The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្សារហ៊ុន​របស់​អាស៊ី​ មាន​លទ្ធផល​ចម្រុះ

ផ្សារហ៊ុន​របស់​អាស៊ី​ មាន​លទ្ធផល​ចម្រុះ

Content image - Phnom Penh Post
អេក្រង់​បង្ហាញ​តម្លៃ​ភាគហ៊ុន​របស់​ផ្សារហ៊ុន​ក្រុង​តូក្យូ​។ រូបថត AFP

ផ្សារហ៊ុន​របស់​អាស៊ី​ មាន​លទ្ធផល​ចម្រុះ

ក្រុងហុងកុងៈ ទីផ្សារ​ភាគហ៊ុន​អាស៊ី​មាន​លទ្ធផល​ចម្រុះ​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​បាន​ងាក​ចេញពី​តំបន់​មជ្ឈិមបូព៌ា​ទៅកាន់​ចក្ខុវិស័យ​សេដ្ឋកិច្ចពិភពលោក និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​គ្រោង​ធ្វើឡើង​នៅ​សប្តាហ៍​នេះ​រវាង​អាមេរិក និង​ប្រទេស​ ចិន​។

សន្ទស្សន៍ហ៊ុន​របស់​ផ្សារហ៊ុន​ធំ​ទាំង​ ៣ ​របស់​សហរដ្ឋអាមេរិក​បានបញ្ចប់​នៅ​ដែន​អវិជ្ជមាន​បន្ទាប់​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី ហើយ​ការលក់​ភាគហ៊ុន​ចេញ​ដើម្បី​ប្រាក់ចំណេញ​ក៏​ដើរតួនាទី​សំខាន់​ផងដែរ​នៅក្នុង​ការធ្លាក់ចុះ​នេះ​។

ទោះបីជា​យ៉ាងណា​ក្រុមអ្នកវិភាគ​បាន​ចង្អុល​បង្ហាញ​ថា បើទោះ​ជា​ទិន្នន័យ​ស្តីពី​ការងារ​នៅ​អាមេរិក​ខុស​ការ​ព្យាករ​ក្តី វា​ពិតជា​បាន​បង្ហាញថា ធនាគារកណ្តាល​អាមេរិក​នឹង​ទំនង​ជា​រក្សា​អត្រា​ការប្រាក់​នៅ​កម្រិត​ទាប​សម្រាប់​រយៈពេល​ខាងមុខ ដោយ​អ្នកវិភាគ​មួយចំនួន​បានលើក​ឡើង​ថា វិធានការ​លើក​ក្រោយ​អាច​នឹង​មាន​ការទម្លាក់​អត្រា​ការប្រាក់​។

នៅក្នុង​ការជួញដូរ​នៅពេល​ព្រឹក សន្ទស្សន៍ហ៊ុន​របស់​ផ្សារហ៊ុន​ក្រុង​ហុងកុង​បាន​កើនឡើង ០,២​ ភាគរយ សន្ទស្សន៍ហ៊ុន​របស់​ផ្សារហ៊ុន​សិង្ហបុរី​កើនឡើង ០,១ ​ភាគរយ សន្ទស្សន៍ហ៊ុន​របស់​ផ្សារហ៊ុន​ក្រុង​សេអ៊ូល​បាន​កើនឡើង ០,៦ ភាគរយ ហើយ​សន្ទស្សន៍ហ៊ុន​របស់​ផ្សារហ៊ុន​ក្រុង​ហ្សាការតា​បាន​កើនឡើង ០,២ ​ភាគរយ​។

សន្ទស្សន៍ហ៊ុន​របស់​ផ្សារហ៊ុន​ក្រុង​តៃប៉ិ​បាន​កើនឡើង​ ០,៤ ​ភាគរយ​ បន្ទាប់ពី​លោកស្រី Tsai Ingwen បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ភ្លូកទឹកភ្លូកដី​កាលពី​ចុង​សប្តាហ៍​មុន​សម្រាប់​អាណត្តិ​ទី​ ២ របស់​លោកស្រី​ដោយ​វិនិយោគិន​សាទរ​ចំពោះ ការ​ជម្រុះ​ចោល​ភាពមិនប្រាកដប្រជា​ដែល​បង្កឡើង​ដោយសារ​ការបោះឆ្នោត​។

ក្នុងចំណោម​ផ្សារហ៊ុន​ផ្សេងទៀត សន្ទស្សន៍ហ៊ុន​របស់​ផ្សារហ៊ុន​ក្រុង​ស៊ាងហៃ​បាន​ធ្លាក់ចុះ ០,៤ ភាគរយ សន្ទស្សន៍ហ៊ុន​របស់​ផ្សារហ៊ុន​ក្រុង​ស៊ីដនី​បាន​ធ្លាក់ចុះ ០,៦ ​ភាគរយ ហើយ​សន្ទស្សន៍ហ៊ុន​របស់​ផ្សារហ៊ុន​ក្រុង​វែលីងតោន​បាន​ធ្លាក់ចុះ ០,២ ​ភាគរយ​។ សន្ទស្សន៍​ហ៊ុន​របស់​ផ្សារហ៊ុន​ក្រុង​តូក្យូ​បាន​បិទទ្វារ​ដោយសារ​ថ្ងៃ​ឈប់សម្រាក​៕ KC

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។