ភ្នំពេញ: ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសបារាំង Reportlinker.com កាលពីពេលថ្មីៗនេះបានចេញរបាយការណ៍ស្រាវជ្រាវមួយដែលបង្ហាញថា ទីផ្សារបន្លែផ្លែឈើកម្ពុជាកំពុងមាននិន្នាការកើនឡើង ដែលនេះជាជំហានវិជ្ជមានសម្រាប់ការពង្រីកទីផ្សារ ខណៈអ្នកដាំដុះតែងប្រឈមនឹងកង្វះទីផ្សារនៅពេលរដូវប្រមូលផលម្តងៗ។
របាយការណ៍សង្ខេបស្តីពី «ផ្លែឈើ និងបន្លែនៅកម្ពុជា» កំណើននិន្នាការ និងការព្យាករឆ្នាំ ២០២០-២០២៥ របស់ Reportlinker.com ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា ទីផ្សារផលិតផលពីចំណីអាហារ និងភេសជ្ជៈនៅកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយវាកំពុងទាក់ទាញការវិនិយោគពីក្រុមហ៊ុនល្បីក្នុងតំបន់ និងអន្តរជាតិទៀតផង។ លក្ខខណ្ឌកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍កំពុងជំរុញទីផ្សារបន្លែផ្លែឈើរបស់កម្ពុជា។
របាយការណ៍បញ្ជាក់ថា៖ «ដោយមានការអភិវឌ្ឍឧស្សាហកម្មរបស់ខ្លួន និងការគាំទ្រពីរដ្ឋាភិបាលមានក្រុមហ៊ុនបរទេសជាច្រើនកំពុងទន្ទឹងរង់ចាំបង្កើតរោងចក្រកែច្នៃផ្លៃឈើនៅកម្ពុជា។ ឧទាហរណ៍ ក្រុមហ៊ុន Coconut Palm Group Co.Ltd ដែលជាក្រុមហ៊ុនផលិតទឹកផ្លែឈើត្រូពិកឈានមុខគេ គ្រោងនឹងវិនិយោគលើការដាំដំណាំដូង និងសង់រោងចក្រកែច្នៃទឹកផ្លែឈើនៅកម្ពុជា ដើម្បីផលិតទឹកផ្លែឈើនៅឆ្នាំ ២០២០»។
របាយការណ៍នេះបន្ថែមថា៖ «ដូច្នេះឧស្សាហកម្មកែច្នៃចំណីអាហារដែលកំពុងកើនឡើងព្រមជាមួយការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ឧស្សាហកម្មកែច្នៃអាហារ និងតម្រូវការនាំចេញទឹកផ្លែឈើអាចនឹងជំរុញកំណើនការសិក្សាពីទីផ្សារនេះ»។
ចេក គឺជាផ្លែឈើត្រូវបានដាំច្រើនជាងគេនៅកម្ពុជា។ លើសពីនេះ ឧស្សាហកម្មស្វាយក៏កាន់តែមានភាពរឹងមាំផងដែរ ជាមួយនឹងការកើនឡើងនូវការអនុវត្តផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់កាន់តែប្រសើរ។ នេះបើតាមរបាយការណ៍។
អ្នកស្រី ម៉ៅ សុធា អ្នកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន Kirirom Food Product Co., Ltd ដែលជារោងចក្រកែច្នៃផលិតផលពីផ្លែស្វាយបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញផលិតផលផ្លែឈើរបស់កម្ពុជាពិតជាមាននិន្នាការកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកស្រីនិយាយថា៖ «សព្វថ្ងៃរោងចក្រខ្ញុំកំពុងពង្រីកចង្វាក់ផលិតកម្មទ្វេដងនៅក្នុងអំឡុងការរាតត្បាតវីរុសកូរ៉ូណា។ យើងក៏បានបង្កើនការទិញស្វាយពីកសិករដល់ ១០០ តោនក្នុង ១ ថ្ងៃ ខណៈមុនការរីករាលដាលវីរុសកូរ៉ូណា យើងទិញស្វាយ ៦០ តោនក្នុង ១ ថ្ងៃប៉ុណ្ណោះសម្រាប់កែច្នៃ»។
