺន័ររវាងភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានចម្ងាយ ២៣២ គីឡូម៉ែត្រត្រូវចំណាយពេលចន្លោះពី ៦ ទៅ ៨ ម៉ោង។
លោកបន្តថា៖ «ខ្ញុំគិតថា នៅពេលមានផ្លូវថ្មីនេះ ក្រុមហ៊ុនរថយន្តកុងតឺន័រនឹងចាប់អារម្មណ៍ប្រើប្រាស់ផ្លូវនេះច្រើន»។
លោកប្រាប់ទៀតថា ក្នុងនាមវិស័យឯកជនលោកពិតជាចង់បាននូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយដែលមានភាពល្អប្រសើរ ព្រោះនៅពេលមានផ្លូវថ្នល់ល្អវានឹងជួយកាត់បន្ថយថ្លៃដើមផលិតនៅកម្ពុជាដើម្បីជួយឲ្យទំនិញកម្ពុជាកាន់តែមានភាពប្រកួតប្រជែងជាមួយផលិតផលបរទេស។ ទោះជាយ៉ាងនេះក្តី លោកស្នើឲ្យអាជ្ញាធររៀបចំច្បាប់សម្រាប់ការបើកបរនៅតាមផ្លូវល្បឿនលឿននេះផងដែរ។
គម្រោងនេះត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន កាលពីដើមឆ្នាំ ២០១៨៕LA