ភ្នំពេញៈ ឆ្នាំ​ ២០១៩ គឺជា​ពេលដែល​វិស័យ​មូលបត្រ​នៅ​កម្ពុជា​មាន​ភាពរីកចម្រើន​ខ្លាំង​បំផុត​ដោយ​ទឹកប្រាក់​ជួញដូរ​ជា​មធ្យម​ប្រចាំថ្ងៃ​មាន​ប្រមាណ​ជាង ១៥ ​ម៉ឺន​ដុល្លារ ​កើនឡើង​ជិត ៥០០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX)​។

របាយការណ៍​ពី CSX បាន​បង្ហាញ​ថា​នៅក្នុង​ឆ្នាំ​ ២០១៩ ទំហំ​នៃ​ការជួញដូរ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​មាន​តម្លៃ ១៥៧ ០៤៥ ​ដុល្លារ កើន ៤៨៧ ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៨ ដែលមាន​តម្លៃ ២៦ ៧១៩ ​ដុល្លារ​។

កាលពី​ឆ្នាំ​ ២០១៧ ការជួញដូរ​ជា​មធ្យម​ប្រចាំថ្ងៃ​មាន​ចំនួន ១៣ ១៤៩ ​ដុល្លារ ឆ្នាំ​ ២០១៦ មាន​តម្លៃ ១០ ៣៩៨ ​ដុល្លារ ឆ្នាំ​ ២០១៥ មាន ៧ ៨៣៧ ​ដុល្លារ ឆ្នាំ​ ២០១៤ មាន​ចំនួន ១៣ ១៥៩ ​ដុល្លារ និង​ឆ្នាំ​ ២០១៣ មានតម្លៃ ១៥ ១៦២ ​ដុល្លារ​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ «​ទស្សនវិស័យ​នៃ​វិស័យ​មូលបត្រ​នៅ​កម្ពុជា​» ​កាលពី​ថ្ងៃ​ម្សិលមិញ​លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​បាន​លើកឡើង​ថា ឆ្នាំ​ ២០១៩ គឺជា​ឆ្នាំ​ដ៏អស្ចារ្យ​សម្រាប់​វិស័យ​មូលបត្រ​កម្ពុជា​ដោយ​វិស័យនេះ​សម្រេច​បាន​នូវ​កំណើន​ខ្ពស់ និង​បាន​បំបែក​នូវ​កំណត់ត្រា​ជាច្រើន​ដូចជា តម្លៃ​នៃ​ការជួញដូរ និង​សកម្មភាព​ជួញដូរ​ជាដើម​។

លោក​បន្តថា ភាព​វិជ្ជមាន​ទាំងអស់​នេះ​បាន​ធ្វើឲ្យ​តម្លៃ​ជួញដូរ​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់​កាលពី​ឆ្នាំ​ ២០១៩​។ លោក​ថ្លែងថា​៖ «​ទោះយ៉ាងណា​ចំនួន​នេះ​បើ​គិត​សម្រាប់​ប្រទេស​កម្ពុជា​គឺ​មាន​ចំនួន​ច្រើន​គ្រាន់បើ តែ​បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេងៗ​គឺ​នៅ​មាន​ចំនួន​តិចតួច​»​។

គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០១៩ ការប្រមូល​មូលធន​តាមរយៈ​ផ្សារមូលបត្រ​កម្ពុជា មាន​តម្លៃ​សរុប ១៦១,៤៧ ​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​។

លោក សុហួរ បាន​និយាយថា​៖ «​ផ្សារមូលបត្រ​កម្ពុជា​កំពុង​វិវត្ត​ខ្លួន​ក្លាយ​ជា​ចលករ​មួយ​ដ៏សំខាន់​នៅក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​»​។

