ភ្នំពេញ: ក្រសួងពាណិជ្ជកម្មតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) project និងក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) (ផ្សារ makro) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់រាល់ផលិតផលរបស់ខ្លួននៅគ្រប់សាខានៃផ្សារនេះ។
MoU នេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងកាលពីថ្ងៃទី ២៨ ខែកញ្ញា ដើម្បីជំរុញការលក់នូវផលិតផលដែលបានផលិតចេញពីគម្រោង AIMS នេះដល់អតិថិជនទូទៅនៅកម្ពុជា។
លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា នាពេលបច្ចុប្បន្ននេះការរីករាលដាលនៃជំងឺកូវីដបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងសកលលោក។
លោកថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ ប្រទេសកម្ពុជាបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ជាច្រើន ស្របតាមការណែនាំពីលោកនាយករដ្ឋមន្ត្រីដែលបានអំពាវនាវឱ្យប្រជាកសិករត្រូវខិតខំធ្វើការដាំដុះ និងជំរុញផលិតកម្មកសិកម្មរួមមានការចិញ្ចឹមសត្វ ផលិតកម្មស្រូវ និងការដាំដំណាំផ្សេងៗដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារថ្មីៗជូនប្រជាកសិករ ដែលជាកាលានុវត្តភាពដ៏មានសក្តានុពលសម្រាប់វិស័យកសិកម្ម-ផលិតកម្មក្នុងនោះគម្រោង AIMS បានដើរតួយ៉ាងសំខាន់។
លោកបានបន្ថែមថា៖ «កន្លងមកថ្មីៗនេះ ដោយមើលឃើញពីភាពសហប្រតិបត្តិការបានល្អ គម្រោងអេមស៍ និងផ្សារម៉ាក្រូបានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នានេះឡើង ព្រោះយើងមានគោលដៅសំខាន់ៗរួមគ្នា»។
ចំពោះគោលដៅទាំងនោះរួមមាន៖ បង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈគូភាគី កំណត់រកឱកាសសម្រាប់សកម្មភាពសហការគ្នា និងកម្មវិធីនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់គូភាគីបង្កើតឱកាសសហការដែលបានកំណត់ ស្របទៅតាមគោលដៅ អត្ថប្រយោជន៍ និងគំរូអាជីវកម្មសំខាន់ៗរបស់ភាគីនីមួយៗធ្វើជាដៃគូយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈម និងនិរន្តរភាពនៅក្នុងបរិបទនៃផលិតកម្មកសិពាណិជ្ជកម្ម ផលិតផលកែច្នៃក្នុងស្រុក ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងបញ្ហាទីផ្សារ។
លោកថា៖ «ការងារនេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយរវាងភាគីទាំង ២ នៅជំហានជាយុទ្ធសាស្ត្របន្ទាប់ទៀត ភាគីទាំង ២ ត្រូវពង្រីកកិច្ចសហប្រតិបត្តិការលើផលិតផលកសិពាណិជ្ជកម្មសក្តានុពលអង្ករ ក៏ដូចជាផលិតផលដែលគម្រោងនឹងពង្រីកវិសាលភាពអនុវត្ត និងផលិតផលសម្រេចរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាផ្សេងៗទៀត ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម»។
គួរបញ្ជាក់ថា គម្រោង AIMS គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម គម្រោងនេះដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយវិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិពាណិជ្ជកម្ម និងទីផ្សារដោយប្រតិបត្តិការនៅ ១៨ ខេត្ត និងអន្តរាគមន៍លើខ្សែច្រវាក់តម្លៃទំនិញពាណិជ្ជចំនួន ៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។
រយៈពេល ៣ ខែចុងក្រោយនេះ ក្រុមការងារគម្រោង AIMS នៅការិយាល័យមណ្ឌលភូមិភាគពាយព្យ ជាពិសេសក្រុមការងារគម្រោងខេត្តសៀមរាបបានសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមកសិករដាំបន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ស្រែជាមួយនឹងផ្សារម៉ាក្រូដែលទទួលបាននូវសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ហើយផ្សារម៉ាក្រូខេត្តសៀមរាបបានទទួលទិញបន្លែសុវត្ថិភាពពីក្រុមកសិករផលិតរបស់គម្រោងអេមស៍ចំនួន ៤ ៣២០ គីឡូក្រាម និងបានទិញមាន់ស្រែចំនួន ១៥៦ គីឡូក្រាម។ ដោយឡែកផ្សារម៉ាក្រូនៅភ្នំពេញវិញបានទទួលទិញបន្លែពីក្រុមកសិករផលិតនៅការិយាល័យមណ្ឌលភូមិភាគបូព៌ា និងឦសាន ពិសេសក្រុមកសិករផលិតនៅខេត្តកំពង់ចាម៕