ភ្នំពេញ៖ ផ្សារ​ទំនើប Aeon Mall ផ្សារ​ទំនើប Makro និង​ក្រុមហ៊ុន​វីរៈ ប៊ុនថាំ អេចប្រេស ប្រកាស​ចូលរួម​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​បញ្ចេញ​ទំនិញ​ឧបភោគ​បរិភោគ​ចាំបាច់​លក់​នៅ​តំបន់​បិទ​ខ្ទប់ (តំបន់​ក្រហម) ដើម្បី​រក្សា​តម្លៃ​ទំនិញ និង​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​ទំនិញ​នៅ​លើ​ទីផ្សារ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្ត​កណ្តាល)។

ការ​ចូលរួម​ពី​វិស័យ​ឯកជន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់​ឲ្យ​ដំណើរការ​ទីផ្សា​អនឡាញ (shop.moc.gov.kh) កាល​ពី​ថ្ងៃទី ២១ មេសា​កន្លង​មក។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សាយផ្ទាល់​ពិសេស​របស់​ស្ថានីយ​ទូរទស្សន៍​កម្ពុជា ទទក នៅ​ថ្ងៃទី ២៦ មេសា​ថា យ៉ាង​ហោច​ណាស់​ក្រុមហ៊ុន​ចំនួន ៣ បាន​ចូលរួម​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​បញ្ចេញ​ទំនិញ​ចាំបាច់​លក់​នៅ​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ និង​ផ្គត់ផ្គង់​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ។ ក្រុមហ៊ុន​ទាំង​នោះ រួម​មាន​ផ្សារ​ទំនើប​អ៊ីអន ម៉ាក្រូ និង វីរៈ ប៊ុនថាំ អេចប្រេស ដែល​នឹង​លក់​ចល័ត​នៅ​តាម​តំបន់​បិទខ្ទប់។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ទាំង ៣ បាន​ទាក់ទង​មក​ក្រសួង​ផ្ទាល់​រួច​ហើយ ដោយ​ពួក​គេ​នឹង​រៀបចំ​ទំនិញ​នៅ​តាម​ស្តង់ និង​ភ្ជាប់​ដំណរ​ជាមួយ​នឹង​ផ្សារ​អនឡាញ​របស់​ក្រសួង។

លោក​មាន​ប្រសាសន៍​ថា៖ «ផ្សារ​ម៉ាក្រូ នឹង​មាន​ការ​រៀបចំ​លក់​នៅ​នឹង​កន្លែង​ដែល​បាន​បញ្ជូន​ទំនិញ​មួយ​ចំនួន បន្លែ ផ្លែឈើ និងត្រី សាច់ មក​ស្តង់​របស់​ក្រសួង​សម្រាប់​ផ្គត់ផ្គង់​បងប្អូន​យើង​នៅ​តំបន់​ក្រហម ហើយ​ផ្សារ​អ៊ីអន ក៏​មាន​បំណង​មក​លក់​ជាមួយ​យើង គាត់​កំពុង​តែ​រៀបចំ​ស្តង់​សម្រាប់​លក់​ផង​ដែរ»។

លោក​បន្ថែម​ទៀត​ថា៖ «យើង​នឹង​បន្ត​ធ្វើ​ជាមួយ​ផ្សារ​ទំនើប​ផ្សេងៗ​ទៀត ដើម្បី​ពង្រីក​បណ្តាញ​លក់ និង​ពង្រីក​មុខ​ទំនិញ​ឲ្យ​បាន​កាន់​តែ​ច្រើន យើង​គិតគូរ​ផង​ដែរ ក្នុង​ការ​ពង្រីក​ស្តង់ និង​ពង្រីក​តាំង​លក់ ប៉ុន្តែ​ការ​ពង្រីក​ទីតាំង​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​វា​អាច​នឹង​បង្ក​ការ​ចម្លង​ជំងឺ​កូវីដ ១៩ នាំ​ឲ្យ​បិទ​ផ្សារ​ដដែល»។

ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស នឹង​បញ្ចេញ​រថយន្ត​ចល័ត​ចំនួន ៦៤ គ្រឿង លក់​គ្រឿង​ឧបភោគ​បរិភោគ​ដែល​មាន​បន្លែ ត្រី សាច់ ទៅ​តាម​គោលដៅ​ចំនួន ១៤ នៅ​តំបន់​ក្រហម។ នេះ​បើ​តាម​លោក សួរ វីរៈ អគ្គនាយក​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេសប្រេស។

លោក​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ថា៖ «យើង​គិត​ថា​ប្រជាជន​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​មាន​ផល​វិបាក​ក្នុង​ការ​ទទួល​បាន​ម្ហូប​អាហារ​ស្រស់​ដូចជា បន្លែ ត្រី សាច់ ដែល​យើង​លក់​ក្នុង​តម្លៃ​ទាប​សមរម្យ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ថា​ នឹង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ត្រៀម​រថយន្ត​សម្រាប់​ដឹក​ទំនិញ​ផ្គត់ផ្គង់​ជូន​ប្រជាជន​តំបន់​បិទ​ខ្ទប់»។

បើ​តាម លោក សុវិជាតិ បាន​ឲ្យ​ដឹង​ថា វិធានការ​របស់​ក្រសួង​ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ ក៏​ដូចជា ការ​បាន​នូវ​ស្ថិរភាព​នៃ​ប្រភព​ផ្គត់ផ្គង់់​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​បណ្តា​ខេត្ត​នានា​ចូល​មក​រាជធានី​ភ្នំពេញ។

លោក​ឲ្យ​ដឹង​ថា៖ «ក្រសួង​កត់​សម្គាល់​ថា ប្រសិន​បើ​យើង​អាច​សម្របសម្រួល​ប្រភព​ផ្គត់ផ្គង់​បាន​ត្រឹមត្រូវ យើង​នឹង​ធានា​បាន​ស្ថិរភាព​តម្លៃ និង​អាច​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ។ យើង​មិនមែន​ជា​ប្រតិបត្តិករ​នៃ​អ្នក​លក់​ទំនិញ​ទេ យើង​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល​កិច្ច​អន្តរាគម​នៃ​ការ​លក់ និង​ស្វែងរក​ទីផ្សារ»។

កាល​ពី​ថ្ងៃទី ២៥ មេសា ក្រសួង​ពាណិជ្ជកម្ម​បាន​លក់​អង្ករ​ចំនួន ៥២២ បេ (១ បេ មាន​ទម្ងន់ ៥០ គីឡូក្រាម) មី ១ ២៣០ កេស ទឹកត្រី ៣៨៤ យួរ ទឹក​ស៊ីអ៊ីវ ៣៦៦ យួរ ត្រីខ​កំប៉ុង ៨៩៤ កំប៉ុង ទឹក​បរិសុទ្ធ ១០២ យួរ និង​ឆៃប៉ូវ ១៦៤ ថង់ (១ ថង់ មាន​ទម្ងន់ ២ គីឡូក្រាម)៕