ក្រៅពី​ចំណុច​ខាងលើ​ភាពលេចធ្លោ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ ក៏​រួមមាន​ចំណុច​មួយ​ចំនួន​ទៀត​ដូចជា សន្ទស្សន៍​ថ្លៃ​​ (Index) ​បាន​កើនឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​កាលពី​ដើម​ខែតុលា ឆ្នាំ​ ២០១៩ គឺ ៨៧០,៦៥ ​ពិន្ទុ និង​មូលធនូបនីយកម្ម​ទីផ្សារ​មាន​តម្លៃ​រហូតដល់ ៨០២ ​លាន​ដុល្លារ​។ ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃ​ទី​ ២១ ខែឧសភា តម្លៃ​នៃ​ការជួញដូរ​បាន​កើន​ដល់ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ​ ជាមួយ​នឹង​បរិមាណ​ជួញដូរ​ភាគហ៊ុន​មាន​ចំនួន ៩,៤៤ ​លាន​ហ៊ុន​ ដែល​ជា​តួលេខ​ខ្ពស់​មិន​ធា្លប់​មាននៅ CSX​។

សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​លោក សុហួរ និយាយថា​៖ «​យើង​រំពឹងថា នៅ​ឆ្នាំ​ ២០២០ នេះ​នឹងមាន​ក្រុមហ៊ុន​មក​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​យ៉ាងហោច​ណាស់​ចំនួន ៧ ​ទៀត ដែល​ក្នុងនោះ​មាន ៤ ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ និង ៣ ​ទៀត​ចុះបញ្ជី​លក់​មូលបត្រ​បំណុល​»​។

ចាប់ផ្តើម​បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ២០១២ រហូត​មក​ដល់​ពេលនេះ​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​ចំនួន​ ៨ ដែល​ក្នុងនោះ​មាន​ចំនួន ៥ បាន​ចុះបញ្ជី​បោះ​លក់​មូលបត្រ​កម្មសិទ្ធិ (​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់ ហ្គ្រេនធ្វីន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​) ​និង​ ៣ ​ផ្សេងទៀត​បោះ​លក់​មូលបត្រ​បំណុល (​ហត្ថា​កសិករ​, LOLC និង​ធនាគារ ABA )​។

លោក Ha Jong Weon អគ្គនាយករង​នៃ​ផ្សារមូលបត្រ​កម្ពុជា​បាន​និយាយថា ការ​ចូល​មក​ផ្សារហ៊ុន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ ការអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ ការបន្ថែម​ម៉ោង​ជួញដូរ ទំនុកចិត្ត​របស់​វិនិយោគិន ការផ្សព្វផ្សាយ​ទៅ​សាធារណជន​កាន់តែ​ទូលំទូលាយ និង​កិច្ចខិតខំ​របស់​គ្រប់ផ្នែក​ពាក់ព័ន្ធ បាន​ធ្វើឲ្យ​ផ្សារមូលបត្រ​កម្ពុជា​មាន​សម្ទុះ​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ​ ២០១៩​។

លោក​បន្តថា តាមពិត​ទៅ​កំណើន​នេះ​បាន​ចាប់ផ្តើម​មាន​តាំងពី​ឆ្នាំ​ ២០១៨ មក​ម្ល៉េះ​។ នេះ​ជា​សូចនាករ​វិជ្ជមាន​មួយ​សម្រាប់​ទីផ្សារ​មូលបត្រ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ នេះ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

លោក​ថ្លែងថា​៖ «​យើង​រំពឹងថា សាធារណជន​នឹង​ផ្តោត​ការយកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ចំពោះ​ទីផ្សារ​មូលបត្រ​នៅ​ឆ្នាំ​ ២០២០ នេះ​ដោយសារ​ការបន្ត​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ទីផ្សារ​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ និង​ទាក់ទាញ​វិនិយោគិន​បន្ថែមទៀត​»​។

បើតាម​លោក Ha Jong Weon បច្ចុប្បន្ន CSX បាននិង​កំពុង​ធ្វើការ​សិក្សា​លើ​ផលិតផល​ជាច្រើន​ដើម្បី​បង្កើន​ដាក់ចូល​ទីផ្សារ​នៅពេល​ខាងមុខ​។ ផលិតផល​ទាំងនោះ​មាន​ដូចជា Depositoty Receipt មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម បណ្ណ​បំណុល​រដ្ឋ ការចុះបញ្ជី​ឆ្លងដែន Holding Company និង Exchange Traded Fund និង Private Market៕LA