ភ្នំពេញៈ រាជធានី​ភ្នំពេញ​នឹង​ស្វាគមន៍​វត្តមាន​នៃ​ផ្សារទំនើប​ថ្មី​ ១ ​ទៀត​គឺ​ផ្សារ​ «K Mall» ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​បន្ទាប់​នេះ​ស្ថិត​នៅ​តាម​ដងវិថី​វេងស្រេង និង​មាន​ក្រុមហ៊ុន​លក់រាយ​អន្តរជាតិ​នានា ដើម្បី​ឆ្លើយតប​ទៅនឹង​ភាព​ស៊ីវិល័យ​ និង​ការកើនឡើង​នៃ​ប្រជាជន​មាន​ប្រាក់ចំណូល​មធ្យម​។

K Mall ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Urbanland នឹង​បើក​ដំណើរការ​ជា​សាធារណៈ​ក្នុង​ឆ្នាំ​ ២០២១ ​ខាង​មុខ​នេះ ដោយមាន​ហាង​ជាង​ ៤០ ត្រៀម​ស្វាគមន៍​អតិថិជន​។

ជាមួយ​នឹង​ទំហំ​ ១២០០០ ម៉ែត្រការ៉េ ដែល​ទីតាំង​សម្រាប់​ជួល​នៅ​ជាន់​ទី​ ៣ ផ្សារទំនើប K Mall នឹង​ផ្តល់​ជម្រើស​ជាច្រើន​រាប់​ចាប់តាំងពី​ហាង​អាហារ និង​ភេសជ្ជៈ ការកម្សាន្ត សម្លៀកបំពាក់​ទាន់សម័យ ហាង​បម្រើ​សេវា​ជាច្រើន​ទៀត ដែល​អតិថិជន​អាច​ដើរ​ទិញ​ទំនិញ​ងាយស្រួល សម្រាប់​បំពេញ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ខ្លួន​។ នេះ​បើតាម​មន្ត្រី​ក្រុមហ៊ុន​។

លោក Hok Kang នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urbanland Asia Investment Co., Ltd បាន​ឲ្យ​ដឹងថា ការជួល​លក់រាយ​នៃ​ផ្សារទំនើប K Mall សម្រេចបាន​ជាង​ ៥០ ​ភាគរយ​រហូត​ដល់​ពេល​នេះ ដោយ​រំពឹង​ថា​ចំនួន​ការជួល​នឹង​កើនឡើង​កាន់តែ​ច្រើន​ថែមទៀត ព្រោះ​ការចុះហត្ថលេខា​នឹងត្រូវ​ធ្វើឡើង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ទស្សនវិស័យ​នៃ​ការទិញ​របស់​ផ្សារទំនើប K Mall ជាពិសេស​ជាមួយ​នឹង​ទីតាំង​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន វា​គឺ​ជា​កតា្ត​គាំទ្រ​ដ៏ចម្បង​មួយ​ដែល​ទទួល​បាន​ពី​ដៃគូ​លក់រាយ​របស់​យើង​»​។

លោក​បន្ថែមថា​៖ «​យើង​សង្ឃឹមថា អ្នក​ដែល​ទិញ​ទំនិញ​របស់​យើង​នឹង​រីករាយ​ជាមួយ​ការច្នៃប្រឌិត ស្ថាបត្យកម្ម​ដ៏ទំនើប​ជាមួយ​នឹង​ទំនិញ និង​ហាង​ដ៏ចម្រុះ​សម្បូរបែប​ដើម្បី​បម្រើ​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​»​។

លោកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​នៅ​កម្ពុជា​កំពុង​មាន​និន្នាការ​កើនឡើង​ក្នុង​រយៈពេល​ 4-5 ​ឆ្នាំ​ចុងក្រោយ​នេះ​។ ទោះយ៉ាងណា​ចំពោះ​ផ្សារ​ទំនើប​ដែល​ចូលមក​ថ្មីៗ គួរតែ​គិតគូរ​ធ្វើ​អ្វី​ប្លែក​ពី​គេ​តែមាន​លក្ខណៈ​បំពេញ​បន្ថែម​ឲ្យ​គ្នា​ដើម្បី​រក្សា​នូវ​និរន្តរភាព​។

លោកស្រី​អះអាង​ថា​៖ «​សម្រាប់​ផ្សារ​ទំនើប K Mall ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ដងវិថី វេងស្រេង ដែល​ជា​ទីតាំង​សម្បូរ​ប្រជាជន​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ដូច្នេះ​អ្វីដែល​សំខាន់​គឺ​អ្នក​ជួល​ត្រូវ​ដឹង​ពី​តម្រូវការ​របស់​អតិថិជន​នៅ​ទីនោះ និង​ទំនិញ​អ្វីខ្លះ​គួរតែ​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប​នេះ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​មិន​អាច​និយាយ​បាន​ថា​តើ​ផ្សារទំនើប​នេះ​នឹង​ទទួល​ជោគជ័យ​ឬ​អត់ គឺ​វា​ពិបាក​ណាស់​នៅពេល​នេះ ប៉ុន្តែ​វា​នឹង​ល្អ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ក្រោយ​។ ម្យ៉ាងវិញ​ទៀត​ផ្សារទំនើប K Mall ក៏​គួរតែ​ធ្វើឲ្យ​ផ្សេង​ពី​ផ្សារ​ទំនើប​ផ្សេងទៀត ដើម្បី​ក្លាយ​ជា​ផលិតផល​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅវិញ​ទៅមក ជា​ជាង​ប្រកួតប្រជែង​នឹង​ផ្សារ​ទំនើប​ផ្សេងទៀត​»​។

តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ CBRE Cambodia បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ចុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​មាន​ផ្សារទំនើប​ ២៣ នៅក្នុង​ទីក្រុង​ភ្នំពេញ គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រហែល ៣៨ ​ហិកតា​៕ LA