ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​កំពុង​បង្កើន​ការ​ទាក់​ទាញ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទៅ​ក្នុង​វិស័យ​មូលបត្រ​ដ៏​ក្មេង​ខ្ចី​របស់​កម្ពុជា​ បន្ទាប់​ពី​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ ហត្ថា​កសិករ លីមីធីត បាន​ក្លាយ​ជា​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​​ដំបូង​គេ​ទទួល​​ជោគ​ជ័យ​ក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​បំណុល​ក្រុមហ៊ុន​។

ដើម្បី​​បង្កើន​ភាព​ទាក់ទាញ​របស់​ខ្លួន​បន្ថែម​ទៀត​​ទៅ​​​​ដល់​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​នានា​នៅ​កម្ពុជា​ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែធ្នូ​ បាន​រៀបចំ​សិក្ខា​សាលា​មួយ​ស្តីពី «​ការ​ពង្រីក​សក្ដា​នុពល​អាជីវ​កម្ម​តាម​រយៈ​ទីផ្សារ​មូល​បត្រ»​​ ក្នុង​បំណង​បញ្ជ្រាប​ការ​យល់​​ដឹង​អំពី​វិស័យ​មូល​បត្រ​ទៅ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​ កម្ពុជា ក៏​ដូច​ជា​ស្រប​ទៅ​នឹង​គោល​ដៅ​ក្នុង​ការ​ទាក់​ទាញ​​ស្ថាប័ន​ហិរញ្ញវត្ថុ​ឲ្យ​មាន​សកម្មភាព​នៅ​លើ​វិស័យ​មូល​បត្រ។​

លោក​ស្រី ស៊ូ ច័ន្ទមុនី ប្រធាន​នាយក​ដ្ឋាន​រក្សា​ទុក​មូលបត្រ​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​ ១ ហើយ​ដែល​ផ្សារ​​មូល​បត្រ​កម្ពុជា​​រៀបចំ​សិក្ខា​សាលា​​សម្រាប់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ ខណៈ​កន្លង​មក​ការ​ រៀបចំ​មាន​លក្ខណៈ​បើក​ទូលាយ​សម្រាប់​គ្រប់​ស្ថាប័ន​។ ការ​​បញ្ជ្រាប​ការ​យល់​ដឹង​ពី​​វិស័យ​មូលបត្រ​ដល់​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មូល​បត្រ​​នៅ​កម្ពុជា​។

លោក​ស្រី​ថ្លែង​ថា៖​ «គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់​អាច​ប្រើប្រាស់​​ផ្សារ​ហ៊ុន​ដើម្បី​ស្វែង​រក​ប្រាក់​បន្ថែម​​សម្រាប់​ពង្រីក​ការ​វិនិយោគ​របស់​​ខ្លួន​តាម​រយៈ​ការ​​​បោះ​ផ្សាយ​មូល​បត្រ​កម្ម​សិទ្ធិ ឬ​មូលបត្រ​​បំណុល»​។​

បើ​តាម​លោក​ស្រី ច័ន្ទមុនី បច្ចុប្បន្ន​​​មាន​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ ៥ ទៅ ៦ ក្រុមហ៊ុន​កំពុង​ចាប់​អាម្មណ៍​ក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​បំណុល​ ខណៈ​ពួក​គេ​កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​ធានា​ទិញ​មូល​បត្រ។

សិក្ខា​សាលា​នេះ​មា​ន​ការ​ចូល​រួម​ពី​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ ប្រមាណ​ ៥០ រួម​មាន​ ហត្ថា​កសិករ​លីមីត​ធីត ក្រុមហ៊ុន​អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រីធី ក្រុមហ៊ុន​យាន់​តា ស៊ី​ឃ្យួ​រីធី ភីអិលស៊ី ព្រម​ទាំង​ធនាគារ​កា​ណា​ឌី​យ៉ា ដែល​ជា​ភ្នាក់​ងារ​ទូទាត់​សាច់​ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​​បត្រ​ផង​ដែរ​។

លោក យុន សំអាង នាយក​រង​នាយក​ដ្ឋាន​ហិរញ្ញ​កិច្ច​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ បាន​និយាយ​ថា ការ​អភិវឌ្ឍ​ផ្សារហ៊ុន​នឹង​​រួម​ចំណែក​​​​​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ព្រម​ទាំង​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន ឬ​ស្ថាប័ន​នីមួយ​ៗ​អាច​ធ្វើ​ការ​ពង្រីក​ខ្លួន​​បាន​កាន់​តែ​លឿន និង​​មាន​ការ​ទទួល​ស្គាល់​​ជា​អន្តរជាតិ​។​

លោក​​​បាន​ថ្លែង​ថា៖ «​ការ​ចូល​ផ្សារ​ហ៊ុន​ គឺ​ជា​ការ​​​បើក​ឱកាស​ឲ្យ​ស្ថាប័ន​នីមួយ​ៗ​អាច​ប្រមូល​ប្រភព​ធន​ធាន​​យក​ទៅ​វិនិយោគ​បន្ថែម ទទួល​បាន​ការ​​អនុគ្រោះ​ផ្នែក​ពន្ធដារ, ពង្រឹង​អភិបាល​កិច្ច​នៃ​ការ​គ្រប់​គ្រង​​ និង​​ពង្រីក​ទំនុក​ចិត្ត​សម្រាប់​អតិថិ​ជន​ក្នុង និង​ក្រៅ​​ប្រទេស»។

ជា​ការ​កត់​សម្គាល់​របស់​លោក យុន សំអាង នៅ​ក្នុង​សិក្ខា​​សាលា​ពេល​នោះ​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន​បាន​បង្ហាញ​ពី​​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូល​​​ផ្សារ​ហ៊ុន​នា​ពេល​ខាង​មុខ​។​

ទិន្នន័យ​​​នៅ​ពេល​បិទ​​ទ្វារ​ផ្សារ​ហ៊ុន​កាល​ពី​ថ្ងៃ​ម្សិលមិញ​បង្ហាញ​ថា តម្លៃ​សន្ទស្សន៍ គឺ​ ៤៥៦,៩៤​ ពិន្ទុ ខណៈ​​​ថ្ងៃ​ម្សិលមិញ ៤៥៧,៩៥​​​ ពិន្ទុ៕​LA