ភ្នំពេញៈ ​ផ្សារ​រាត្រី​កុង​តឺ​ន័រ​ (Jet’s Container Night Market) ដ៏ល្បី​នៅ​កណ្តាល​ទី​​ក្រុង​ភ្នំ​ពេញ​ទី​​បំ​ផុត​ត្រូវ​បាន​បិទ​ជា​ស្ថា​ពរ​ហើយ ​ខណៈ​តំ​ណាង​ក្រុម​ហ៊ុន​វិ​និ​យោគ​អះ​អាង​ថា ​ដោយ​សារ​តម្លៃ​ជួល​​ដី​​កើន​ឡើ​ង​ខ្ពស់​ និង​មាន​​បញ្ហា​មួយ​ចំ​នួន​។

ផ្សារ​រាត្រី​កុង​តឺ​ន័រ​ ដែល​មាន​ទី​តាំង​ក្បែរ​ស្ថាន​ទូត​រុស្ស៊ី​​ត្រូវ​បាន​រើ​​ចេញ​ស្ទើរ​អស់​ទៅ​ហើយ​គិត​មក​ដល់​ពេល​នេះ​។​

Jet’s Container Night Market គឺ​ជា​ផ្សារ​រា​ត្រី​កុង​តឺ​ន័រ​​ធំ​ជាង​គេ​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ដែល​បាន​បើក​ដំ​ណើរ​ការ​កាល​ពី​ជាង​ ២ ​ឆ្នាំ​មុន ​ដោយ​មាន​ហាង​លក់​ម្ហូប​អាហារ ​ភេសជ្ជៈ និង​​វត្ថុ​អនុ​ស្សា​វរីយ៍​ ចន្លោះ​ពី​ ២០០-៣០០ ​ហាង​​តូប​។

លោក ​ឆាយ ​សុភ័ណ្ឌ ​ប្រធា​ន​​គ្រប់​គ្រង​គម្រោង​របស់​ផ្សារ​រាត្រី​​ កុង​តឺ​ន័រ​ Jet’s Container Night Market បាន​និ​យាយ​ថា​ ដោយ​សារ​តែ​កិច្ច​សន្យា​​ជួល​ដី​ត្រូវ​​អស់ ស្រប​ពេល​ម្ចាស់​ដី​ដំ​ឡើង​ថ្លៃ និង​មាន​បញ្ហា​ក្នុង​ការ​សុំ​​ច្បាប់​មួយ​ចំ​នួ​ន​នោះ ​ក្រុម​ហ៊ុន​ក៏​​បាន​សម្រេច​​បិទ​តែ​ម្តង​។

លោក​ថ្លែង​ថា៖​ «​​តម្លៃ​ជួល​ដី​ អាច​និ​យាយ​ថា​ ជា​ហេតុ​ផល​ចម្បង ​​​ដែល​មិន​អាច​អនុ​ញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​បន្ត​ដំ​ណើរ​ការ​​បាន​ត​ទៅ​ទៀត»​។

ទោះ​បី​យ៉ាង​នេះ​ក្តី​មុន​ពេល​បិទ ​គេ​សង្កេត​ឃើញ​ថា​ សកម្ម​ភាព​​អា​ជីវ​កម្ម​ហាង​លក់​រាយ​នៅ​​ទី​នោះ​បាន​បិទ​ទ្វារ​បណ្តើរ​ៗ​តាំង​​ពី​ប៉ុន្មាន​ខែ​មក​ម៉្លេះ​ ​ខណៈ​ហាង​​ដែល​នៅ​ដំ​ណើរ​ការ​ពុំ​​មាន​​អ​តិ​ថិ​ជន​។​

ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​​ឃើញ​មាន​ក្រុម​កម្មករ ​រ​ថ​យន្ត​ដឹក​ទំ​និញ ​និង​រថ​យន្ត​ស្ទូច​​កំ​ពុង​ធ្វើ​ការ​​រុះ​រើ​ទី​តាំង​ខាង​លើ​យ៉ាង​សកម្ម​។

លោក​ សុភ័ណ្ឌ បាន​បន្ត​ថា​៖​ «​ក្រុម​​ហ៊ុន​កំ​ពុង​រុះ​រើ​សម្ភារ ​ដែល​មាន​ក្នុង​ទី​តាំង​ខាង​លើ ​យក​ទៅ​​ទុក​នៅ​​តំ​បន់​​វិ​ហារ​សួគ៌​ដែល​ជា​ទី​តាំង​ផ្ទាល់​របស់​ក្រុម​ហ៊ុន ​ខណៈ​ក្រុម​ហ៊ុន​មាន​ផែន​ការ​​អភិ​វឌ្ឍ​តំ​បន់​វិ​ហារ​សួគ៌​​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​​ពា​ណិ​ជ្ជ​​កម្ម និង​កន្លែង​រស់​នៅ​ដ៏​ល្អ​ប្រក​ប​​ដោយ​ប្រ​ណីត​ភាព​បំ​ផុត​​»​​។​

