ក្រុមហ៊ុន Smile Shop App ដែលជា​ផ្សារ​ទំនើប​អនឡាញ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការផ្តល់ជូន​នូវ​កញ្ចប់​ម្ហូបអាហារ គ្រឿងទេស ត្រី​សាច់ស្រស់ៗ​ដឹក​ជូន​អតិថិជន​បាន​ទាំង​តំបន់ ក្រហម លឿងទុំ និង​លឿង​ដល់ទី​កន្លែង​នៅក្នុង​តំបន់​ដែល​បាន​កំណត់។

ការចុះ MoU នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​វីដេអូ​ដែល​ចុះហត្ថលេខា​រវាង​តំណាង​ក្រសួង​ពាណិជ្ជកម្ម និង លោក Jack Lee ពាណិជ្ជករ​ជនជាតិ​ចិន ជា​សហស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Smile Shop កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី ១ ខែឧសភា។

លោក Jack Lee បាន​ស្ងើចសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចំណាយ​អស់​ទាំង​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ក្នុង​ការនាំមក​នូវ​សុខសន្តិភាព ការអភិវឌ្ឍ​ដល់​សង្គម​កម្ពុជា​រហូត​មកដល់​សព្វថ្ងៃនេះ។

លោក Jack Lee ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ផ្តល់នូវ​កិច្ចសហការ ការផ្តល់​នូវ​អនុសាសន៍​ល្អៗ និង​ការគាំទ្រ​យ៉ាង​ពេញលេញ​ដល់​ក្រុមហ៊ុន Smile Shop ឲ្យ​បាន​ចូលរួម​សកម្មភាព​ជាមួយ​ក្រសួង​ក្នុង​អំឡុងពេល​បិទខ្ទប់​នេះ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​នឹង​បើក​លទ្ធភាព​បន្ថែមទៀត​ដល់​ផ្សារ​អនឡាញ Smile Shop ចូលរួម​ដោះស្រាយ​ស្ថានភាព​លំបាក​ដែល​បងប្អូន​ប្រជាជន​យើង​កំពុងតែ​ជាប់​នៅក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ។ ក្រុមហ៊ុន Smile Shop និង​ផ្តល់ជូន​នូវ​កញ្ចប់​ម្ហូបអាហារ គ្រឿងទេស ត្រី​សាច់ស្រស់ៗ​ដឹក​ជូន​អ្នក​បាន​ទាំង​តំបន់​ក្រហម លឿងទុំ និង​លឿង​ដោយ​ដឹកជញ្ជូន​ម្ហូបអាហារ​ទាំងនោះ​ទី​ដល់​ទីកន្លែង​នៅក្នុង​តំបន់​ដែល​បានកំណត់»។

«យើង​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ផ្សារ​អនឡាញ Smile Shop នឹងចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​បងប្អូន​ក្នុង​តំបន់​បិទខ្ទប់​ឲ្យ​បាន​គ្រប់គ្រាន់​​ និង​ធានា​នូវ​ហានិភ័យ​ឆ្លង​នូវ​ជំងឺផ្សេងៗ ជាពិសេស​គឺ​ចូលរួម​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ដែល​រាល់​អតិថិជន​ទាំងអស់​ធ្វើការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ឡើយ (Cashless payment)»។ នេះ​បើ​យោងតាម​ការថ្លែង​អះអាង​របស់លោក Lee។

កាលពី​ថ្ងៃទី ២៦ ខែមេសា ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ចុះ​ MoU ជាមួយ​ផ្សារ​ទំនើប Aeon Mall ផ្សារ​ទំនើប Makro និង​ក្រុមហ៊ុន​ វីរៈ ប៊ុនថាំ អេចប្រេស ដើម្បី​បញ្ចេញ​ទំនិញ​ឧបភោគបរិភោគ​ចាំបាច់​លក់​នៅ​តំបន់​បិទខ្ទប់ (តំបន់​ក្រហម) ដើម្បី​រក្សា​តម្លៃ​ទំនិញ និង​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ទំនិញ​នៅលើ​ទីផ្សារ​ក្នុង​អំឡុងពេល​បិទខ្ទប់​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្តកណ្តាល)។

ការចូលរួម​ពី​វិស័យ​ឯកជន​នេះ ត្រូវ​បាន​ធ្វើឡើង​ស្របពេល​ក្រសួង​ពាណិជ្ជកម្ម​បានដាក់​ឲ្យ​ដំណើរការ​ទីផ្សា​អនឡាញ (shop.moc.gov.kh) កាលពី​ថ្ងៃទី ២១ មេសា​កន្លងមក។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​បង្ហាញថា ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ សកម្មភាព​នៃ​ការដាក់​ស្តង់​លក់​ស្បៀង​របស់​ក្រសួង​ពាណិជ្ជកម្ម​នៅ​តំបន់​ក្រហម និង​លឿងទុំ សម្រេច​បាន​អង្ករ ចំនួន ៣ ៣៣១ បាវ មី(ជាតិ) ចំនួន ៩ ៦៦៥ កេះ ត្រីខ ៥៥២៤ យួរ ទឹកត្រី ចំនួន ២ ៨៥៣ យួរ ទឹកស៊ីអីវ ចំនួន ២ ៨២៣ យួរ ទឹក​សុទ្ធ ២៩២ កេះ ព្រមទាំង​ផលិតផល​មួយចំនួន​ទៀត​ដូចជា ប្រេងខ្យង និង​ឆៃពៅ ជាដើម។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ ខែមេសា​នេះ​ថា​គ្រឿង​ឧបភោគបរិភោគ​ដែល​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​ដាក់លក់​នៅ​តំបន់​បិទខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​នៅពេលនេះ គឺ​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ។ ការដាក់​លក់​នេះ គឺ​ប្រជាជន​អាចមក​ទិញ​ផ្ទាល់ ឬ​តាម​ការបញ្ជាទិញ​តាម​អនឡាញ ដោយ​ក្រសួង​ក៏មាន​សេវា​ដឹកជញ្ជូន​ទៅដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ផងដែរ។

បើ​យោងតាម​លោក Lee ក្រុមហ៊ុន Smile Shop បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ផ្តល់នូវ​ទីផ្សារ អនឡាញ យ៉ាង​ទូលំទូលាយ​ដល់​ប្រជាកសិករ ដើម្បី​ដាក់លក់​ផលិតផល​ក្នុង​ស្រុក​នៅលើ​ទីផ្សារ​អេឡិចត្រូនិក (E-Commerce) ដើម្បី​បង្កើន​ការប្រើប្រាស់​កាន់តែខ្លាំង​ទាំង​នៅក្នុង​ស្រុក និង​ទីផ្សារ​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​នោះ​គឺ​ទីផ្សារ​ប្រទេស​ចិន៕