ភ្នំពេញៈ ផ្សារ​គំរូ​ទី​ ២ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែកចាក​របស់​ខេត្តកំពត និង​ខេត្ត​កៀនយ៉ាង​របស់​ប្រទេស​វៀតណាម​នឹងត្រូវ​សាងសង់​ឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

ការបង្ហាញ​ពី​ផែនការ​បង្កើត​ផ្សារ​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ បាន​ចុះទៅ​ពិនិត្យ​ទីតាំង​សង់​ផ្សារ​គំរូ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើកសម្ពោធ​ផ្សារ​ព្រំដែន​ដារ​នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩ បាន​បញ្ជា​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​សហការ​ជាមួយ​ខេត្តកំពត និង​ខេត្តស្វាយរៀង​ដើម្បី​សាងសង់​ផ្សារ​ជាប់​ព្រំដែន​ចំនួន ២ ​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​គោលបំណង​របស់​ផ្សារ​នេះ​នឹង​បម្រើ​ដល់​ការនាំចេញ​ទំនិញ​ទៅ​វៀតណាម​។ យើង​ចង់​ប្រើប្រាស់​ថវិកា​របស់​យើង​ដើម្បី​សាងសង់​ផ្សារ​គំរូ ២ ​ទៀត​។ នេះ​ជា​ការជំរុញ​របស់ខ្ញុំ​ជាមួយ​នឹង​ទិសដៅ​ក្នុង​ការប្រែក្លាយ​ព្រំដែន​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​»​។

លោក សូរស័ក្តិ ឱ្យដឹងថា គម្រោង​អភិវឌ្ឍ​សាងសង់​ផ្សារ​គំរូ​ព្រំដែន​នេះ​ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត លើ​ផ្ទៃដី ២ ​ហិកតា​ក្នុង​ជំហាន​ដំបូង ប៉ុន្តែ​បើតាម​ផែនការ​ផ្សារ​នេះ​គម្រោង​សង់​លើ​ផ្ទៃដី​សរុប ៥០ ​ហិកតា​។

លោក​និយាយថា​៖ «​ក្នុង​ជំហាន​ដំបូង​គម្រោង​នេះ​នឹង​អភិវឌ្ឍ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ផ្លូវ​ក្នុង​តំបន់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម អគារ​ផ្សារ​កម្ពស់ ២ ​ជាន់​រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ការសាងសង់​ផ្សារ​គំរូ​នេះ​គឺជា​គម្រោង​អាទិភាព​ទី​ ២ បន្ទាប់ពី​ផ្សារ​គំរូ​ព្រំដែន​បាន​កសាង​រួចរាល់​នៅ​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​។ ផ្សារ​គំរូ​នេះ​គ្រោង​នឹង​ប្រើ​ថវិកា ២ ​លាន​ដុល្លារ ដែល​ជា​ថវិកា​រដ្ឋាភិបាល​កម្ពុជា​។

លោក​ឱ្យដឹង​ទៀត​ថា​៖ «​ខ្ញុំ​សូម​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ​សម្រួល​ និង​សហការ​ឱ្យបាន​ល្អ​ជាមួយ​ក្រុមហ៊ុន​សាងសង់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​គម្រោង​នេះ​បានសម្រេច​លទ្ធផល​ជោគជ័យ​ឆាប់រហ័ស​។ តាម​ផែនការ​ផ្សារ​គំរូ​នេះ​នឹង​សាងសង់​បញ្ចប់​នៅ​ដើមឆ្នាំ​ក្រោយ ឬ​ពាក់កណ្ដាល​ឆ្នាំ​ ២០២២»​។

លោក ជាវ តាយ អភិបាលខេត្ត​កំពត​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃអាទិត្យ​ថា គណៈកម្មការ​អន្តរ​ក្រសួង​ដែលមាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឯកភាព​ជ្រើសរើស​យក​ទីតាំង​នេះ​ដើម្បី​ឈាន​ទៅ​សាងសង់​ផ្សារ​គំរូ​ព្រំដែន​នេះ​។

លោក​បាន​បន្ថែមថា គណៈកម្មការ​នេះ​កំពុង​ប្រឹងប្រែង​ជំរុញ​កិច្ចការ​នេះ​ឱ្យបាន​លឿន​ដើម្បី​អាច​ដំណើរការ​សាងសង់​តាម​ផែនការ​នៅ​ឆ្នាំនេះ​។

លោក​លើកឡើង​ថា​៖ «​តាមរយៈ​ផ្សារ​នេះ ការដោះដូរ​ទំនិញ​ជាប់​ព្រំដែន​នឹង​រួច​ពន្ធ ប្រជាជន​ខ្មែរ​ភាគច្រើន​មាន​ទំនិញ​កសិកម្ម និង​កសិឧស្សាហកម្ម​នឹង​ដូរ​គ្នា​នៅ​ទីនោះ​។ ខ្ញុំ​សង្ឃឹមថា សមិទ្ធផល​នេះ​នឹង​អាច​ធ្វើឱ្យ​ការដោះដូរ​ទំនិញ​តាម​ព្រំដែន​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ថែមទៀត​នឹង​ធ្វើឱ្យ​ជីវភាព​ប្រជាជន​កាន់តែ​ល្អ​ប្រសើរ​ឡើង​មួយកម្រិត​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា កម្ពុជា​នឹងមាន​ផ្សារ​គំរូ​ទី​២ ដែលជា​ទីកន្លែង​សម្រាប់​ដោះដូរ​ទំនិញ​ឆ្លង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិត​នេះ​ជា​រឿង​ល្អ​ដែល​យើង​បង្កើត​ផ្សារ​គំរូ​តាម​ព្រំដែន​។ ផ្សារ​គំរូ​នេះ​នឹង​ជំរុញ​ទីផ្សារ និង​តម្លៃ​ផលិតផល​របស់​កម្ពុជា​ដែល​ភាគច្រើន​យើង​ផលិត​លើស​តម្រូវការ​។ ខ្ញុំ​សង្ឃឹមថា ផ្សារ​គំរូ​នេះ​នឹង​បង្កើត​នៅតាម​ព្រំដែន​កម្ពុជា-ថៃ និង​កម្ពុជា-ឡាវ​បន្ថែមទៀត​»​។

កាលពី​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-វៀតណាម​ មាន​តម្លៃ​ប្រមាណ ៥ ពាន់​លាន​ដុល្លារ ​គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ ៥,៣ ​ពាន់​លាន​ដុល្លារ​៕ LA