ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ​បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​ផែនការ​រឹតបន្តឹង​បទប្បញ្ញត្តិ​របស់​ផ្សារភាគហ៊ុន​អាមេរិក Nasdaq Inc លើ​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) នឹង​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​ដល់​ក្រុមហ៊ុន​ចិន​ក្នុង​ការចុះបញ្ជី​នៅលើ​ផ្សារហ៊ុន​មួយ​នេះ ដែល​វា​នឹង​បង្កើត​ឱកាស​សម្រាប់​ផ្សារហ៊ុន​ផ្សេងទៀត​រួមទាំង​កម្ពុជា​។

កាលពី​ថ្ងៃ​ចន្ទ Reuters បាន​រាយការណ៍​ថា ភាពតានតឹង​កាន់តែ​ខ្លាំង​រវាង​អាមេរិក និង​ចិន​បាន​ជំរុញ​ឲ្យ​បញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា ការរាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការទប់ស្កាត់​ថ្មីៗ​របស់​ផ្សារហ៊ុន Nasdaq លើ IPO របស់​ក្រុមហ៊ុន​ចិន បានបង្ហាញ​ការផ្ទុះ​ឡើង​អរិភាព​ចុងក្រោយ​បំផុត​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​ ២​។

ទីភ្នាក់ងារ​ព័ត៌មាន​បាន​ដកស្រង់​សម្តី​ថា ការ​រឹតបន្តឹង​ស្ដង់ដា​ចុះបញ្ជី​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​ការបារម្ភ​របស់​ប្រតិបត្តិករ​ផ្សារហ៊ុន​មួយ​នេះ​អំពី​ក្រុមហ៊ុន​ចិន​មួយចំនួន​ដែល​ស្វែងរក​ការធ្វើ IPO នៅ​ផ្សារហ៊ុន​អាមេរិក​។

លោក Jong Weon HA អនុប្រធាន CSX បាន​ឲ្យ​ដឹងថា​នឹង​មាន​ក្រុមហ៊ុន​របស់​ចិន​កាន់តែ​ច្រើន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ផ្សេងទៀត​ក្រៅ​អាមេរិក​។ នេះ​អាចជា​ឱកាសល្អ​សម្រាប់​ផ្សារហ៊ុន​ផ្សេងទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​ជា​ឱកាស​មួយ​សម្រាប់​ផ្សារហ៊ុន​របស់​យើង ក្នុងការ​ចុះបញ្ជី​ក្រុមហ៊ុន​ដែលមាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ដែល​រួមមាន​ក្រុមហ៊ុន​របស់​ចិន និង​ក្រុមហ៊ុន​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​នៅ​ប្រទេស​កម្ពុជា​។ យើង​នឹងមាន​ផលិតផល​កាន់តែ​ច្រើន​សម្រាប់​ក្រុម​វិនិយោគិន និង​បង្កើន​សកម្មភាព​ជួញដូរ ឬ​សន្ទនីយភាព​ទីផ្សារ​»៕ LA