ភ្នំពេញៈ ផ្សារទំនើប Phnom Penh Mega Mall កម្ពស់ ៩ ​ជាន់​ ដែល​គ្រោង​បើក​ដំណើរការ​នៅ​ដើម​ឆមាស​ទី​ ២ ឆ្នាំ​ ២០២០ ខាងមុខ​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​ពី​អតិថិជន​ច្រើន​ចំពោះ​ការជួល​ទីតាំង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន CBRE Cambodia​។

ផ្សារទំនើប Phnom Penh Mega Mall ដែល​មាន​ក្រឡាផ្ទៃ​អគារ​សរុប ៤៧ ០០០ ​ម៉ែត្រការ៉េ​ ត្រូវបាន​ចែកចេញ​ជា​ ៤០០ ​ស្តង់ និង​មាន​ចំណត​រថយន្ត​បាន ១ ៥០០ ​គ្រឿង និង​ម៉ូតូ ២ ០០០ ​គ្រឿង​។

អ្នកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ទោះបី​ការសាងសង់​អគារ​នេះ​ទើប​សម្រេច​បាន​ប្រមាណ ៩៥ ​ភាគរយ​ ក្តី ប៉ុន្តែ​បច្ចុប្បន្ន​មាន​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​ប្រមាណ ១០០ ​នាក់​/​ក្រុមហ៊ុន (​ភាគច្រើន​តំបន់​អាស៊ី​) បានមក​ទាក់ទង​ក្រុមហ៊ុន CBRE Cambodia ដើម្បី​ជួល​ទីតាំង​។

អ្នកស្រី​បន្ត​ថា តាម​ផែនការ​ការសាងសង់​អគារ​ផ្សារ Phnom Penh Mega Mall នឹង​ត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ ហើយ​នៅ​ដើម​ឆ្នាំ​ ២០២០ ក្រុមហ៊ុន​នឹង​អាច​អនុញ្ញាត​ឲ្យ​អតិថិជន​ (​អ្នក​ជួល​) ចូល​រៀបចំ​ទីតាំង​សម្រាប់​ការលក់​របស់​ខ្លួន​។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ Phnom Penh Mega Mall មានការ​ចាប់អារម្មណ៍​ច្រើន​គឺ​ដោយសារ​ផ្សារ​ទំនើប​នេះ​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ជិត​ចំណុចប្រសព្វ​នៃ​ខណ្ឌទួលគោក ៧ ​មករា និងដូនពេញ​។ Phnom Penh Mega Mall នឹង​ក្លាយ​ជា​ផ្សារ​ទំនើប​ឈានមុខ​គេ​នៅ​ទីនោះ​»​។

អ្នកស្រី​បន្តថា កំណើន​សេដ្ឋកិច្ច និង​កម្រិត​ជីវភាព​របស់​ប្រជាជន​បាន​ធ្វើឲ្យ​ផ្សារ​ទំនើបៗ​លំដាប់​អន្តរជាតិ​ជាច្រើន​បាន​បើក​ដំណើរការ​នៅ​កម្ពុជា​ដូចជា​ផ្សារ​ទំនើប Aeon 1, Aeon 2, Makro និង The Olympia Mall ជាដើម​។

ទីតាំង​ជួល​ក្នុង​ផ្សារ​ទំនើប Phnom Penh Mega Mall មាន​តម្លៃ​ជា​មធ្យម​ ៣០ ​ដុល្លារ​ ក្នុង​ ១ ​ការ៉េ​ ក្នុង​រយៈពេល​ ១ ​ខែ​។ នេះ​បើ​តាម​អ្នកស្រី សុធីតា​។

កាលពី​មុន​អគារ​ដែល​ចាប់ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ ២០១២ នេះ​ ត្រូវ​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អគារ​ព្រមព្រៀង​ជួល​ឲ្យ​ក្រុមហ៊ុន​ផ្សារទំនើប Parkson Mall ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ម៉ាឡេស៊ី ដោយ​បាន​ប្រកាសថា​ នឹង​បើក​ក្នុង​ខែ វិច្ឆិកា ឆ្នាំ​ ២០១៥ ប៉ុន្តែ​ក្រោយមក​កិច្ចព្រមព្រៀង​ត្រូវបាន​បញ្ចប់​ដោយ​ស្ងប់ស្ងាត់​ទៅវិញ​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩ ផ្សារទំនើប​ដែល​កំពុងបើក​ដំណើរការ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ១៨ ស្មើ ៣២០ ០០០ ម៉ែត្រការ៉េ កើន ១៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨៕ LA

វីដេអូ៖