The Phnom Penh Post Search

Search form

ផ្សារ​លក់​ដុំ ម៉ាក្រូ បាន​បើក​ការ​ដ្ឋាន​សាងសង់​នៅ​កម្ពុជា

Content image - Phnom Penh Post
ការដ្ឋានសំណង់ សាងសង់ផ្សារ​លក់​ដុំ ម៉ាក្រូ នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ផ្សារ​លក់​ដុំ ម៉ាក្រូ បាន​បើក​ការ​ដ្ឋាន​សាងសង់​នៅ​កម្ពុជា

ភ្នំពេញៈ ផ្សារ​លក់​ដុំ​លំដាប់​អន្តរជាតិ​ឈ្មោះ​ថា ម៉ាក្រូ កម្ពុជា ដែល​ជា​ការ​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប របស់លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ របស់​ថៃ បាន​ចាប់​ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ ហើយ​គ្រោង​បញ្ចប់​រួចរាល់​ដើម្បី​ដំណើរការ​នៅ​ខែ​ធ្នូ​ខាង​មុខ​។

ផ្សារ​លក់​ដុំ​ស្តង់ដារ​អន្តរជាតិ​នេះ មាន​ទីតាំងនៅ​តំបន់​អភិវឌ្ឍន៍​ពោងពាយ របស់​លោក លី យ៉ុងផាត់ ដែល​ស្ថិត​នៅ​ជិត​ផ្សារ​ទំនើប​អ៊ីអន​ទី​ពីរ និង​ព័ទ្ធ​ជុំវិញ​ដោយ​សំណង់​លំនៅឋាន​ថ្មីៗ​ជាច្រើន​។ អគារ​ផ្សារ​ម៉ាក្រូ មាន​ផ្ទៃ​ក្រឡា​សរុប ១​ម៉ឺន​ម៉ែត្រ​ការ៉េ សាង​សង់​ឡើង​ក្នុង​ផ្ទៃដី​៥ ហិកតា ដែល​មាន​ទីធ្លា​អាច​ចត​រថយន្ត​បាន ៥០០ គ្រឿង​។

អ្នក​ស្រី Suchada Ithuarukul នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន ស៊ីយ៉ាមម៉ាក្រូ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ទីតាំង​ផ្សារ​លក់​ដុំ​កម្រិត​អន្តរជាតិ​នៅ​ភ្នំពេញ​នា​ពេល​នេះ​គឺជា​ឱកាស​ពាណិជ្ជកម្ម​ដ៏​ល្អ​ដោយ​សារ​ទីក្រុង​មាន​ការ​ពង្រីក​ខ្លួន​ជា​លំដាប់ រួម​ផ្សំ​នឹង​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​។ អ្នក​ស្រី​បន្ត​ថា អតិថិជន​គោលដៅ​របស់ ម៉ាក្រូ នឹង​មាន​ទាំង​អ្នក​លក់​រាយ តូចៗ អ្នក​លក់​ម្ហូប សណ្ឋាគារ និង ភោជនីយដ្ឋាន​នានា​។

តំណាង​ក្រុមហ៊ុន​ទាំងពីរ​មិន​អាច​បញ្ជាក់​ពី​ទឹក​ប្រាក់​វិនិយោគ និង​ភាគហ៊ុន​ក្នុង​កិច្ច​សហការ​នេះ​ទេ តែបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ស៊ីយ៉ាម ម៉ាក្រូ នៅ​ផ្សារ​ភាគហ៊ុន​ថៃ​កាលពី​ខែកញ្ញា គម្រោង​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​វិនិយោគ​បឋម​ក្នុង​ទឹក​ប្រាក់ ២ លាន​ដុល្លារ ដែល​ក្នុងនោះ​ក្រុមហ៊ុន អិលវ៉ាយភី មាន​ភាគ​ហ៊ុន ៣០ ភាគរយ ខណៈ ៧០ ភាគរយ​ទៀត​ជា​ចំណែក​របស់ ស៊ីយ៉ាម​ម៉ាក្រូ​។

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគា​ផ្សារ​កាលពី​ម្សិលមិញ​បញ្ជាក់​ថា គំរូ​អាជីវកម្ម​របស់​ផ្សារ​បោះ​ដុំ​នេះ នឹង​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​តម្រូវ​ការ និង​ការ​ផ្គត់ផ្គង់​ទំនិញ​បាន​ល្អ​ជាង​ផ្សារ​បែប​ប្រពៃណី​ដែល​មាន​ស្រាប់​។

លោក​ថ្លែង​ថា​៖ «​នៅ​ផ្សារ​ដែល​យើង​លក់​មិន​រៀបរយ​រាល់​ថ្ងៃ​នេះ ទិន្នន័យ​តម្រូវ​ការ​មុខ​ទំនិញ​គ្រប់គ្រង​មិនបាន​ល្អ ដូច្នេះ​ពេលខ្លះ​កើន​ច្រើន​ពេក មុខ​ទំនិញ​នោះ​ក៏​ចុះ​ថោក ហើយ​ពេល​ខ្វះ​មុខ​ទំនិញ​តិច វា​ធ្វើ​ឲ្យ​ឡើងថ្លៃ​ទៅ​»៕ BP

អត្ថបទគួរចាប់អារម្មណ៍