ក្រុងហុងកុងៈ ផ្សារហ៊ុន​អាស៊ី​បាន​ធ្លាក់ចុះ​ជាថ្មី​កាលពី​ថ្ងៃ​អង្គារ​ដែល​បន្ត​លក់​ចេញ​ភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក ខណៈ​ដែល​ចំនួន​អ្នកស្លាប់​ដោយសារ​តែ​ការរីករាលដាល​យ៉ាង​រហ័ស​នៃ​វីរុស​ក្នុងប្រទេស​ចិន​បាន​កើនឡើង​ដល់​ជាង ១០០ នាក់ និង​រាប់ពាន់នាក់​ឆ្លង​ជំងឺ​ស្រប​ពេលដែល​ក្រុម​វិនិយោគិន​បារម្ភ​ពី​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ពិភពលោក​ដែល​ចុះខ្សោយ​រួច​ទៅ​ហើយ​នោះ​។

ពាណិជ្ជករ​កំពុង​គេចចេញ​យ៉ាង​រហ័ស ខណៈ​ដែល​កូរ៉ូណា​វីរុស​ត្រូវបាន​រាយការណ៍​ថា បាន​កើត​មាន​ក្នុងប្រទេស​ជាច្រើន​ស្រប​ពេល​ដែល​ប្រេង​ក៏​ធ្លាក់​ថ្លៃ​ផងដែរ​ដោយសារ​ការរំពឹង​ថា​តម្រូវការ​នៅ​ចិន​ដែល​ជា​ប្រទេស​ប្រើប្រាស់​ប្រេង​ឈានមុខ​គេ​របស់​ពិភពលោក​នឹងត្រូវ​បាន​រង​ប៉ះពាល់​។

ក្រុមអ្នកវិភាគ​បាន​ឲ្យ​ដឹងថា មាន​ការបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថា វិបត្តិ​នេះ​អាច​អាក្រក់​ដូច​ការផ្ទុះ​ជំងឺ SARS ដែល​បាន​ដាក់​សម្ពាធ​លើ​ទីផ្សារ និង​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ ១៧ ​ឆ្នាំ​មុន​។

សន្ទស្សន៍ «​ភ័យខ្លាច​» VIX ដែល​វាស់វែង​ការប្រែប្រួល​ទីផ្សារ​បាន​កើនឡើង ១ ភាគ ៤ កាលពី​ថ្ងៃ​ចន្ទ​ដល់​កម្រិត​ខ្ពស់បំផុត​របស់​ខ្លួន​គិត​ចាប់​តាំងពី​ខែ​តុលា​ជា​ពេល​ដែល​ក្រុម​វិនិយោគិន​មាន​ការបារម្ភ​អំពី​ការចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក​។

វិបត្តិ​នេះ​កើតឡើង ខណៈ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​បង្ហាញ​សញ្ញា​ស្ថិរភាព បន្ទាប់ពី​ការថមថយ​ល្បឿន​កំណើន​រយៈពេល​យូរ​។

លោក Stephen Innes បម្រើការ​នៅ​ក្រុមហ៊ុន AxiCorp បាន​ថ្លែងថា​៖ «​ដោយសារ​ថា​ប្រទេស​ចិន​បាន​បង្កើន​តួនាទី​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​នោះ ទីផ្សារ​នេះ​បន្ត​ជួប​ប្រទះ​ករណី​អាក្រក់​បំផុត ដែល​ជា​សេណារីយោ​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន​»​។

លោក​ថ្លែងថា​៖ «​សម្រាប់​ផ្នែក​ច្រើន​បំផុត ពាណិជ្ជករ​កំពុង​ធ្វើ​រឿង​ដោយ​ងងឹតងងល់​ដែល​មិនដឹង​អ្វី​សោះ​អំពី​ភាពជំពាក់ជំពិន​ជាក់ស្ដែង​របស់ (​វីរុស​នេះ​) សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​»​។ លោក​បន្ថែម​ថា​៖ «​នៅ​តែ​មាន​ការគិត​កាន់​តែ​ខ្លាំង​នៅក្នុង​ទីផ្សារ​នេះ​ថា កម្រិត​ការឆ្លង​អាច​កាន់តែ​អាក្រក់​មុនពេល​មាន​ភាពប្រសើរ​ឡើងវិញ​»​។

នៅក្នុង​ការជួញដូរ​ពេលព្រឹក សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​សេអ៊ូល​បាន​ធ្លាក់ចុះ​ជាង ៣ ​ភាគរយ និង​សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​សិង្ហបុរី​បាន​ធ្លាក់ចុះ​ជាង ២ ភាគរយ ខណៈ​ដែល​សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​ស៊ីដនី​បាន​ធ្លាក់ចុះ ១,៤ ភាគរយ ខណៈ​ដែល​ក្រុម​វិនិយោគិន​នៅក្នុង​ទីផ្សារ​ទាំងនោះ​បាន​វិលត្រឡប់​មកពី​ការឈប់​សម្រាក​រយៈពេល​វែង​របស់​ពួកគេ​។

សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​ម៉ានីល​បាន​ធ្លាក់ចុះ​ជាង ១ ​ភាគរយ ខណៈ​ដែល​សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​វែលីងតោន​បាន​ធ្លាក់ចុះ ០,៩​ ភាគរយ ហើយ​សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​តូក្យូ​បាន​ធ្លាក់ចុះ​ ០,៩ ​ភាគរយ​។

ការខាតបង់​បាន​កើតមាន​បន្ទាប់ពី​មានការ​លក់​ចេញ​ដ៏ច្រើន​នៅ​ផ្សារហ៊ុន​នៅ​អឺរ៉ុប និង​នៅ​ក្រុង​ញូវយ៉ក​។

លោក Alec Young បម្រើ​ការងារ​នៅ​ក្រុមហ៊ុន FTSE Russell មាន​ប្រសាសន៍​ថា​៖ «​នៅពេលនេះ នេះ​គឺជា​ការលក់​ចេញ​សិន ហើយ​ចាំ​សាកសួរ​អំពី​ស្ថានភាព​នៅពេល​ក្រោយ​»​។ លោក​បន្តថា​៖ «​ទីផ្សារ​មិន​ចូលចិត្ត​ភាព​មិន​ពិតប្រាកដ ហើយ​កូរ៉ូណាវីរុស គឺជា​ភាព​មិន​ពិតប្រាកដ​ចុងក្រោយ​។ មិនមាន​នរណាម្នាក់​ដឹងថា តើ​វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ខ្លាំង​កម្រិតណា​នោះទេ​»៕ LA