ក្រុងស៊ីដនីៈ ការហោះហើរ​រយៈពេល​មួយ​ម៉ោង​មួយ​ដែល​តភ្ជាប់​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តូច​ជាង​គេ​បំផុត​ក្នុង​លោក​ជាមួយ​នឹង​ប្រទេស​ជិតខាង​របស់​ខ្លួន​គឺជា​ផ្លូវ​ហោះហើរ​អន្តរជាតិ​ដ៏មមាញឹក​បំផុត​ក្នុង​ពិភពលោក​។

យោង​តាម​សេចក្តី​រាយការណ៍​មួយ​របស់​ក្រុមហ៊ុន OAG Aviation Worldwide Ltd បាន​ឲ្យ​ដឹង​ថា យន្តហោះ​បាន​ធ្វើ​ដំណើរ​ចំនួន ៣០ ៥៣៧ ជើង​រវាង​ប្រទេស​សិង្ហបុរី និង​ទីក្រុង​គូឡាឡាំពួ​ក្នុង​រយៈពេល ១២ ខែ​គិត​ត្រឹម​ខែ​កុម្ភៈ​។ ចំនួន​ការធ្វើ​ដំណើរ​នោះ​ស្មើ​នឹង ៨៤ ជើង​ក្នុង​មួយ​ថ្ងៃ​នៅ​ប្រទេស​សិង្ហបុរី ដែល​មាន​ប្រជាជន​ត្រឹមតែ ៥,៦ លាន​នាក់​។

ជើង​ហោះហើរ​រវាង​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​របស់​ប្រទេស​ថៃ និង​ប្រទេស​សិង្ហបុរី​ជាប់​ចំណាត់​ថ្នាក់​ទី ១១ ដោយ​មាន​ការធ្វើ​ដំណើរ​ចំនួន ១៤ ៨៥៩ ជើង និង​មាន​អ្នក​ដំណើរ​ចំនួន ២,៩ ​លាន​នាក់​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ បន្ទាប់មក​គឺ​ជើង​ហោះហើរ​រវាង​អាកាសយានដ្ឋាន​សុវណ្ណភូមិ និង​ទីក្រុង​ហុងកុង ដោយ​មាន​ការ​ធ្វើ​ដំណើរ​ចំនួន ១៤ ៨៣២ ជើង និង​អ្នកដំណើរ​ចំនួន ៣,៧ ​លាន​នាក់​។

នៅក្នុង​បញ្ជី​ឈ្មោះ​អាកាសយានដ្ឋាន​ធំៗ​ទាំង​ ២០ ដែល​ភាគច្រើន​គឺជា​អាកាសយានដ្ឋាន​នៅ​តំបន់​អាស៊ី​ផ្លូវ​ហោះហើរ​ដ៏មមាញឹក​ជាង​គេ​បំផុត​នៅ​ខាង​ក្រៅ​តំបន់​នេះ​គឺ​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​ញូវយ៉ក និង​ទីក្រុង​តូរ៉ុនតូ​។ មាន​ជើង​ហោះហើរ​ចំនួន ១៦ ៩៥៦ ជើង​តាម​ផ្លូវ​ហោះហើរ​នេះ​។ ការធ្វើ​ដំណើរ​រវាង​ទីក្រុង​ឌូប្ល៊ីន Dublin និង​ព្រលាន Heathrow ក្នុង​ទីក្រុង​ឡុងដ៍​បាន​ជាប់​ចំណាត់ថ្នាក់​ទី ១៤ និង​ជា​ច្រកចូល​នៅ​តំបន់​អឺរ៉ុប​ដ៏មមាញឹក​បំផុត​ដោយ​មាន​ជើង​ហោះហើរ​ចំនួន ១៤ ៣៩០ ជើង​៕ BP