ភ្នំពេញៈ ​ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ថា​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​ប្រមូល​ទុន​ប្រហែល​ ១៥១ ​លាន​ដុល្លារ​​ ពី​ការជួញដូរ​មូលបត្រ និង​បណ្ណ​បំណុល​សាជីវកម្ម​គិត​ត្រឹម​ឆ្នាំនេះ កើនឡើង​ច្រើន​ប្រហែល​ ២៦ ​ភាគរយ ធៀប​នឹង​ ១២០ ​លាន​ដុល្លារ​ គិត​ត្រឹម​ឆ្នាំ​២០១៨​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ឲ្យ​ដឹងថា តាំងពី​ CSX ប្រតិបត្តិការ​មក មាន​ក្រុមហ៊ុន​ចុះបញ្ជី​ ៥ ​បាន​ជួញដូរ​មូលបត្រ​របស់​ពួកគេ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​ ៣ ​បាន​ចុះបញ្ជី​បណ្ណ​បំណុល​សាជីវកម្ម​នៅ​ផ្សារគោល​របស់ CSX​។

លោក​ថ្លែងថា​៖ «​រហូត​មក​ដល់​ពេលនេះ យើង​មាន​ផលិតផល​ ២ ​ប៉ុណ្ណោះ​គឺ​មូលបត្រ និង​បណ្ណ​បំណុល​សាជីវកម្ម​ដែល​កំពុង​ត្រូវបាន​ជួញដូរ​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​ដោយ​ប្រមូល​មូលនិធិ​បាន​ប្រហែល​ ១៥១ ​លាន​ដុល្លារ​។ សម្រាប់​ឆ្នាំ​ ២០២០ យើង​នឹងមាន​ក្រុមហ៊ុន​ពីរ​បី​ទៀត​ចុះបញ្ជី និង​ជួញដូរ​មូលបត្រ​របស់​ពួកគេ និង​ក្រុមហ៊ុន​ ២-៣ ចុះបញ្ជី​បណ្ណ​បំណុល​សាជីវកម្ម​»​។

លោក ហុង សុខហួរ អគ្គនាយក CSX បាន​ឲ្យ​ដឹងថា ផ្សារហ៊ុន​របស់​កម្ពុជា​កំពុង​រីកចម្រើន​ជាប្រចាំ​ជាមួយ​នឹង​ការចុះ​បញ្ជី​កាន់តែ​ច្រើន​ឡើងៗ និង​ការកើនឡើង​ចំនួន​ក្រុម​វិនិយោគិន​កាន់តែ​សកម្ម «​ទាំង​គណៈកម្មការ​មូលបត្រ​កម្ពុជា និង​ផ្សារមូលបត្រ​កម្ពុជា​កំពុង​ព្យាយាម​ទាក់ទាញ​ក្រុមហ៊ុន និង​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន មក​ទីផ្សារ​នេះ ដើម្បី​ធ្វើឲ្យ​ទីផ្សារ​រួមចំណែក កាន់តែ​ច្រើន​ឡើង​ដល់​សេដ្ឋកិច្ច​»​។

ទិន្នន័យ CSX បានចេញ​ផ្សាយ​កាលពី​ដើមខែ​តុលា​ថា សន្ទស្សន៍​របស់ CSX បានបង្ហាញ​កំណើន​ដ៏រឹងមាំ​នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​ជាមួយ​នឹង​មូលធន​ទីផ្សារ​កើនឡើង​ជាង​ ៤០ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ២ ដែលជា​ការកើនឡើង​ខ្ពស់​​បំផុត​ចាប់តាំងពី​ផ្សារហ៊ុន​នេះ​បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​ ២០១២​។

ទិន្នន័យ​នេះ​បង្ហាញថា នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​មូលធន​ទីផ្សារ​បាន​ឡើងដល់​ ៨០០ ​លាន​ដុល្លារ ​កើនឡើង​ពី ៥៧០ ​លាន​ដុល្លារ​ ពី​ត្រីមាស​ទី​ ២​។ សន្ទស្សន៍ CSX បាន​កើន​ដល់​ ៨៦៩,១៦ ​ពិន្ទុ​ កាលពី​ចុងខែ​មុន​ដែល​ជា​តួលេខ​ខ្ពស់​បំផុត​នៅ​រយៈពេល​ ៦ ​ឆ្នាំ​ចុងក្រោយ​នេះ​។

ទិន្នន័យ​នេះ​បង្ហាញថា គណនី​ជួញដូរ​ថ្មី ៧២៥ ត្រូវ​បាន​បើក​នៅ​ត្រីមាស​ទី​ ៣ ដែល​ធ្វើឲ្យ​ចំនួន​សរុប​កើនឡើង​ដល់​ ២២ ១៩៦​។ ទំហំ​ការជួញដូរ​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​នៅ​ត្រីមាស​ទី​ ៣ មាន​ចំនួន ២៧ ១២១ ដុល្លារ ឬ​ ១២ ៥៣៩ ​ភាគហ៊ុន​។ ការជួញដូរ​ដោយ​ក្រុម​វិនិយោគិន​បុគ្គល​មាន​ចំនួន​ប្រហែល​ ៩៤ ​ភាគរយ​។

ទិន្នន័យ CSX បង្ហាញថា តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ៥ ដែល​ចុះបញ្ជី​នៅលើ​ផ្សារហ៊ុន​នេះ​បានបង្ហាញ​ជាទូទៅ​នូវ​កំណើន​ដ៏រឹងមាំ​នៅ​ចុង​ត្រីមាស​ទី​ ៣ ​ឆ្នាំនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ទំហំ​ជួញដូរ​កាលពី​ថ្ងៃ​ចន្ទ​បាន​កើនឡើង​ ៤ ​ដង​ធៀប​នឹង​ថ្ងៃ​សុក្រ​មុន កើនឡើង​ដល់ ១៨៦, ៨៧ ​លាន​រៀល​។ ក្រុមហ៊ុន​រួមចំណែក​ធំ​បំផុត​គឺ កំពង់ផែ​ក្រុងព្រះសីហនុ​ (PAS) ដែលមាន​ចំណែក​ ៤៦,៧៨ ​ភាគរយ បន្ទាប់មក​រដ្ឋាករទឹក​ (PWSA) មាន​ចំណែក​ ៣៣,២ ​ភាគរយ​៕LA