ត្បូង​ឃ្មុំៈ ផ្សារ​ព្រំដែន​កម្ពុជា វៀតណាម​ដំបូង ដែល​វិនិយោគ​ទឹក​ប្រាក់​២​លាន​ដុល្លារ​ជាការ​ផ្តល់​ឲ្យ​ពី​រដ្ឋាភិបាល​វៀតណាម បាន​បើក​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ម្សិលមិញ ដោយ​សង្ឃឹម​ថា​នឹង​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២​។

ផ្សារ​នេះ​មាន​ទីតាំង​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ នៅ​លើ​ផ្ទៃដី​ប្រហែល​២​ហិកតា ដែល​មាន​ចម្ងាយ​ប្រហែល​១​គីឡួ​ម៉ែត្រ​ពី​ព្រំដែន​របស់​ប្រទេស​ទាំង ២​។

ផ្សារ​នេះ​ត្រូវ​បាន​សាងសង់​ជាមួយ​នឹង​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​វៀតណាម​នូវ​ទឹក​ប្រាក់​សរុប​ប្រមាណ ២​លាន​ដុល្លារ ហើយ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដោះដូរ​ទំនិញ​ទាំង​កម្ពុជា និង​វៀតណាម ខណៈ​ផលិតផល​វៀតណាម​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​ច្រើន​លើស​លប់​។

លោក ប៉ាន សូរ​ស័ក្ត រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ថ្លែង​កាលពី​ម្សិលមិញ នៅ​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​បើក​ការ​ដ្ឋាន​សាងសង់​ផ្សារ​ឆ្លង​កាត់​ព្រំដែន​នេះ​ថា​៖ «​ការ​បង្កើត​ទីផ្សារ​គំរូ​គឺជា​ការ​ចាប់​ផ្ដើម​សករាជ​ថ្មី​នៃ​កិច្ចសហ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ឆ្លង​កាត់​ព្រំដែន​របស់​ប្រទេស​ទាំង​២»​។

លោក​បាន​បន្ថែម​ថា វា​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជាជន​នៅ​ក្នុង​សហគមន៍ ហើយ​នឹង​រួម​ចំណែក​ក្នុង​ការ​សម្រេច​បាន​ទិសដៅ​សម្រាប់​ការ​ទទួល​បាន​ពាណិជ្ជកម្ម ទ្វេ​ភាគី​៥​ពាន់​លាន​ដុល្លារ​នៅ​ពេល​អនាគត​។

លោក​បាន​បញ្ជាក់​ថា​៖ «​វា​នឹង​រួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ឧបសគ្គ​ពាណិជ្ជកម្ម​ដែល​រហូត​មក​ដល់​ពេល​នេះ​កំពុង​រារាំង​ដល់​ការ​ចរាចរ​ទំនិញ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា វៀតណាម​»​។

យោង​តាម​លោក ស៊ាង ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​សាង​សង់​នឹង​ចំណាយ​ពេល​១២​ខែ ដោយ​សង្ឃឹម​ថា នឹង​បញ្ចប់​សម្រាប់​ប្រតិបត្តិការ ​នៅ​ដើម​ឆ្នាំ​ ២០១៩​។ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ចំនួន​ហាង​លក់​នៅ​ក្នុង​ផ្សារ​នេះ និង​លក្ខខណ្ឌ សម្រាប់​អ្នក​លក់​នៅ​ក្នុង​ផ្សារ​នេះ​បាន​ទេ ដោយ​ថ្លែង​ថា នឹង​មាន​គណៈកម្មាធិការ​ដើម្បី​ធ្វើ​ការ​ងារ​លើ​ភារកិច្ច​នេះ​នៅ​ពេល​ទីផ្សារ​នេះ​ជិត​បញ្ចប់​ការ​សាង​សង់​។

លោក សុក ហ៊ាង ប្រធាន​សភា​ពាណិជ្ជកម្ម​ កំពង់ចាម-ត្បូងឃ្មុំ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ផលិតផល​វៀតណាម​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​កាន់​តែ​ច្រើន​នៅក្នុង​ផ្សារ​នេះ បើ​ធៀប​នឹង​ផលិតផល​កម្ពុជា​ដោយ​សារ​ផលិតផល​ក្នុង​ស្រុក​នៅ​មាន​កម្រិត ហើយ​ភាគ​ច្រើន​ជា​វត្ថុធាតុ​ដើម​។ ប៉ុន្តែ​លោក សុក ហ៊ាង បាន​ថ្លែង​ថា ផ្សារ​នេះ​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​សម្រាប់​អតិថិជន​កម្ពុជា​ក្នុង​ការទិញ​ទំនិញ​ប្រើ​ប្រាស់​ប្រចាំ​ថៃ្ង​កាន់​តែ​ងាយស្រួល​ក្នុង​តម្លៃ​កាន់តែ​ទាប​។

លោក​ថ្លែងថា​៖ «​ប្រជាជន​របស់​យើង​ជារឿយៗ ឆ្លងកាត់​ព្រំដែន ដើម្បី​ទិញ​ទំនិញ​នៅក្នុង​ប្រទេស​វៀតណាម​ដោយ​សារ​តែ​ពួក​គេ​មាន​ផលិតផល​ច្រើន​ជាង​យើង​»​។

លោក​បាន​បន្ថែម​ថា ផ្សារ​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ពាណិជ្ជកម្ម​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្សារ​នេះ និង​បង្កើន​ជីវភាព​រស់នៅ​របស់​ពួក​គេ​។

លោក​បាន​បន្តថា​៖ «​នៅ​ពេល​យើង​មាន​ការ​តភ្ជាប់​កាន់តែ​ប្រសើរ ដើម្បី​លក់​ទំនិញ វា​នឹង​ជួយ​ប្រជាជន​នៅ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ការ​រក​ប្រាក់​ចំណូល​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និង វៀតណាម​ក្នុង​រយៈពេល​១១​ខែ​ក្នុង​ឆ្នាំ​២០១៧ បាន​កើន​ឡើងដល់ ៣,៤៣​ ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង ​៣១ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៦​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​៕ LA