ភ្នំពេញៈ ​ផ្សារ​ទំនើប​សុវណ្ណា ​ដែល​ជា​​​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ​OCIC​ របស់​លោក ​ពុង​ ​ឃាវសែ ​នឹង​ចាប់​ផ្តើម​​​ធ្វើ​ការ​កែ​លម្អ​ឡើង​វិញ​ដើម្បី​បង្កើនភាព​​​​ទាក់ទាញ ​ខណៈ​មជ្ឈ​មណ្ឌល​លក់​​​ទំនិញ​​ដ៏​ល្បី​ទី២ ​ដំបូង​ នៅ​ក្នុង​ទីក្រុង​​ភ្នំពេញ​មួយ​នេះ​បាន​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។ នេះ​បើ​តាម​អ្នក​គ្រប់គ្រង​ផ្សារ​លោក​ស្រី ​ជា ​សុខហៀក ​អគ្គនាយិកា​​ផ្សារ​ទំនើប​សុវណ្ណា ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា​ គម្រោង​កែ​លម្អ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ខែ​កញ្ញា។

លោក​ស្រី​បន្ត​ថា៖​ «ការ​ជួសជុល​ឡើង​វិញ​នឹង​អាច​ទាក់ទាញ​អតិថិជន​ច្រើន​ជាង​មុន​។​ ជា​ការ​ពិត​ក្នុង​វិស័យ​ផ្សារ​​​ទំនើប​កំពុង​មាន​ការ​ប្រកួត​ប្រជែង​​​ខ្លាំង​ តែ​វា​ជា​ការ​ធ្វើ​​ឲ្យ​ការ​កែ​លម្អ​ផ្សារ​​ទំនើប​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​»។

ទោះ​បី​យ៉ាង​នេះ​ក្តី ​លោក​ស្រី ​មិន​ទាន់​​អាច​បញ្ជាក់​ពី​ការ​ចំណាយ​លើ​ការ​​កែ​លម្អ​នេះ​ទេ​ព្រោះ​ក្រុម​ការងារ​​កំពុង​​សិក្សា​នៅ​ឡើយ​។

ម្ចាស់​ហាង​លក់​ទំនិញ​ទាំង​អស់​នៅ​ក្នុង​ផ្សារ​ទំនើប​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​បញ្ចប់​កិច្ច​សន្យា​ជួល​ទីតាំង​ទាំង​អស់​ត្រឹម​ខែ​សីហា​ ខណៈ​មាន​ការ​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា​ ផ្សារ​ទំនើប​សុវណ្ណា​នេះ​នឹង​ត្រូវ​ជួល​ទៅ​ឲ្យ​វិនិយោគិន​ចិន​ដើម្បី​អភិវឌ្ឍ​គម្រោង​ផ្សេង​។

អ្នក​គ្រប់គ្រង​ហាង​ទំនិញ​មួយ​រូប​នៅ​ផ្សារ​សុវណ្ណា​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ ម្ចាស់​ផ្សារ​កាល​ពី​ខែ​ឧសភា​ បាន​ប្រកាស​បញ្ចប់​កុងត្រា​ហាង​ទំនិញ​លោក​មុន​កាល​កំណត់​។

លោក​ថ្លែង​ថា៖ «​បើ​តាម​លិខិត​ជូន​ដំណឹង​​ផ្លូវ​ការ​ពី​ខាង​ផ្សារ​ គាត់​សុំ​បញ្ចប់​​កុងត្រា​មុន​ខែ​សីហា ​ដើម្បី​ធ្វើ​ការ​ជួសជុល​ឡើង​វិញ ​ប៉ុន្តែ​យើង​ដឹង​ពី​អាជីវករ​ផ្សេងៗ​ប្រាប់​យើង​ថា ​អគារ​សុវណ្ណា​ជួល​​​ឲ្យ​ចិន​»។

អាជីវករ​លក់​គ្រឿង​អេឡិចត្រូនិក​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ផ្សារ​គ្រាន់​តែ​ជូន​ដំណឹង​ឲ្យ​អាជីវករ​ទំាង​អស់​ឲ្យ​ផ្អាក​លក់​ជា​បណ្តោះ​​អាសន្ន​សិន ​ដើម្បី​ជួសជុល​។ ​អាជីវករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖​ «ខាង​ផ្សារ​ឲ្យ​យើង​ផ្អាក​លក់​រយៈ​ពេល​ ៦​ខែ ​ដើម្បី​ជួសជុល​កែ​លម្អ​»។​

លោក​ស្រី​ ជា ​សុខហៀក ​បាន​​បដិសេធ​ចំពោះ​ ពាក្យ​ចរចាម​អារ៉ាម​ដែល​ថា​ផ្សារ​ទំនើប​នេះ​នឹង​ត្រូវ​ជួល​​ទៅ​ឲ្យ​អ្នក​វិនិយោគ​ចិន​។​

លោក​ស្រី​បន្ត​ថា៖ «យើង​កំពុង​ដំណើរការ​បញ្ចប់​កុងត្រា​ជាមួយ​អាជីវករ​ទាំង​អស់។​យើង​​មិន​អាច​បក​ស្រាយ​ពី​ពាក្យ​ចចាម​អារ៉ាម​នេះ​ទេ។​ តែ​អ្វី​ជា​ការ​ពិត​យើង​មាន​គម្រោង​ជួសជុល​ ព្រោះ​ផ្សារ​ទំនើប​សុវណ្ណា​មាន​អាយុ​កាល​ប្រមាណ ​១០ ​ ឆ្នាំ ​មក​ហើយ ​ដូច្នេះ​វា​ដល់​​ពេល​ត្រូវ​ជួសជុល​កែ​លម្អ​ឡើង​វិញ​»។

ផ្សារ​ទំនើប​សុវណ្ណា​​មាន​កម្ពស់ ​៥ ​ជាន់​ ដែល​បាន​បើក​ឲ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​ ២០០៨​ មាន​ហាង​លក់​សរុប​ ​២០០​ ជា​​ផ្សារ​ទំនើប​ធំ​ទី​២ បន្ទាប់​ពី​ផ្សារ​ទំនើប​​សូរិយា​ក្នុង​អំឡុង​ពេល​នោះ​។​

ចាប់​តាំង​ពី​វត្តមាន​នៃ​ផ្សារ​ទំនើប​ អ៊ីអន ​ម៉ល ​របស់​ជប៉ុន​ចូល​មក​ភ្លាម ​ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​ទំនិញ​វិនិយោគ​ដោយ​វិនិយោគិន​ក្នុង​ស្រុក​បាន​ចាប់​ផ្តើម​ធ្លាក់ចុះ​យ៉ាង​គំហុក​៕ LA