ត្បូងឃ្មុំៈ កម្ពុជា និង​វៀតណាម​បានប្រកាស​ថា នឹង​សាងសង់​ផ្សារ​ ២ ​បន្ថែមទៀត​ នៅតាម​បណ្ដោយ​ព្រំដែន បន្ទាប់ពី​ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ផ្សារដា​ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បម្រើ​ជាទីតាំង​នាំចូល នាំចេញ​ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ក្នុងការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែល​បាន​ធ្វើជា​អធិបតី​ក្នុង​ការបើកដាក់​ឲ្យ​ដំណើរការ​ផ្សារដា​កាលពី​ម្សិលមិញ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខេត្ត​នេះ​ត្រូវ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​បន្តការងារ​សាងសង់​ផ្សារ​ជាប់​ព្រំដែន​ ២ ​ទៀត​នៅ​ខេត្ត​ស្វាយរៀង និង​ខេត្តកំពត​។

លោក​ឲ្យ​ដឹងថា ការសាងសង់​ផ្សារដា​ដែល​ក្លាយជា​ផ្សារ​គំរូ​ដំបូង​នៅ​ព្រំដែន ត្រូវ​បាន​ផ្តួចផ្ដើម​ចាប់តាំងពី​ឆ្នាំ​ ២០០៩ ដែល​ត្រូវការ​រយៈពេល​ប្រហែល​ ១០ ​ឆ្នាំ និង​ចំណាយ​ពេលវេលា​ធ្វើ​ទស្សនកិច្ច​ទៅវិញ​ទៅមក​ពី​គណៈប្រតិភូ​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ផ្សារដា​នេះ​នឹង​ក្លាយ​ជា​ផ្សារ​គំរូ​មួយ​សម្រាប់​ពួកយើង​ក្នុង​ការដោះដូរ​ទំនិញ​។ ប្រសិនបើ​ផ្សារ​នេះ​បរាជ័យ ផែនការ​ដែល​យើង​នឹង​បង្កើត​នៅ​ខេត្ត​ផ្សេងទៀត​ក៏​នឹង​បរាជ័យ​ផងដែរ​។ នេះ​ជា​ផ្សារ​ដំបូង​ជា​គំរូ​មួយ ហើយ​យើង​នឹង​បង្កើត​ផ្សារ​ ២ ​ទៀត​នៅ​ខេត្តស្វាយរៀង និង​ខេត្តកំពត​ដែល​ក្រសួងពាណិជ្ជកម្ម​ត្រូវតែ​ដោះស្រាយ​ការងារ​នេះ​»​។

លោក​បាន​បន្តថា​៖ «​គោលបំណង​របស់​ផ្សារ​នេះ​នឹង​បម្រើ​ជា​ផ្សារ​នាំ​ចេញទៅ​វៀតណាម​។ យើង​ចង់​ប្រើប្រាស់​ថវិកាជាតិ​របស់​យើង ដើម្បី​សាងសង់​ផ្សារ​គំរូ​ ២ ​បន្ថែមទៀត​។ នេះ​គឺជា​ការជំរុញ​របស់ខ្ញុំ​ជាមួយ​នឹង​ទិសដៅ​របស់​យើង​ក្នុងការ​ប្រែក្លាយ​ព្រំដែន​ជាមួយ​បណ្ដា​ប្រទេសជិតខាង ដែល​ធ្វើឲ្យ​វា​ត្រូវបាន​អភិវឌ្ឍ​កាន់តែ​ច្រើន​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល​ផលិតផល​ដែល​ដាក់តាំង​លក់​នៅ​ផ្សារដា​កាលពី​ម្សិលមិញ​។ សហការី

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា កម្ពុជា និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​ចាប់ផ្ដើម​គម្រោង​ផ្សារ​គំរូ​នេះ​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៧​។

លោក​បញ្ជាក់ថា ផ្សារដា ត្រូវ​បាន​ចាប់ផ្ដើម​ការសាងសង់​ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ នៅលើ​ផ្ទៃដី ១៩ ៦២៨ ​ហិកតា​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថារី​ត្បូងឃ្មុំ​នៃ​ស្រុក​មេមត់​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ផ្សារ​ដា​គឺជា​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​វៀតណាម​មាន​តម្លៃ​ប្រហែល​ ២ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ផ្សារ​ព្រំដែន​កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការបង្កើត​ការងារ បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​នៅតាម​ព្រំដែន និង​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។ ​ក្រៅពីនេះ វា​នឹង​លើកកម្ពស់​ទំនាក់ទំនង​ល្អ​ក្នុង​គ្រប់​វិស័យ​រវាង​ប្រជាជន​ទាំង​ ២ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​»​។

លោក ហ៊ុន សែន ​បាន​ឲ្យ​ដឹងថា ប្រទេស​ជិតខាង​ទាំង​ ២ ​នេះ​វៀតណាម និង​ថៃ ​គឺជា​ផ្សារ​ធំជាងគេ​សម្រាប់​កម្ពុជា ខណៈ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំនេះ​។ ប៉ុន្តែ​ការនាំ​ចេញ​ពី​កម្ពុជា​នៅតែ​មាន​កម្រិត​ទាប​បើ​ធៀប​នឹង​ការនាំចូល​ពី​ប្រទេស​ទាំង​ ២ ​នេះ​។

ទាក់ទង​នឹង​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម លោកនាយក​រដ្ឋមន្ដ្រី​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បង្កើន​ការនាំ​ចូល​ពី​កម្ពុជា​ដោយ​ផ្ដល់​លទ្ធភាព​ចូល​ទីផ្សារ​កាន់តែ​ច្រើន​លើ​ផលិតផល​កសិកម្ម​ផ្សេងទៀត​។

លោក​បន្តថា​៖ «​ខ្ញុំ​ចង់​ស្នើ​ឲ្យ​វៀតណាម​បង្កើន​ការនាំ​ចូល​ពី​កម្ពុជា ពិត​ហើយ​យើង​មើលឃើញថា វៀតណាម​ទិញស្រូវ និង​អង្ករ ​៣០ ០០០​ តោន​ ពី​កម្ពុជា និង​ផលិតផល​ផ្សេងទៀត​។ ខ្ញុំ​ស្នើ​ឲ្យ​វៀតណាម​ទិញ​ផលិតផល​កសិកម្ម​ផ្សេងទៀត​ពី​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា ផលិតផល​ទាំងនោះ​នឹង​ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​វៀតណាម​»​។

លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​មាន​ចំនួន​ ៤,៦ ​ពាន់​លាន​ដុល្លារ​ ដែល​ត្រូវបាន​កត់ត្រា​ដោយ​គយ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ជាក់ស្តែង​ទិន្នន័យ​ដែល​មិន​ត្រូវបាន​កត់ត្រា​ផ្លូវការ​ដោយ​គយ ដែល​ជា​ការដោះដូរ​ដោយ​ប្រជាជន និង​ប្រជាជន​បាន​កើនឡើង​ដល់​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​រួច​ហើយ​នៅ​ឆ្នាំនេះ​៕LA