ភ្នំពេញៈ ផ្សារមូលបត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នូវ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ (MTS) តាម​អនឡាញ​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​វិនិយោគិន ជួញដូរ​មូលបត្រ​ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ដោយ​ប្រើប្រាស់​ស្មាតហ្វូន និង​ឧបករណ៍​ចល័ត​ផ្សេង​ទៀត​។

លោក Jong Weon Ha អគ្គនាយករង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយ​ថា ប្រព័ន្ធ​ជួញដូរ​ចល័ត​ (MTS) នេះ​នឹង​ជួយ​ធ្វើឲ្យ​ចំនួន​នៃ​ការជួញដូរ​មូលបត្រ​នៅ​កម្ពុជា​មាន​ចំនួន​កាន់តែ​ច្រើន​មាន​សុវត្ថិភាព និង​មាន​ភាព​ឆាប់រហ័ស​។

ប្រព័ន្ធ​ជួញដូរ​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ​នៅ​ថ្ងៃទី ​២៥ ខែ​មិថុនា​ហើយ​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​នេះ​វិនិយោគិន​ត្រូវ​មាន​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូលបត្រ​ណា​មួយ​ដែល​ជា​សមាជិក​របស់ CSX និង​បាន​ចុះ​ឈ្មោះ​ជាមួយ​ផ្សារហ៊ុន​កម្ពុជា​។

ប្រព័ន្ធ​ជួញដូរ​ចល័ត គឺជា​ប្រព័ន្ធ​ជួញដូរ​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ក្រោម​ការជួយ​គាំទ្រ​ពី​សំណាក់​ភ្នាក់ងារ​សហប្រតិបត្តិការ អន្តរជាតិ​កូរ៉េ ដោយ​ដំណើរការ​នៅ​លើ web browser ដែល​មាន​ស្រាប់​នៅលើ​ស្មាតហ្វូន និង​ថេប្ល៊ិត​។ ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ដាក់​ការបញ្ជា​ជួញដូរ កែប្រែ និង​លុបចោល​ការបញ្ជា​របស់​ខ្លួន​បាន​ដោយ​ខ្លួនឯង​។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៧ វិនិយោគិន​ដែល​បាន​ចុះឈ្មោះ​នៅ​គណៈកម្មការ​មូលបត្រ​កម្ពុជា​មាន​ចំនួន​ប្រមាណ​ ៩២០០ ​នាក់​។ ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​មាន​ប្រតិបត្តិការ​ប្រហែល ១៥ ០០០ និង​មាន​តម្លៃ​ប្រហែល ១៥ ០០០ ​ដុល្លារ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ ៥ ​ដែល​មាន​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​។ នេះ​បើ តាម CSX៕LA