ភ្នំពេញ: ស្ត្រី​ខ្មែរ​ ២ ​រូប ដែល​បង្កើត​កម្មវិធី​ទីផ្សារ​អេឡិចត្រូនិក​ថ្មី​មួយ​ «WeMall»​ ដែល​បច្ចុប្បន្ន​មាន​ផលិតផល​ជាង​ ៦០០ ​ប្រភេទ​ដាក់លក់​ និង​ទើបនឹង​ឈាន​ជើង​ចូល​ទីផ្សារ​អេឡិចត្រូនិក​ដែល​កំពុង​រីកចម្រើន​របស់​កម្ពុជា​បាន​ប្តេជ្ញា​លើកស្ទួយ ផលិតផល​ក្នុងស្រុក​។

WeMall ត្រូវ​បាន​បង្កើតឡើង​ដោយ​ស្ត្រី​ខ្មែរ​ ២ ​រូប​គឺ​កញ្ញា ទូច សុជាតិតា និង​អ្នកស្រី ហ៊ាង អូមួយ ដែល​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​ ១ ខែ​ សីហា ឆ្នាំ​ ២០២០​។

កញ្ញា ទូច សុជាតិតា សហស្ថាបនិក WeMall ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបង្កើត​ទីផ្សារ​អេឡិចត្រូនិក​ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​ផលិតផល​ក្នុង​ស្រុក​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ពិសេស​ជំរុញ​ការលើក​កម្ពស់​ផលិតផល​ដែល​ផលិត​ដោយ​ស្ត្រី​ខ្មែរ​។

កញ្ញា​ថ្លែងថា​៖ «​សព្វថ្ងៃ​យើង​ចង់​ធ្វើ​យ៉ាងណា​ឲ្យ​ផលិតផល​ក្នុង​ស្រុក​របស់​យើង​មាន​ទីផ្សារ​ល្អ ដូច្នេះ​ការដាក់​លក់​ផលិតផល​ក្នុង​ផ្សារ​អេឡិចត្រូនិក​របស់​យើង​នឹង​ងាយស្រួល​ស្វែងរក​»​។

ផ្សារអេឡិចត្រូនិក​នេះ​មាន​តាំងលក់​ផលិតផល​ក្នុងស្រុក​សុទ្ធ​ជាង ៦០០ ​ប្រភេទ​រាប់​ចាប់​តាំងពី​ផលិតផល​ពី​សិប្បកម្ម​ពី​ឫស្សី គ្រឿង​ចម្លាក់​ពី​លោហធាតុ គ្រឿងអលង្ការ ហូល​ផាមួង ស្បែកជើង និង​កាបូប ជាដើម​ដែល​បាន​តាំង​លក់​លើ​គេហទំព័រ WeMall.shop​។

កញ្ញា​កត់សម្គាល់​ថា ផលិតផល​ខ្មែរ​មាន​គុណភាព​មិន​ចាញ់​ផលិតផល​នាំចូល​ពី​បរទេស​ប៉ុន្មាន​នោះទេ ប៉ុន្តែ​អ្វី​ដែលជា​ឧបសគ្គ​សម្រាប់​អតិថិជន​គឺ​ការពិបាក​រក​ទិញ​ផលិតផល​ទាំងនោះ​។

កញ្ញា​និយាយ​ថា​៖ «​ខ្ញុំ​ឃើញថា ការទិញ-លក់​ទំនិញ​តាម​អនឡាញ​មាន​ការកើនឡើង​យ៉ាងខ្លាំង​។ យើង​ជឿថា​ការដាក់​ផលិតផល​លក់​នៅលើ​ផ្សារ​អេឡិចត្រូនិក​នឹង​មាន​ការគាំទ្រ​ច្រើន​ពី​អ្នកទិញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​យើង​សង្ឃឹមថា ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​​ ផុតរលត់​ទៅ​នឹង​មាន​ការបញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​ផង​ដែរ​»​។

អ្នកស្រី ដេន ម៉ាស់ ប្រធាន​សមាគម​សិប្បកម្ម​ភូមិ​ចម្លាក់​ប្រាក់ និង​ជា​ម្ចាស់​អាជីវកម្ម ដេន ម៉ាស់ សិប្បកម្ម​ធ្វើ​ដោយ​ដៃ​ស្ថិត​នៅក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល​ដែល​មាន​ផលិតផល​តាំង​លក់​ក្នុង WeMall និយាយ​ថា​ផ្សារ​អេឡិចត្រូនិក​នេះ​នឹង​ជួយ​ពង្រីក​ទីផ្សារ​ឲ្យ​ផលិតផល​របស់​អ្នកស្រី​។

អ្នកស្រី​បន្តថា គ្រឿង​ចម្លាក់​ពី​ស្ពាន់ និង​ប្រាក់​មាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​នៅ​ប្រទេស​ថៃ រីឯ​អតិថិជន​ក្នុង​ស្រុក​មិន​ច្រើន​នោះទេ​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ឲ្យ​កាន់តែ​ច្រើន​»៕ LA