បុគ្គ​លិក​ផ្នែក​​សន្តិ​សុខ​ម្នាក់ ​ដែល​ប្រ​ចាំ​ការ​នៅ​ទី​តាំង​ផ្សារ ​Jet’s Container Night Market បាន​ឲ្យ​ដឹង​ថា អាជី​វ​ករ​ដែល​ជួល​ទី​តាំង​ខាង​លើ​បាន​រើ​សម្ភារ​របស់​ខ្លួន​ចេញ​ប្រ​ហែល​ជិត​ ១ ​ខែ​មក​ហើយ ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ជូន​ដំ​ណឹង​ពី​ការ​បិទ​។​

លោក ​លី ​រតនៈ​អ្នក​គ្រប់​គ្រង​ហាង ​Beer Market ​បាន​ប្រាប់​ថា ​លោក​បាន​ជួល​ទី​តាំង​នេះ ​ក្នុង​កិច្ច​សន្យារ​យៈ​ពេល​​ ១ ​ឆ្នាំ ​ប៉ុន្តែ​បន្ទាប់​ពី​ចំ​ណាយ​ពេល​រៀប​ចំ​ហាង ​និង​បើក​លក់​បាន​ ៦-៧ ​ខែ​ ក្រុម​ហ៊ុន​ក៏​បាន​ជូន​ដំ​ណឹង​ពី​ការ​បិទ​តែ​ម្តង​​។​

នៅ​​មុន​​ជួល​ទី​តាំង​ខាង​លើ ​ក្រុ​ម​ហ៊ុន​​ប្រាប់​លោក​ថា ​ក្រុម​ហ៊ុន​បាន​បន្ត​កិច្ច​សន្យា​ជួល​ដី​ជា​មួយ​ម្ចាស់​ដី​រួច​រាល់​ហើយ​។​

លោក​ថ្លែង​ថា៖​«ហេតុ​ផល​ចម្បង​ដែល​ក្រុម​ហ៊ុន​ប្រាប់​ពី​ការ​​​បិទ​ផ្សារ គឺ​មាន​ការ​ប្តឹង​ពី​ស្ថាន​ទូត​រុស្ស៊ី ពី​សំ​ឡេង​រំ​ខាន​។ ការ​​​បិទ​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​ខាត​ប្រាក់​ជា​ច្រើន​»។​

លោក​ រតនៈ ​បាន​លើក​ឡើង​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ​លោក​ឮ​ព័ត៌​មា​ន​ថា ទី​តាំង​នេះ​នឹង​ត្រូវ​យក​ទៅ​អភិ​វឌ្ឍ​ជា​អគារ​លក់​ទំ​និញ​វិញ​ក្នុង​ពេល​ឆាប់​ៗ​។​

ប្រ​ភព​ព័ត៌​មាន​មួយ​​បាន​ឲ្យ​ដឹង​ថា ទី​តាំង​​ផ្សារ​រា​ត្រី​កុង​តឺ​ន័រ​ Jet’s Container Night Market មាន​ទំហំ​ជិត​ ២ ​ហិក​តា ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​រ៉ូ​យ៉ាល់​គ្រុ​ប ​របស់​លោក ​គិត ​ម៉េង​ ហើ​យ​ត្រូវ​បាន​​ក្រុម​ហ៊ុន Jet Group​ របស់​លោក ​ស្រី​ ចាន់​ថន ជួល​យក​មក​បើក​ជា​ផ្សារ​រាត្រី Jet’s Container Night Market។​

របាយ​ការណ៍​ស្រាវ​ជ្រាវ​តម្លៃ​អច​លន​ទ្រព្យ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ប្រ​ចាំ​ឆ​មាស​ទី​ ១ របស់​ក្រុម​​ហ៊ុន​អ​ច​ល​ន​ទ្រព្យ​ ឃី រៀល​​អុី​ស្ទេត ​បាន​ឲ្យ​ដឹង​​ថា តម្លៃ​​​អ​ច​ល​ន​ទ្រព្យ​ក្នុង​ទី​តាំង​ខាង​​លើ​មាន​តម្លៃ​ចន្លោះ​​ពី​ ៣,៥០០​ ដុល្លារ​ទៅ​ដល់ ​៦,០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​កា​រ៉េ​៕​LA