ភ្នំពេញ: ទីភ្នាក់ងារ​ជំរុញ​ជំនួញ និង​វិនិយោគទុន​កូរ៉េ​ (Kotra) ​សរសើរ​ផ្លែស្វាយ​នាំ​ចេញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​សាធារណរដ្ឋ​កូរ៉េ​មាន​គុណភាព​ល្អ និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​កូរ៉េ ខណៈ​ក្រុមហ៊ុន​ក្នុង​ស្រុក​គ្រោង​ពង្រីក​ការនាំចេញ​តំណាប់​ស្វាយ​ទៅកាន់​ទីផ្សារ​កូរ៉េ​នាពេល​ខាង​មុខ​តាមរយៈ​ក្រុមហ៊ុន​ដៃគូ​ពាណិជ្ជកម្ម​។

ការទទួល​បាន​ទីផ្សារ​ថ្មី​សម្រាប់​ផ្លែស្វាយ​កម្ពុជា​នឹង​រួមចំណែក​បង្កើន​ឱកាស​ដល់​កសិករ​កម្ពុជា​ដែលជា​អ្នកដាំដុះ​ស្វាយ ដើម្បី​បង្កើន​ប្រាក់ចំណូល ខណៈ​ផ្លែស្វាយ​កម្ពុជា​ពឹងផ្អែក​ខ្លាំង​តែ​លើ​ទីផ្សារ​ប្រទេសជិតខាង​មាន​វៀតណាម និង​ថៃ​ក្នុងពេល​កន្លងមក​។

នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក Jongsoo Shin អគ្គនាយក Kotra ប្រចាំ​កម្ពុជា​បាន​ថ្លែងថា លោក​ពិតជា​រីករាយ​ដែល​ឃើញ​ផ្លែស្វាយ​ស្រស់​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​ទទួលបាន​ការគាំទ្រ​ច្រើន ហើយ​ផ្លែស្វាយ​កម្ពុ​ជាមាន​គុណភាព​ល្អ និង ស្តង់ដា​របស់​ប្រទេស​កូរ៉េ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សាទរ​ចំពោះ​វត្តមាន​របស់​ស្វាយ​ស្រស់​កម្ពុជា​នៅ​ទីផ្សារ​កូរ៉េ​ដែល​កំពុង​ទទួលបាន​នូវ​តម្លៃ​ល្អ និង​មានការ​គាំទ្រ​ជាច្រើន​ពី​ប្រជាជន​កូរ៉េ ហើយ​ [​យើង​សន្យា​] ជួយ​ទាក់ទាញ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​»​។

ក្រុមហ៊ុន​ហ៊ីយុន​ដាយ​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កូរ៉េខាងត្បូង​ជា​លើកដំបូង​ចាប់តាំងពី​ពាក់កណ្តាល​ខែមករា​ឆ្នាំ​ ២០២០ បន្ទាប់ពី​អាជ្ញាធរ​កូរ៉េ​ទទួលស្គាល់​គុណភាព​ស្តង់ដា​អនាម័យ​។

របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា កាលពី​ខែមករា និង​កុម្ភៈ​កម្ពុជា​បាន​នាំចេញ​ស្វាយ​ស្រស់​ចំនួន​ ១៦ ៨៦៨ តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ រួមមាន​ប្រទេស​ថៃ វៀតណាម បារាំង រុស្ស៊ី កូរ៉េខាងត្បូង និង​ហុងកុង​។

អ្នកស្រី ម៉ៅ សុភា អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Kirirom Food Product (KFP) Co Ltd បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​អ្នកស្រី​គ្រោង​ពង្រីក​ការនាំចេញ​តំណាប់​ស្វាយ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​បន្ថែមទៀត បន្ទាប់ពី​មាន​តម្រូវការ​ខ្ពស់​។

អ្នកស្រី​ថា​៖ «​ក្រុមហ៊ុន​ខ្ញុំ​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុង​ការនាំ​តំណាប់ស្វាយ​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េ​។ មាន​អ្នក​ចាប់អារម្មណ៍​ជាច្រើន​ចង់​ទិញ​តំណាប់​ស្វាយ​ទៅ​លក់​បន្ត​នៅ​កូរ៉េ ប៉ុន្តែ​ពួកគេ​មិនទាន់​បំពេញ​តាម​លក្ខខណ្ឌ​ចង់បាន​របស់​ក្រុមហ៊ុន​ខ្ញុំ​»​។

អ្នកស្រី បន្តថា ក្រុមហ៊ុន KFP បាន​នាំចេញ​តំណាប់​ស្វាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ រួមមាន​អូស្ត្រាលី ចិន ជប៉ុន ហ្វីលីពីន ថៃ វៀតណាម អង់គ្លេស និង​សហរដ្ឋអាមេរិក ដែល​នាំចេញ​ប្រមាណ​ ១៨០ ​តោន​ក្នុង​ ១ ​ឆ្នាំ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ជា​មធ្យម​ក្រុមហ៊ុន​ត្រូវការ​ស្វាយ​ស្រស់​ប្រមាណ ៦០ ​តោន​ក្នុង​ ១ ​ថ្ងៃ​សម្រាប់​កែច្នៃ​»​។

របាយការណ៍​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា ផ្លែស្វាយ​ស្រស់​ប្រមាណ ៣០០ ​តោន​ត្រូវ​បាន​នាំចូល​រោងចក្រ​ទាំង​ ៦ ​ដែល​ប្រតិបត្តិការ​កែច្នៃ​ជា​រៀងរាល់ថ្ងៃ​ក្នុង​គោលដៅ​នាំចេញ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​អគ្គនាយក Kotra​ថា ក្រសួង​មាន​ផែនការ​បន្សុទ្ធ​ពូជ​ស្វាយ និង​ដំណាំ​កសិឧស្សាហកម្ម​ជាច្រើន​ទៀត​ដើម្បី​ធានា​ដល់​ការនាំចេញ​ឲ្យ​មាន​ស្ថិរភាព​។

កាលពី​ឆ្នាំមុន​កម្ពុជា​បាន​នាំចេញ​ស្វាយ​ស្រស់​ចំនួន ៥៨ ១៦២ ​តោន​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និង​ហុងកុង​។

ផ្ទៃដី​ដាំដុះ​ស្វាយ​នៅ​កម្ពុជា​មាន​ចំនួន​ជាង ១០ ​ម៉ឺន​ហិកតា ហើយ​ខេត្ត​ដែល​ដាំ​ស្វាយ​ច្រើន និង​មាន​គុណភាព​ឱជា​រស​ឆ្ងាញ់​ជាងគេ​គឺ កំពង់ស្ពឺ បន្ទាប់មក​ខេត្តបាត់ដំបង កំពត និង​ខេត្តបន្ទាយមានជ័យ ដែល​ភាគច្រើន​ដាំ​ស្វាយកែវ​រមៀត​៕