កណ្តាលៈ ក្រសួង​ពាណិជ្ជកម្ម​រំពឹង​ថា ផ្សារ​ពាណិជ្ជកម្ម​ចិន​ដែល​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃ​ម្សិលមិញ​នឹង​ជួយ​លើកកម្ពស់​ទំនិញ​ក្នុង​ស្រុក​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។

លោក ប៉ាន សូរស័ក្តិ ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ផ្សារ​ពាណិជ្ជកម្ម ចេឌូបាយី កម្ពុជា-ចិន កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា វត្តមាន​របស់​ផ្សារ​ពាណិជ្ជកម្ម​ចិន​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ផ្សារ​នេះ​នឹង​ស្រូប​យក​ទំនិញ​ក្នុង​ស្រុក​ដែល​ផលិត​ដោយ​សហគ្រាស​ធុន-តូច និង​មធ្យម​ដើម្បី​ជំរុញ​ការ​នាំចេញ​។ លើស​ពី​នេះ​ផ្សារនេះ​នឹង​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាជន លើក​កម្ពស់​វិស័យ​ទេសចរណ៍​ជាតិ​ព្រម​ទាំង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ថែម​ទៀត​»​។

ផ្សារ​ពាណិជ្ជកម្ម ចេឌូបាយី កម្ពុជា-ចិន មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។

លោកស្រី ចាង យីង អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​ផ្សារ​នេះ​ដែរ​បាន​ឲ្យ​ដឹងថា ការវិនិយោគ​បង្កើត​ផ្សារ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​ធ្វើ​គំរូ​ផ្សារ​លើកដំបូង​របស់​ខេត្ត​ស៊ីឈួន​ក្នុង​តំបន់​អាស៊ាន​សំដៅ​ឆ្លើយតប​នឹង​គោលនយោបាយ​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ​។

បច្ចុប្បន្ន​ប្រទេស​ចិន​បាន​ក្លាយ​ជា​ដៃគូ​វិនិយោគ​ធំ​បំផុត​នៅ​កម្ពុជា​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន​នៅ​ក្នុង​ឆ្នាំ​ ២០១៧ សម្រេច​បាន ៥,៨ ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ការនាំ​ចេញ​របស់​កម្ពុជា​មាន​ចំនួន ១ ​ពាន់​លាន​ដុល្លារ និង​នាំ​ចូល​ពី​ចិន​មាន​ចំនួន ៤,៧ ពាន់​លាន​ដុល្លារ​៕ LA