ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាងថា មិនទាន់​ទទួលបាន​ផែនការ​នៃ​គម្រោង​សាងសង់​ស្ពាន​អាកាស​មួយ​ចេញពី​ភ្នំពេញ​តភ្ជាប់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ក្រោម​តម្លៃ​វិនិយោគ​ប្រហែល ៤០០ ​លាន​ដុល្លារ​នៅឡើយ​ទេ បើទោះបី​ម្ចាស់​គម្រោង​បាន​បញ្ចេញ​អំពី​ផែនការ​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ​ ២០២១​។

OCIC ដែលជា​ម្ចាស់​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តជាតិ​ភ្នំពេញ​ថ្មី បានប្រកាសថា ក្នុង​ឆ្នាំ​ ២០២១ ខាងមុខ​ខ្លួន​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​មួយ​ចេញពី​ភ្នំពេញ​តភ្ជាប់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ក្រោម​តម្លៃ​វិនិយោគ​ប្រហែល ៤០០ ​លាន​ដុល្លារ​។

អគ្គនាយក​ក្រុមហ៊ុន OCIC លោក ពុង ឃាវសែ កាលពីពេល​ថ្មីៗ​នេះ​បាន​ប្រាប់​ទស្សនាវដ្តី Construction & Property ថា ក្រុមហ៊ុន OCIC មាន​ផែនការ​នឹង​សាងសង់​ស្ពាន​អាកាស​មួយ​ខ្សែ​ប្រវែង ២១,៥ ​គីឡូម៉ែត្រ​ចេញ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ក្នុង​ឆ្នាំ​ ២០២១ ដោយ​គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រហែល ៤០០ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ធ្វើជា​ស្ពាន​អាកាស គឺ​មិនមែន​ធ្វើ​ដូច​ផ្លូវ​ហាវវេ​ទៅ​កំពង់សោម​ (​ខេត្ត​ព្រះសីហនុ​) ​ទេ​»​។

លោក​ប្រាប់ទៀត​ថា ការសាងសង់​ផ្លូវអាកាស​នេះ​នឹង​ធ្វើ​ឡើងជា ២ ​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១ មាន​ប្រវែង​ជាង ១០ ​គីឡូម៉ែត្រ​ចេញពី​ផ្លូវ​លេខ ២៧១ (​ក្បែរ​ក្បាលថ្នល់​) ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ២ និង​ដំណាក់កាល​ទី​២ មាន​ប្រវែង​ជាង ១១ ​គីឡូម៉ែត្រ ចេញពី​ផ្លូវជាតិ​លេខ ២ ឆ្ពោះ​ទៅដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​បាន​បន្ថែមថា​៖ «​ការសាងសង់​ដំណាក់កាល​ទី​១ នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០២១ ហើយ​គ្រោង​នឹង​បញ្ចប់​ក្រោយ​ព្រលានយន្តហោះ​ថ្មី​ (២០២៣) ដោយ​វា​អាច​អាស្រ័យ​ទៅលើ​ទុនវិនិយោគ​»​។

លោក ពុង ឃាវសែ ប្រាប់ទៀតថា ការសម្រេច​សាងសង់​ផ្លូវអាកាស​នេះ ដោយសារ​នៅពេល​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​បើក​ដំណើរការ​ផ្លូវ​ដែល​មាន​បច្ចុប្បន្ន​នឹង​មិនអាច​រំដោះ​ចរាចរណ៍​បាន​ល្អ​ទេ​។ លោក​អះអាង​ថា​៖ «​នៅពេល​ស្ពាន​អាកាស​នេះ​សាងសង់​រួច​ការធ្វើដំណើរ​ចេញពី​ផ្លូវ ២៧១ ទៅ​ទីនោះ​ (​ព្រលានយន្តហោះ​ថ្មី​) ចំណាយ​ពេល​ប្រហែល ១៥ ​នាទី​ប៉ុណ្ណោះ​»​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​មិនមាន​ឯកសារ​ផ្លូវការ​ពី​ក្រុមហ៊ុន​ទាក់ទង​នឹង​គម្រោង​សាងសង់​ស្ពាន​អាកាស​ពី​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ទេ ព្រោះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ទទួល​ខុស​ត្រូវតែ​លើ​ដំណើរការ​សាងសង់​ព្រលាន​តែប៉ុណ្ណោះ​។ ​

ប៉ុន្តែ​កន្លងមក​លោក​ដឹងថា ក្រុមហ៊ុន​ OCIC មាន​ផែនការ​សង់​ផ្លូវ Expressways ពី​ភ្នំពេញ​ទៅ​អាកាសយានដ្ឋាន​ថ្មី​មែន គ្រាន់តែ​លោក​មិនដឹង​លម្អិត​ថា គេ​នឹង​ចាប់ផ្តើម​សាងសង់​ពេលណា ចប់​ពេល​ណា ចំណាយ​ប្រាក់​ប៉ុន្មាន និង​មាន​ប្រវែង​ប៉ុន្មាន​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​ធ្លាប់​ឮ​ព័ត៌មាន​នេះ​នៅពេល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​ទាក់ទង​ដំណើរការ​សាងសង់ Airport ដោយ​ខាង​ក្រុមហ៊ុន​ថា នឹងមាន​កសាង​ផ្លូវ Expressways ពី​ភ្នំពេញ​ទៅ​អាកាសយានដ្ឋាន​ថ្មី ហើយ​នឹង​កសាង​ផ្លូវ​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​ដើម្បី​តភ្ជាប់​ទៅ​ផ្លូវ​ក្រវាត់ក្រុង​ផងដែរ​»​។

លោក​បន្ថែមថា ជា​លក្ខណៈ​សត្យានុម័ន​ការកសាង​ព្រលាន​យន្តហោះ​អន្តរជាតិ​គឺ​ត្រូវការ​ជា​ចាំបាច់​ផ្លូវ​តភ្ជាប់​សម្រាប់​ការដឹកជញ្ជូន​ភ្ញៀវ និង​ទំនិញ​។

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ស្វាគមន៍​ចំពោះ​គម្រោង​នេះ ប៉ុន្តែ​ទោះយ៉ាងណា​នៅពេលនេះ​លោក​មិនមាន​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះឡើយ​។ លោក​និយាយថា​៖ «​ខ្ញុំ​បានឃើញ​ព័ត៌មាន​នៅតាម​បណ្តាញ​ផ្សព្វផ្សាយ​មួយចំនួន ប៉ុន្តែ​ចំពោះ​ព័ត៌មាន​ពី​ក្រុមហ៊ុន​សាងសង់​គឺ​មិនមាន​ទេ​»​។

ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី គឺជា​គម្រោង​វិនិយោគ​ខ្នាត​យក្ស​របស់​ក្រុមហ៊ុន OCIC នៅលើ​ផ្ទៃដី ២ ៦០០ ​ហិកតា​ ក្នុង​ខេត្តកណ្តាល និង​តាកែវ​។ គម្រោង​នេះ​គ្រោង​បញ្ចប់​ការសាងសង់​ដំណាក់កាល​ទី​១ ក្នុង​ឆ្នាំ​ ២០២៣ ក្នុងតម្លៃ​ជាង ១,៥ ​ពាន់​លាន​ដុល្លារ​៕LA