អ្នកស្រីអះអាងថា ខណៈតម្រូវការចំណីអាហារមានការកើនឡើងនៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
កម្ពុជាបាននាំចេញចេកអំបូងលឿងជាផ្លូវការជាលើកដំបូងទៅទីផ្សារប្រទេសចិនកាលពីពាក់កណ្តាលឆ្នាំ ២០១៩ ខណៈកម្ពុជាបានធ្វើការនាំចេញស្វាយស្រស់ជាលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយផ្ទាល់កាលពីដើមឆ្នាំ ២០២០។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញចេកអំបូងលឿងបាននិយាយថា វិស័យកសិឧស្សាហកម្មកែច្នៃចំណីអាហារ និងដំណាំបន្លែ ផ្លែឈើ កំពុងទាញផលប្រយោជន៍យ៉ាងច្រើនក្នុងអំឡុងការរីករាលដាលជំងឺកូវីដ ១៩។ លោកបន្តថា បច្ចុប្បន្នវិស័យឯកជនជាច្រើនរួមទាំងក្រុមហ៊ុនលោកកំពុងងាកមកពង្រីកការវិនិយោគលើវិស័យកសិឧស្សាហកម្មកែច្នៃដែលកំពុងមានសក្តានុពលខ្លាំងក្នុងចំណោមវិស័យផ្សេងៗទៀត។
លោកថ្លែងថា៖ «ដំណើរការនាំចេញចេកអំបូងលឿងរបស់ក្រុមហ៊ុនខ្ញុំល្អប្រសើរជាធម្មតា គ្មានការរអាក់រអួលទេក្នុងអំឡុងពេលនេះ។ ចំពោះមុខតាមរយៈការលើកទឹកចិត្តវិនិយោគលើវិស័យនេះ និងការជំរុញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធបានជំរុញការផលិតក្នុងវិស័យកសិកម្មឲ្យប្រឹងប្រែងជាងមុន ចំណែកការវិនិយោគថ្មីៗក៏មានច្រើនដែរលើវិស័យកសិផល»។
កម្ពុជាបានពង្រីកការនាំចេញផ្លែឈើ និងបន្លែយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងតម្រូវការសម្រាប់ទីផ្សារអន្តរជាតិ។ វៀតណាម ចិន ថៃ និងជប៉ុនជាអ្នកនាំចូលចម្បងៗផលិតផលស្រស់ពីប្រទេសកម្ពុជា។ នេះបើតាម Reportlinker.com។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបាននាំចេញចេកអំបូងលឿងស្រស់ ៧២ ១៨២ តោន ក្នុងរយៈពេល ៣ ខែដំបូងឆ្នាំ ២០២០ ទៅកាន់ប្រទេសចិន វៀតណាម និងជប៉ុន ខណៈការនាំចេញផ្លែស្វាយស្រស់សម្រេចបាន ២៥ ៨០៦ តោនទៅកាន់ប្រទេសថៃ វៀតណាម បារាំង រុស្ស៊ី កូរ៉េខាងត្បូង និងទីក្រុងហុងកុង។
ការនាំចេញចេកអំបូងលឿងស្រស់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០១៩ សម្រេចបានជិត ១៦ ម៉ឺនតោន ដែលភាគច្រើនត្រូវបាននាំចេញទៅប្រទេសចិន វៀតណាម និងជប៉ុន។ ចំណែកការនាំចេញផ្លែស្វាយស្រស់បានចំនួន ៥៨ ១៦២ តោនទៅប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងទីក្រុងហុងកុង។ នេះបើតាមក្រសួងកសិកម្ម៕ LA