ភ្នំពេញៈ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (SECC) លោក ស៊ូ សុជាតិ បានឲ្យដឹងថា ទីផ្សារមូលធនបានក្លាយជាជម្រើសនៃប្រភពមូលធនថ្មីសម្រាប់ក្រុមហ៊ុនឯកជនដែលកំពុងប្រឈមនឹងបញ្ហាក្នុងអាជីវកម្មនាអំឡុងការរីករាលដាលកូវីដ ១៩។
លោក ស៊ូ សុជាតិ បានថ្លែងបែបនេះក្នុងអំឡុងការចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មផ្លូវការរបស់ក្រុមហ៊ុន RMA Cambodia នៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃព្រហស្បតិ៍។
លោកថ្លែងថា៖ «បើតាមការពិតពេលនេះជាពេលវេលាដ៏ស្ងប់ស្ងាត់សម្រាប់ទីផ្សារភាគហ៊ុន ប៉ុន្តែវាមិនស្ងាត់សម្រាប់យើងឡើយ...យើងនៅតែមានក្រុមហ៊ុនមកចុះបញ្ជី។ ប្រឈមនឹងស្ថានការណ៍នេះបានជំរុញឲ្យក្រុមហ៊ុនជាច្រើនផ្អាកប្រតិបត្តិការ។ ខ្ញុំពិតជារីករាយដែល RMA Cambodia សម្រេចចិត្តចុះបញ្ជីនៅថ្ងៃនេះ»។
លោកថ្លែងថា៖ «ការរីករាលដាលកូវីដ ១៩ បានបង្រៀនពួកយើងនូវមេរៀនដ៏ល្អមួយស្ដីពីប្រភពទុនដែលមានសារៈសំខាន់បំផុត។ បើអ្នកពឹងផ្អែកលើប្រភពទុនមានប្រភពតែមួយ អ្នកនឹងត្រូវប្រឈមនឹងបញ្ហាជាច្រើនមិនខាន។ ដូច្នេះមូលនិធិប្រមូលបានពីផ្សារហ៊ុនគឺជាការធ្វើពិពិធកម្មនៃប្រភពទុនសម្រាប់ក្រុមហ៊ុន»។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានឲ្យដឹងក្នុងអំឡុងពេលចុះបញ្ជីនេះថា ក្រុមហ៊ុនបានធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩២ ក្នុងឧស្សាហកម្មផ្សេងៗ និងបានក្លាយជាដៃគូអាជីវកម្មដ៏ល្អមួយសម្រាប់កម្ពុជា។
លោកបន្ថែមថា៖ «ជាមួយនឹងការរីកចម្រើន RMA Cambodia កំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នៅពេលនេះវាក្លាយជារបត់ថ្មីមួយរបស់ក្រុមហ៊ុនក្នុងវិស័យឯកជនដែលបានចុះបញ្ជីសាធារណៈនៃការចេញលក់សញ្ញាបណ្ណសាជីវកម្មលើ CSX»។
លោក សាំង បន្តថា៖ «ខ្ញុំបានរង់ចាំការចុះបញ្ជីនេះជាយូរមកហើយ។ ការចុះបញ្ជីមិនគ្រាន់តែនាំយកមុខមាត់ល្អសម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការអភិវឌ្ឍផ្សារមូលបត្រកម្ពុជាផងដែរ។ នេះអាចបង្កើនទំនុកចិត្តក្រុមវិនិយោគិនសាធារណៈ ហើយវាជាការចូលរួមចំណែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។ លោកបន្ថែមថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន RMA Cambodia មានប្រហែល ៣០០ លានដុល្លារប្រចាំឆ្នាំ និងមានបុគ្គលិក ៦៥៤ នាក់។
លោក ហុង សុខហួរ អគ្គនាយក CSX បានឲ្យដឹងថា RMA Cambodia ប្រមូលមូលនិធិប្រហែល ២០ លានដុល្លារ និងក្លាយជាក្រុមហ៊ុនឯកជនដំបូងគេក្រៅពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលបានចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មលើផ្សារហ៊ុននេះ។
លោកថ្លែងថា៖ «ការចុះបញ្ជីនេះក្លាយជាប្រភពមូលនិធិរយៈពេលវែងថ្មីមួយសម្រាប់ក្រុមហ៊ុន ដើម្បីរីកចម្រើនបន្ថែមទៀត និងធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន។ ការចុះបញ្ជីនេះនឹងបង្កើនទំនុកចិត្តបន្ថែមទៀតពីក្រុមវិនិយោគិន ហើយក៏ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារពីរដ្ឋាភិបាលផងដែរ។ ខ្ញុំសង្ឃឹមថាជាមួយនឹងការចុះបញ្ជីប្រកបដោយជោគជ័យនៅថ្ងៃនេះ ក្រុមហ៊ុននេះនឹងពិចារណាការចេញលក់មូលបត្រកម្មសិទ្ធិដើម្បីអាចឲ្យវិនិយោគិនសាធារណៈក្នុងប្រទេសកម្ពុជាចូលរួមជាមួយនឹងកំណើនរបស់ក្រុមហ៊ុន»។
គិតត្រឹមខែមេសា CSX បានទទួលក្រុមហ៊ុនចុះបញ្ជី ១០ ក្នុងចំណោមនោះ ៥ ជាសញ្ញាបណ្ណសាជីវកម្ម និង ៥ ទៀតចុះបញ្ជីជាមូលបត្រ៕ LA