ភ្នំពេញៈ ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​និង​ធនាគារ ព្រីនស៍ បាន​ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ (MOC) ​សម្រាប់​ការផ្ដល់​កញ្ចប់​ពិសេស​ដល់​​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ដែល​អាច​ទទួល​បាន​អត្រា​កម្ចី​កាន់តែ​ប្រសើរ និង​ប្រាក់​បញ្ញើ​ថេរ​។

ធនាគារ ព្រីនស៍ បាន​ក្លាយជា​ធនាគារពាណិជ្ជកម្ម​ទី​ ៣ សម្រាប់​ការផ្ដល់​កញ្ចប់​ពិសេស​ដល់​ក្រុមហ៊ុន​ចុះបញ្ជី បន្ទាប់ពី​ធនាគារកាណាឌីយ៉ា និង​ធនាគារ​អភិវឌ្ឍន៍​ការវិនិយោគ​កម្ពុជា (BIDC) ដែល​បាន​ធ្វើ​ចាប់តាំងពី​ខែ​មីនា ឆ្នាំមុន​។

លោក ហុង សុខហួរ អគ្គនាយក CSX បាន​ឲ្យ​ដឹងថា កញ្ចប់​ពិសេស​ដែល​ផ្ដល់​ដោយ​ធនាគារ ព្រីនស៍ ជា​អត្ថប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ចំណោម​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​បានផ្ដល់​ដូចជា​ការលើកលែង​ពន្ធ ការកាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ ៥០ ​ភាគរយ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ជាដើម​។

លោក​ថ្លែងថា​៖ «​ការលើក​ទឹកចិត្ត​បានបង្ហាញ​ការបំពេញបន្ថែម​ដ៏ល្អ​មួយ​រវាង​វិស័យ​មូលបត្រ និង​វិស័យ​ធនាគារ​នេះ​ក៏​បង្ហាញ​តម្លាភាព និង​ប្រតិបត្តិការ​អាជីវកម្ម​ដ៏រឹងមាំ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ CSX ដែល​ធ្វើឲ្យ​ធនាគារ​នេះ​ផ្ដល់​កម្ចី​កាន់តែ​ប្រសើរ​ជាង​ក្រុមហ៊ុន​ធម្មតា​ដែល​មិនបាន​ចុះបញ្ជី​»​។

លោក​បន្តថា​៖ «​លើស​ពី​នេះ​ទៅ​ទៀត CSX នឹង​ស្វែងរក​ការលើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល និង​វិស័យ​ឯកជន​សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី​។ CSX ក៏​រីករាយ​ក្នុងការ​ផ្ដល់​ការពិគ្រោះ​យោបល់​ដោយ​សេរី​ដល់​ក្រុមហ៊ុន​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​បោះផ្សាយ​មូលបត្រ​សាធារណៈ​លើកដំបូង​ផងដែរ ដូច្នេះ​ពួកគេ​អាច​ធ្វើ​ដំណើរការ​កាន់តែ​លឿន និង​កាត់បន្ថយ​ការចំណាយ​»​។

លោក​បន្ថែមថា​៖ «​ក្រុមហ៊ុន​ចុះបញ្ជី​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការផ្ដល់ជូន​នេះ​ពួកគេ​អាចទាក់ទង CSX ឬ​ធនាគារ Prince Bank ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​»​។

លោក ហ៊ន សុរចនា ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​ព្រីនស៍​បាន​ឲ្យ​ដឹងថា អនុស្សរណៈ​យោគយល់​គ្នា​គឺជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​តាមរយៈ​ការផ្ដល់​ការលើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី និង​បុគ្គលិក​របស់​ពួកគេ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន​ទាំងនោះ​នឹង​ស្វែងរក​ភាព​កាន់តែ​ងាយស្រួល​ដើម្បី​ទទួល​បាន​កម្ចី​សម្រាប់​ប្រតិបត្តិការ​របស់​ពួកគេ ជាមួយ​នឹង​លក្ខខណ្ឌ​កាន់តែ​ប្រសើរ សម្រាប់​កំណើន​អាជីវកម្ម​របស់​ពួកគេ​»​។

លោក សុខហួរ ឲ្យ​ដឹងថា បន្ទាប់ពី​ប្រតិបត្តិការ​របស់ CSX រយៈពេល​ជិត​ ៧ ​ឆ្នាំ​ មក​ចំនួន​ក្រុម​វិនិយោគិន​បាន​កើនឡើង​ដល់ ២២ ០០០ ​នាក់ ខណៈ​ក្រុមហ៊ុន​នឹងត្រូវ​ចុះបញ្ជី​មូលបត្រ​របស់​ពួកគេ និង​មូលបត្រ​បំណុល​នៅលើ CSX ហើយ​យើង​រំពឹង​ថា នៅ​ឆ្នាំនេះ​យើង​នឹង​ទទួល​បាន​ការកើនឡើង​ ២ ​ដង​នៃ​ការចុះបញ្ជី​ក្រុមហ៊ុន​ធៀប​នឹង​ឆ្នាំ ​២០១៩»​។

កាលពី​ឆ្នាំ​ ២០១៩ មូលធននីយកម្ម​ទីផ្សារ​បាន​កើនឡើង​ ១៥៧ ​ភាគរយ ​ដល់ ៨០០,៣៩ ​លាន​ដុល្លារ​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ ៥ ចេញ​ភាគហ៊ុន និង​ក្រុម​ហ៊ុន ​៣ ចេញ​បណ្ណ​បំណុល​ដែល​ប្រមូល​មូលនិធិ​សរុប​បាន​រហូតដល់​ ១៥១ លាន​ដុល្លារ ​នៅ​ផ្សារ​មូលធន​៕LA